ក្រុមប្រឹក្សាត្រួតពិនិត្យឯករាជ្យរបស់ Facebook គ្រោងប្រកាសនៅថ្ងៃពុធនេះថា តើក្រុមហ៊ុនបណ្តាញព័ត៌មានសង្គមនេះបានធ្វើការសម្រេចត្រឹមត្រូវ ឬទេ ចំពោះការហាមឃាត់ជារៀងរហូត មិនឲ្យអតីតប្រធានាធិបតី Donald Trump ចុះផ្សាយនៅលើគណនី Facebook និង Instagram របស់លោកនោះ។
ក្រុមប្រឹក្សាភិបាលនោះ មានសមាជិក ២០ រូប រួមមានអ្នកស្រាវជ្រាវខាងច្បាប់ អ្នកជំនាញខាងសិទ្ធិមនុស្ស និងអ្នកកាសែត។ គណៈកម្មការដែលមានសមាជិក ៥ រូប ប្រុងប្រៀបធ្វើការសម្រេចដែលត្រូវតែមានការយល់ព្រមដោយសំឡេងភាគច្រើនរបស់ក្រុមប្រឹក្សាភិបាល។ បន្ទាប់មក Facebook តម្រូវឲ្យអនុវត្តតាមសេចក្តីសម្រេចនោះ លើកលែងតែសកម្មភាពនោះអាចរំលោភច្បាប់។
ក្រុមប្រឹក្សានោះ បាននិយាយថា បេសកកម្មរបស់ខ្លួនគឺ «ឆ្លើយសំណួរដ៏លំបាកបំផុត ជុំវិញបញ្ហានៃសេរីភាពនៃការបញ្ចេញមតិតាមអនឡាញនោះគឺថា តើអ្វីដែលត្រូវដកចេញ អ្វីដែលត្រូវទុក ហើយនិងថាតើដោយសារហេតុអ្វី»។
ការហាមឃាត់មិនឲ្យលោក Trump ប្រើ Facebook បានធ្វើឡើងនៅថ្ងៃទី ៦ ខែមករា នៅពេល ដែលក្រុមអ្នកគាំទ្ររបស់លោក បានវាយប្រហារលើវិមានសភា Capitol ខណៈដែលសមាជិកសភាកំពុងជួបប្រជុំដើម្បីប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា។
លោក Trump បានបង្ហោះសារមួយចំនួនក្នុងអំឡុងពេលនៃការវាយប្រហារ ដោយបន្តការអះអាងមិនពិតរបស់លោក អំពីការលួចបន្លំសន្លឹកឆ្នោត។ ក្រុមហ៊ុន Facebook បានដកចេញការចុះផ្សាយរបស់លោក Trump ២ ដងហើយ ក្នុងនោះករណីដំបូងបានហាមឃាត់មិនឲ្យលោកប្រើ Facebook ចំនួន២៤ម៉ោង៕