ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​បង្កើន​ចំនួន​ជន​ភៀសខ្លួន​ដែល​អនុញ្ញាត​ឲ្យ​ចូល​សហរដ្ឋ​អាមេរិក​រហូត​ដល់ ៤ ដង


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់មហាវិទ្យាល័យ Tidewater នៅទីក្រុង Portsmouth រដ្ឋ Virginia កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១។

កាលពី​ដំបូង​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​បាន​សម្រេច​រក្សា​ចំនួន​ជន​ភៀសខ្លួន​ដែល​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ប្រចាំ​ឆ្នាំ​ទាប​ ដូច​អ្វី​ដែល​លោក​អតីត​ប្រធានាធិបតី Donald Trump បាន​ធ្វើ។ ប៉ុន្តែកាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក Biden បាន​ប្រកាស​ថា លោក​នឹង​បង្កើន​ចំនួន​ជន​ភៀសខ្លួន​សរុប​នៅ​ឆ្នាំ​នេះ​រហូត​ដល់​ទៅ ៤ ដង។

លោក Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ខ្ញុំ​កែប្រែ​ចំនួន​ជន​ភៀសខ្លួន​ប្រចាំ​ឆ្នាំ​ដែល​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ទៅ​ចំនួន ៦២.៥០០ នាក់ សម្រាប់​ឆ្នាំ​សារពើពន្ធ​នេះ។ ករណី​នេះ​មាន​ន័យ​ថា ចំនួន​ជន​ភៀសខ្លួន​ដែល​រដ្ឋបាល​មុន​បាន​កំណត់​ចំនួន ១៥.០០០ នាក់ ដែល​ជា​ចំនួន​ដ៏​ទាប​ក្នុង​ប្រវត្តិសាស្ត្រ​នោះ​ ត្រូវ​បាន​លុបចោល។ ចំនួន​ដ៏​ទាប​របស់​រដ្ឋបាល​មុន​នេះ ​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​គុណ​តម្លៃ​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​នាម​ជា​ជាតិ​មួយ​ដែល​ស្វាគមន៍​និង​គាំទ្រ​ជន​ភៀសខ្លួន​នោះ​ទេ»។

លោក Biden បាន​បន្ថែម​ថា៖ «ចំនួន​កំណត់​ថ្មី​នេះ​ក៏​នឹង​ពង្រឹង​ផងដែរ​នូវ​កិច្ច​ប្រឹងប្រែង​ដែល​កំពុង​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន ដើម្បី​ពង្រីក​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ទទួល​យក​ជន​ភៀសខ្លួន ដើម្បី​ឲ្យ​យើង​អាច​សម្រេច​បាន​តាម​គោលដៅ​របស់​យើង​ នៅ​ក្នុង​ការ​ទទួល​យក​ជន​ភៀសខ្លួន​ចំនួន ១២៥.០០០ នាក់ ដែល​ខ្ញុំ​មាន​បំណង​កំណត់​សម្រាប់​ឆ្នាំ​សារពើពន្ធ​បន្ទាប់»។

កាលពី ២ សប្តាហ៍​មុន សេតវិមាន​បាន​ប្រកាស​ថា ចំនួន​ជន​ភៀសខ្លួន​សម្រាប់​ឆ្នាំ​សារពើពន្ធ​បច្ចុប្បន្ន​នឹង​ត្រូវ​រក្សា​ទុក​ក្នុង​ចំនួន ១៥.០០០ នាក់ ដដែល ដែល​ជា​ចំនួន​ដែល​លោក Trump បាន​កំណត់។ វិធានការ​នេះ​បាន​រង​ការ​រិះគន់​ពី​សមាជិក​សភា​មួយ​ចំនួន​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ពី​ក្រុម​អ្នក​តស៊ូ​មតិ​ជន​ភៀស​ខ្លួន។

មន្ត្រី​សេតវិមាន​បាន​ទទួល​ស្គាល់​ថា ការ​ប្រកាស​កាលពី ២ សប្ដាហ៍​មុន​នេះ ដែល​បាន​ផ្សព្វផ្សាយ​នៅពេល​ដែល​គណបក្ស​សាធារណរដ្ឋ​បាន​រិះគន់​លោក Biden លើ​បញ្ហា​លំហូរ​ជន​ចំណាក​ស្រុក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅឯ​ព្រំដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក មិន​បាន​បញ្ជូន​សារ​ត្រឹមត្រូវ​នោះ​ទេ។

ពួកគេ​បាន​និយាយ​ថា ការ​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​គឺជា​ការ​បញ្ជាក់​ថា ការ​ទទួល​យក​ជន​ភៀសខ្លួន​គឺជា​កិច្ចការ​សំខាន់​សម្រាប់​តួនាទី​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ពិភពលោក៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG