ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំព័រ​ហ្វេសប៊ុក ២ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ព្រះ​អង្គ​ លួន សុវ៉ាត​ លែង​ដំណើរ​ការ


ព្រះអង្គ លួន សុវ៉ាត (ស្ដាំ) ឈរ​នៅ​ពី​មុខ​សារមន្ទីរ​Household Cavalry ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភពអង់គ្លេស។ (រូប​ថត​ពី​ព្រះអង្គ លួន សុវ៉ាត)

ទំព័រ​ហ្វេស​ប៊ុក​ចំនួន​ ២ ​ដែល​មួយ​ជា​គណនីភាសា​ខ្មែរ​ឈ្មោះ​«លួន សុវ៉ាត»​និង​មួយ​ទៀត​ជា​ទំព័រ​ហ្វេសប៊ុក​ដែល​បង្ហោះ​វីដេអូ ​៤​ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា​ ​សកម្មជន​សង្ឃ ​ព្រះ​អង្គ លួន សុវ៉ាត​ មាន​ទំនាក់​ទំនង​ស្នេហា ​ត្រូវ​បាន​លុប​ចោល​មក​ដល់​ថ្ងៃ​នេះ។​

ចាប់​តាំង​ពី​ដើម​ខែ​មិថុនា​ ព្រះ​អង្គ លួន សុវ៉ាត​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ស្រ្តី​មួយ​ចំនួន​ រហូត​ដល់​មាន​ការ​ប្រកាស​ផ្សឹក​ព្រះ​អង្គ​ និង​មាន​ការ​ស៊ើប​អង្កេត​ព្រះ​អង្គ​រឿង«​រំលោភ​សេព​សន្ថវៈ»ផង​ដែរ។​

ស្រប​ពេល​ជាមួយ​គ្នា​ ស្រ្តី​ម្នាក់​ឈ្មោះ​ ទឹម រដ្ឋា ​ក៏​បាន​ចេញ​មុខ​ដាក់​ពាក្យ​បណ្តឹង​ថា​នាង​មិន​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ព្រះ​អង្គ​នោះ​ទេ​ ហើយ​ថា​ ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​មួយ​ដាក់​ឈ្មោះ​ហៅ​ក្រៅ​របស់​កញ្ញា​ គឺ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ Srey Da Chi-Kraeng។ ​ទំព័រ​ហ្វេសប៊ុក​ក្លែង​ក្លាយ​ដែល​ត្រូវ​បាន​បង្កើត​កាល​ពី​ចុង​ខែ​ឧសភា​ ក៏​បាន​បង្ហោះ​វីដេអូ​ដែល​យក​រូប​កញ្ញា ​ប្អូន​ស្រី​និង​ម្តាយ​ ទៅ​ចោទ​ប្រកាន់​ថា​ ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ព្រះ​អង្គ​លួន សុវ៉ាត​ ដែល​ព្រះ​អង្គ​ក៏​បាន​បដិសេធ។​

ព្រះ​អង្គ​លួន សុវ៉ាត​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​ព្រះ​អង្គ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ហ្វេសប៊ុក​ឈ្មោះ​«លួន សុវ៉ាត» ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ដូច​ឈ្មោះ​ព្រះ​អង្គ​ដើម្បី​ខល​តាម​ហ្វេសប៊ុក​នោះ​ ត្រូវ​បាន​លុប​ចោល។ ចំណែក​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ ​Srey Da Chi-Kraeng ​ដែល​បង្ហោះ​វីដេអូ​នោះ​ក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ។​ ព្រះ​អង្គ​បាន​អំពាវនាវ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​និង​Youtube ​លុប​ចោល​វីដេអូ​ឃ្លីប​នោះ​វិញ​ជា​បន្ទាន់ ​បើ​មិន​ដូច្នោះ​ទេ​ ក្រុម​ហ៊ុន​ហ្វេសប៊ុក​ និង​ក្រុមហ៊ុន​Google​ នឹង​លុប​គណនី​ហ្វេសប៊ុក​ និង​ឆែននែល​Youtube ​នោះ​ចោល​តែ​ម្តង។​

