មហាសេដ្ឋីពិភពលោក លោក Bill Gates និងភរិយារបស់លោក គឺអ្នកស្រី Melinda Gates បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេនឹងធ្វើការលែងលះគ្នាជាស្វាមីភរិយា ប៉ុន្តែនៅតែធ្វើការងារជាមួយគ្នាដដែល នៅក្នុងមូលនិធិរួមរបស់ពួកគេ គឺ Bill and Melinda Gates Foundation ដែលជាមូលនិធិមនុស្សធម៌ដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
នៅក្នុងសារដែលមានខ្លឹមសារដូចគ្នាបង្ហោះលើបណ្តាញសង្គម Twitter សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ និងភរិយា បាននិយាយថា ពួកគេបានសម្រេចចិត្តបញ្ចប់ជីវិតអាពាហ៍ពិពាហ៍របស់គេ ដែលមានអាយុ២៧ឆ្នាំ។
លោក Bill Gates ធ្លាប់ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅលើពិភពលោក ហើយទ្រព្យសម្បតិ្តរួមរបស់លោកមានតម្លៃសរុបជាង១០០ពាន់លានដុល្លារ។
មូលនិធិ Bill and Melinda Gates Foundation ដែលមានមូលដ្ឋានក្នុងទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិកជាមូលនិធិឯកជនដែលមានឥទ្ធិពលខ្លាំងបំផុតនៅជុំវិញពិភពលោក ដែលបានផ្តល់ជំនួយឧបត្ថម្ភមានតម្លៃទឹកប្រាក់ប្រមាណ៥០ពាន់លានដុល្លារក្នុងពេលកន្លងទៅ។ មូលនិធិនេះ ផ្តោតសំខាន់ទៅលើវិស័យសុខាភិបាលនិងការអភិវឌ្ឍន៍នៅជុំវិញពិភពលោក និងបញ្ហាវិស័យអប់រំក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០០០មក។
ស្របពេលដែលពួកគេជាបុគ្គលដែលល្បីនៅជុំវិញពិភពលោកដូចគ្នានោះ អ្នកស្រី Melinda Gates ក៏បានបង្កើនកេរ្តិ៍ឈ្មោះរបស់អ្នកស្រីក្នុងនាមជាអ្នកការពារស្ត្រីនិងក្មេងស្រីដ៏ឆ្នើមម្នាក់។
ចំណែកលោក Bill Gates វិញ ក្នុងនាមជាមុខមាត់នៃផ្នែកតស៊ូមតិនិងការផ្តល់ថវិកាខាងកិច្ចការជំងឺកូវីដ១៩របស់មូលនិធិនោះ បានទទួលរងការរិះគន់ជុំវិញការគាំទ្រដ៏ខ្លាំងរបស់លោក ទៅលើការគោរពកម្មសិទ្ធិបញ្ញានៃក្រុមហ៊ុនបង្កើតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយអ្នករិះគន់ថា ការគិតបែបនេះ នឹងជំរុញឱ្យអ្នកផលិតវ៉ាក់សាំងគិតពីការចំណេញជាងប្រយោជន៍សាធារណៈ៕