ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​ Facebook បោះឆ្នោត​ហាមប្រាម​លោក​ Trump ​មិន​ឲ្យ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នេះ​ជា​រៀង​រហូត


រូបភាពនេះបង្ហាញឲ្យឃើញរូបរបស់លោក Donald Trump ដែលជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក នៅលើអេក្រង់ទូរស័ព្ទមួយ ដែលមានផ្លាកសម្គាល់ក្រុមហ៊ុន Facebook នៅពីក្រោយ នាថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១ នៅក្រុង Arlington រដ្ឋ Virginia។
រូបភាពនេះបង្ហាញឲ្យឃើញរូបរបស់លោក Donald Trump ដែលជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក នៅលើអេក្រង់ទូរស័ព្ទមួយ ដែលមានផ្លាកសម្គាល់ក្រុមហ៊ុន Facebook នៅពីក្រោយ នាថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១ នៅក្រុង Arlington រដ្ឋ Virginia។

អតីតប្រធានាធិបតី​អាមេរិក​លោក Donald Trump ​នឹង​មិន​អាច​ត្រឡប់​ទៅ​ប្រើប្រាស់បណ្តាញ​សង្គម Facebook បាន​ទៀត​នោះ​ទេ។

ទី​ភ្នាក់ងារ​ព័ត៌មាន ​AP រាយការណ៍នៅ​ថ្ងៃ​ពុធថា ​ក្រុមប្រឹក្សា​ត្រួត​ពិនិត្យ​ឯករាជ្យរបស់បណ្តាញ​សង្គម​Facebook បាន​បោះឆ្នោតដោយ​ដាក់​បម្រាម​ជា​អចិន្ត្រៃយ៍​ចំពោះ​លោក​Trump​ មិន​ឱ្យប្រើប្រាស់​បណ្តាញ​ Facebook តទៅ​ទៀត​ឡើយ បន្ទាប់​ពីក្រុមហ៊ុន​បណ្តាញ​សង្គម​មួយ​នេះ​ បាន​ផ្អាកគណនី​របស់​លោក ​Trump​ អស់​រយៈ​ពេល​ ៤ ​ខែ។

ការផ្អាកនេះត្រូវបានធ្វើឡើង បន្ទាប់​ពីលោក​ Trump បានញុះញង់​ឲ្យមាន​អំពើ​ហិង្សា​ដែល​នាំ​ទៅ​ដល់ការ​ធ្វើ​កុប្បកម្ម​វាយប្រហារដ៏​ប្រល័យ​លើវិមាន​សភា​អាមេរិក ​កាល​ពី​ថ្ងៃ​ទី​ ៦ ខែ​មករា​ កន្លង​ទៅ​នោះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក្រុមប្រឹក្សានេះ​ក៏​បាន​ឲ្យ​ក្រុមហ៊ុន​ Facebook ធ្វើ​ការ​ពិនិត្យ​វាយ​តម្លៃ​ឡើង​វិញ​នូវ​ទណ្ឌកម្ម​របស់​ខ្លួន ​ព្រោះ​ដោយ​សារការដាក់​ទណ្ឌកម្ម​ត្រូវ​ធ្វើ​ឡើង​ដោយ ​«គ្មានពេលវេលា​កំណត់» (ជា​រៀងរហូត) នោះ។​

លោក​ Trump ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​បណ្តាញ​សង្គម ​Twitter ហាម​មិន​ឲ្យ​ប្រើ​ប្រាស់បណ្តាញ​សង្គម​មួយ​នេះ​ជា​អចិន្ត្រៃយ៍​ផង​ដែរ។

អ្នក​នយោបាយ​អ្នក​ជំនាញ​និង​សកម្ម​ជន​ខាង​សេរី​ភាព​បញ្ចេញ​មតិជុំវិញ​ពិភព​លោក​កំពុង​តាម​ដាន​នូវ​សេចក្តី​សម្រេច​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។​

សេចក្តី​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​មិន​ត្រឹមតែ​លោក​ Trump ​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ ​ក៏​ប៉ុន្តែ​វាក៏​ប៉ះ​ពាល់​ដល់​ក្រុម​ហ៊ុនបណ្តាញ​សង្គម​ធំៗ​ មេ​ដឹក​នាំ​ពិភព​លោក​និង​មនុស្ស​គ្រប់​និន្នាការនយោបាយ​ទាំង​អស់ ដែល​ភាគ​ច្រើន​តែង​លើកឡើង​ពី​ទស្សនៈ​ផ្ទុយ​គ្នាពី​តួ​នាទី​ដែល​សក្តិសម​របស់​ក្រុម​ហ៊ុនបណ្តាញ​សង្គម​នានា ​ក្នុង​ការ​គ្រប់គ្រង​លើ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អនឡាញ​ និងការពារ​អ្នក​ប្រើ​ប្រាស់​ពី​ការ​បំពាន​និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ។​

មួយ​ថ្ងៃ​មុនសេចក្តី​ប្រកាសនេះ ​លោក​ Trump​ បានបង្កើត​នូវ​គេហទំព័រ​ផ្ទាល់​ខ្លួន ​(blog) មួយ​ដែល​មាន​ឈ្មោះ​ថា​ «ពីតុ​ធ្វើ​ការរបស់ Donald J. Trump» (From the Desk of Donald J. Trump) ដែល​អត្ថបទ​ពី​គេហទំព័រ​នេះងាយ​ចែករំលែក​ទៅ​បណ្តាញ​សង្គម Facebook និង​ Twitter ដែល​ខ្លឹមសារ​របស់​លោក​ត្រូវ​ហាមឃាត់​នោះ៕

XS
SM
MD
LG