ព្រះ​អង្គ​បន្ត​ថា៖ ​«នេះ​មិន​មែន​ជា​រឿង​ត្រូវ​យក​មក​និយាយ​លេង​សើច​ និង​បង្ហោះ​បង្ខូច​កិត្តិយស ​កេរ្តិ៍​ឈ្មោះ​បរិហារ​កេរ្តិ៍​អ្នក​ដទៃ​និង​តម្លៃ​ព្រះ​ពុទ្ធសាសនា​ជា​សាធារណៈ​បែប​នេះ​ទេ»។ ​

ព្រះ​អង្គ​ លួន សុវ៉ាត​មាន​សង្ឃ​ដីកា​បន្ត​ថា​ព្រះ​អង្គ​បាន​ប្រមូល​យក​វីដេអូ​ឃ្លីប​ពី​លីង ​(Link )​ក្នុង​ហ្វេសប៊ុក​និង​Youtube ​ដាក់​ពាក្យ​បណ្តឹង​ចូល​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក ​និង​Youtube​ហើយ។

ព្រះ​អង្គ​លួន សុវ៉ាត​ មាន​សង្ឃដីកា​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ ក្រុមហ៊ុន​ហ្វេសប៊ុក​ជា​អ្នក​លុប​ចោល​ទំព័រ​ហ្វេសប៊ុក​ទាំង​ ២​ នោះ។ ព្រះ​អង្គ​បន្ត​ថា៖​ «យុត្តិធម៌​នៅ​កម្ពុជា​សម្រាប់​ជន​រង​គ្រោះ ​ជា​សកម្មជន​សិទ្ធិ​មនុស្ស ​សកម្មជន​ដី​ធ្លី ​ព្រៃឈើ ​សង្គម ​នយោយ​បាយ​ជាដើម​ គឺ​ពិបាក​រក​ណាស់​ ព្រោះ​ជា​រឿង​នយោបាយ​តែ​ទោះ​ជា​យ៉ាងណា ​ យើង​មិន​អស់​សង្ឃឹម​ទេ។​ យើង​នៅ​តែ​បន្ត​ស្វែង​រក​យុត្តិធម៌»។

វីដេអូ​ចំនួន​ ៤​ ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ ជា​សំឡេង​របស់​ព្រះ​អង្គ​ លួន សុវ៉ាត​ ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Srey Da Chi-Kraeng។ ​នេះ​ជា​ទំព័រ​ហ្វេសប៊ុក​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​ ៣០​ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ ​ដែល​មាន​អ្នក​ចុច ​Likes ​ទៅ​ដល់​ជាង ​១​ ពាន់​នាក់។​

វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ផ្សេង​ទៀត​ដែល​មាន​រយៈ​ពេល​ជាង​៧​នាទី​ ជា​វីដេអូ​ថត​ចេញ​ពី​ការ​ហៅ​សន្ទនា​គ្នា​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ «លួន សុវ៉ាត»។ ​ការ​សន្ទនា​គ្នា​នេះ​មាន​និយាយ​ទាក់​ទង​នឹង​ស្នេហា ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដូច​ជា​ម៉ាស្សា ​ឈឺ​ខ្នង ​ឈឺ​ចង្កេះ​និង​ការ​ហៅ​មក​ជួប​គ្នា​ផង​ដែរ។​

ចំ​ពេល​មាន​ការ​ចោទ​ប្រកាន់​រឿង​សន្ទនា​ស្នេហា​តាម​រយៈ​វីដេអូ​ចំនួន​ ៤​ ​ ព្រះ​អង្គ ​លួន សុវ៉ាត​ សកម្មជន​សង្ឃ​ល្បី​ឈ្មោះ​កំពុង​ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​សង្ស័យ​ថា​ ​បាន​ប្រព្រឹត្ត​បទ​ល្មើស​«រំលោភ​សេព​សន្ថវៈ»។

ព្រះ​អង្គ ​លួន សុវ៉ាត​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ​និង​ថា​វា​ ជា​ការ​ចោទ​ប្រកាន់​ក្នុង​ន័យ​នយោបាយ​ដើម្បី​ធ្វើ​បាប​ព្រះ​អង្គ ​ដោយសារ​ព្រះ​អង្គ​ជា​សកម្មជន​សង្ឃ​ដែល​ចូលរួម​ការពារ​យុត្តិធម៌​សង្គម ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG