ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zuckerberg នៃ​ក្រុមហ៊ុន Facebook សុំ​អភ័យទោស​ចំពោះ​ការ​បញ្ចេញ​ព័ត៌មាន​អំពី​អ្នក​ប្រើប្រាស់


លោក Mark Zuckerberg ជួប​ជាមួយ​នឹង​ក្រុម​សហគ្រិន និង​អ្នក​ច្នៃ​ប្រឌិត​ នៅ​ក្នុង​ក្រុង St. Louis កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Mark Zuckerberg ជួប​ជាមួយ​នឹង​ក្រុម​សហគ្រិន និង​អ្នក​ច្នៃ​ប្រឌិត​ នៅ​ក្នុង​ក្រុង St. Louis កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

សហស្ថាបនិកនិង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បណ្តាញ​សង្គម Facebook លោក Mark Zuckerberg បាន​សុំ​អភ័យទោស​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ក្នុង​ទំព័រ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​សន្លឹក​ពេញ​លើ​កាសែត​ល្បីៗ​របស់​អង់គ្លេស​និង​អាមេរិក​ចំពោះ​ការ​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​ចិត្ត​ខ្លាំង​ទៅ​លើ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដ៏​ធំ​មួយ​នេះ ដែល​បាន​បញ្ចេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ Facebook រាប់​លាន​នាក់។

លោក Zuckerberg មិន​បាន​លើកឡើង​ពី​ក្រុមហ៊ុន​ Cambridge Analytica ​របស់​អង់គ្លេសដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ប្រើប្រាស់​ទិន្នន័យ​ទាំង​នោះ​ទេ។ ​ក្រុមហ៊ុន Cambridge Analytica ដែល​ជា​ក្រុមហ៊ុន​ប្រមូល​ទិន្នន័យ​អំពី​អ្នក​បោះឆ្នោត បាន​ទទួល​ព័ត៌មាន​ទាំង​នោះ​ពី​អ្នក​ស្រាវជ្រាវ​អង់គ្លេស លោក Alexsandr Kogan ដែល​ត្រូវ​បាន​ក្រុមហ៊ុន Facebook ​អនុញ្ញាត​ឲ្យ​លោក​ប្រមូល​ទិន្នន័យ​ទាំង​នោះ សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​មួយ។ ​

ក្រុមហ៊ុន Cambridge Analytica ត្រូវ​បាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាល​ពី​ឆ្នាំ​២០១៦ ផ្តល់​ប្រាក់​ឲ្យ​ចំនួន​៦លាន​ដុល្លារ​ដើម្បី​ចងក្រង​ទិន្នន័យ​អំពី​ប្រវត្តិ​របស់​អ្នក​បោះឆ្នោត។​

លោក Zuckerberg បាន​និយាយ​នៅ​ក្នុង​ទំព័រ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​ថា «មាន​ការ​បាត់បង់​ជំនឿ​ចិត្ត ហើយ​ខ្ញុំ​សុំ​អភ័យទោស​ដែល​យើង​មិន​បាន​ធ្វើ​ឲ្យ​ល្អ​ជាង​នេះ​កាល​ពី​ពេល​នោះ» នៅ​ពេល​ដែល​លោក Kogan បាន​ផលិត​កម្មវិធី app ដែល​អ្នក​ប្រើប្រាស់ Facebook ចំនួន ២សែន​៧​ម៉ឺន​នាក់​បាន​ផ្តល់​ព័ត៌មាន​អំពី​ខ្លួន​ឯង។ លោក Zuckerberg បាន​បន្ថែម​ថា «ឥឡូវ​នេះ យើង​កំពុង​តែ​ចាត់​វិធានការ​ដើម្បី​ធានា​ថា រឿង​នេះ​នឹង​មិន​កើត​មាន​ម្តង​ទៀត​ទេ»៕

XS
SM
MD
LG