ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សង្ស័យ​ព្រះអង្គ​លួន សុវ៉ាត​ប្រព្រឹត្ត​បទ​ល្មើស​«រំលោភ​សេព​សន្ថវៈ» ​ខណៈ​ព្រះ​អង្គ​បដិសេធ​ការ​ចោទ​ប្រកាន់​រឿង​សន្ទនា​ស្នេហា​


រូបឯកសារ៖ ព្រះ​តេជគុណ​ លួន​ សូវ៉ាត ដែល​ជា​ម្ចាស់​ពាន​រង្វាន់​ផ្នែក​ការពារ​សិទ្ធិ​ឆ្នាំ ​២០១២ ចូល​រួម​ពិធី​រំឭក​ខួប​ ៦ ឆ្នាំ​នៃ​ការ​បង្ក្រាប​ហិង្សា​​ កាល​ពី​ឆ្នាំ​ ២០១៤​ ទៅ​លើ​កម្មករ​នៅ​លើ​ផ្លូវវេង ស្រង​ និង​តំបន់​រោងចក្រ​ផ្សេងទៀត​ ក្នុង​ទី​ក្រុង​ភ្នំពេញ ថ្ងៃទី២ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ព្រះ​តេជគុណ​ លួន​ សូវ៉ាត ដែល​ជា​ម្ចាស់​ពាន​រង្វាន់​ផ្នែក​ការពារ​សិទ្ធិ​ឆ្នាំ ​២០១២ ចូល​រួម​ពិធី​រំឭក​ខួប​ ៦ ឆ្នាំ​នៃ​ការ​បង្ក្រាប​ហិង្សា​​ កាល​ពី​ឆ្នាំ​ ២០១៤​ ទៅ​លើ​កម្មករ​នៅ​លើ​ផ្លូវវេង ស្រង​ និង​តំបន់​រោងចក្រ​ផ្សេងទៀត​ ក្នុង​ទី​ក្រុង​ភ្នំពេញ ថ្ងៃទី២ ខែមករា ឆ្នាំ២០២០។

សកម្មជន​សង្ឃ​ល្បី​ឈ្មោះ ​គឺ​ព្រះ​អង្គ ​លួន សុវ៉ាត​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ សន្ទនា​ស្នេហា​ជាមួយ​មនុស្ស​ស្រី​មួយ​ចំនួន​ ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​សង្ស័យ​ថា​ បាន​ប្រព្រឹត្ត​បទ​ល្មើស​«រំលោភ​សេព​សន្ថវៈ» ​ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់​ព្រះ​កាយ​ព្រះ​អង្គ។​

ព្រះ​អង្គ​ក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្សឹក​ដោយ​ព្រះ​មេគណ​ខេត្ត​សៀមរាប​ផង​ដែរ។​ ក្រោយ​ការ​បង្ខំ​ឲ្យ​ផ្សឹក ​ សមត្ថកិច្ច​ក៏​បាន​ចុះ​ឆែក​ឆេរ​ផ្ទះ​របស់​ព្រះ​អង្គ និង​រឹប​អូស​យក​វត្ថុ​តាង​មួយ​ចំនួន។​

នៅ​ថ្ងៃ​សុក្រ​នេះ ​លោក​ ជួន សុបញ្ញា ​អ្នក​នាំពាក្យ​របស់​តុលាការ​ខេត្ត​សៀមរាប ​បាន​ប្រាប់​ VOA​ ថា​ តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ ​ទាក់ទង​នឹង​ការ​សង្ស័យ​ «បទ​ល្មើស​រំលោភ​សេព​សន្ថវៈ»។ ​លោក​បន្ត​ថា​ ការ​ចុះ​ឆែក​ឆេរ​ផ្ទះ​របស់​ព្រះ​អង្គ​ គឺ​ជា​ការ​ស៊ើប​អង្កេត​បឋម​ពាក់ព័ន្ធ​នឹង​ពាក្យ​បណ្តឹង​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ការ​ឆែក​ឆេរ​ គឺ​មាន​ការ​ឆែក​ឆេរ​ ហើយ​មាន​ដីកា​ពី​តុលាការ។​ យើង​សង្ស័យ​ពី​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ ដោយ​សារ​យើង​មាន​បណ្តឹង»។​

ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ថា​ តើ​ជា​បណ្តឹង​របស់​អ្នក​ណាមាន​ប៉ុន្មាន​នាក់​ និង​ពាក់ព័ន្ធ​នឹង​វីដេអូ​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ សន្ទនា​ស្នេហា​ជាមួយ​ព្រះ​អង្គ លួន សុវ៉ាត​ ឬ​យ៉ាង​ណា​ទេ។

លោក​មាន​ប្រសាសន៍​ថា៖​ «លោក​គួរ​តែ​យល់​ ដីកា​នាំ​ខ្លួន ដីកា​ចាប់​ខ្លួន​អី ​បើ​យើង​ផ្សព្វផ្សាយ​ថា​ បាន​ចេញ​មិន​ចេញ​អី។ ​ជាទូទៅ​ ជន​ដែល​ជាប់​ពាក់​ព័ន្ធ​ដឹង​បញ្ហា​ហ្នឹង ​គឺ​នឹង​ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត​ភ្លាម។​ គាត់​អាច​គេច​ខ្លួន​ ដូច​ខ្ញុំ​ជម្រាប​លោក​អ៊ីចឹង។ លោក​អត់​គួរ​ដេញ​ដោល​អំពី​បញ្ហា​នេះ​ទេ។​ វា​ពាក់ព័ន្ធ​ការ​សម្ងាត់​ វិជ្ជាជីវៈ ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​របស់​តុលាការ»។

ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ លោក​ ទិត្យ ណារ៉ុង​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ចុះ​ឆែក​ឆែរ​ផ្ទះ ​និង​តាម​ចាប់​ព្រះ​អង្គ​ លួន សុវ៉ាត​ គឺ​ទាក់ទង​នឹង​សារ​សំឡេង​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ និង​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ។

លោក​បញ្ជាក់​ថា៖ ​«អនុវត្ត​ទៅ​តាម​ដីកា​គឺ នាំ​ខ្លួន​ចូល​ទៅ​តុលាការ»។​

ប៉ុន្តែ​ការ​អះអាង​របស់​លោក​ ទិត្យ ណារ៉ុង ​នៅ​ថ្ងៃ​សុក្រ​នេះ ​ខុស​ពី​ការ​អះអាង​កាលពី​ថ្ងៃ​ពុធ ​ដែល​ថា​ ព្រះ​អង្គ លួន សុវ៉ាត ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​នោះ​ទេ។

លោក​មាន​ប្រសាសន៍​កាល​នោះ​ថា៖ ​«អត់​មាន​ប្រព្រឹត្ត​អី​ខុស​ទេ ​ព្រោះ​វា​ទាក់ទង​គេ​បង្ហោះ​ហ្វេសប៊ុក​របស់​លោក​ ហើយ​លោក​បាន​គេច​ព្រះ​កាយ​ព្រះ​អី​ចេញ​ទៅ»។​

ព្រះ​អង្គ​ លួន សុវ៉ាត​ មាន​សង្ឃដីកា​ប្រាប់ ​VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​នេះ​ជា​ការ​បង្កើត​គណនី​ហ្វេសប៊ុក​ក្លែង​ក្លាយ ​ហើយ​ជា​ការ​យក​សំឡេង​មក​កាត់​ត​បញ្ចូល​គ្នា។​ ព្រះ​អង្គ​បន្ត​ថា​ ព្រះ​អង្គ​មិន​បាន​សរសេរ ​ឬ​ក៏​មិន​បាន​ហៅ​ទៅ​អ្នក​ណា​ទេ ​តាម​ហ្វេសប៊ុក​ពិត​របស់​ព្រះ​អង្គ។

ព្រះ​អង្គ​មាន​សង្ឃដីកា​បន្ថែម​ថា ​ព្រះអង្គ​ចង់​រក្សា​ភាព​ស្ងៀមស្ងាត់​លើ​បញ្ហា​នេះ។ ​

ព្រះ​អង្គ​ប្រាប់​ VOA​ តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ថា៖​ «ស្ងៀម​ស្ងាត់​ឆាប់​ចប់​រឿង។​ ត្រង់​គេ​ចោទ​អី​ក៏​ចោទ​ទៅ ​ស្រេច​តែ​គេ​ថា​ ព្រោះ​អំណាច​បក្ខ​ពួក​ក្រុម​គេ​រៀបចំ​ ធំ​ដុំ​ណាស់។​ យើង​ទៅ​តទល់​នឹង​គេ​មិន​អាច​ឈ្នះ​គេ​ទេ ​កាន់​តែ​ត​ទល់​ កាន់​តែ​បក​ស្រាយ​ កាន់​តែ​ផ្សាយ​ល្បី ​រឿង​កាន់​តែ​វែង​ឆ្ងាយ»។​

ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ​មាត្រា​ ២៣៩ ​ចែង​ថា​ បទ​ល្មើស​រំលោភ​ជា​ការ​រួមភេទ​ដោយ​ការ​ប្រើ​ហិង្សា​ ការ​បង្ខិត​បង្ខំ ​ការ​គំរាម​កំហែង​ជា​ដើម។​ បទ​រំលោភ​សេព​សន្ថវៈ​នេះ​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ៥​ ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ។​

ព្រះ​អង្គ​ បូរ បេត ​ដែល​ជា​សមាជិក​នៃ​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ​ដែល​ស្គាល់​ព្រះ​អង្គ​ លួន សុវ៉ាត​ មាន​សង្ឃ​ដីកា​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ព្រះ​អង្គ​មិន​ជឿ​ថា​ ព្រះ​អង្គ​ លួន សុវ៉ាត​ប្រព្រឹត្ត​បែប​នេះ​ទេ។​ ព្រះ​អង្គ​សង្ស័យ​ថា ​មាន​ភាព​មិន​ប្រក្រតី​ ដោយព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា​ ​វីដេអូ​បង្ហោះ​តាម​ហ្វេសប៊ុក​ជា​វីដេអូ​ក្លែង​ក្លាយ​ និង​កាត់​ត​តែ​ប៉ុណ្ណោះ ​ដូច​ករណី​កើត​ឡើង​ចំពោះ​មេដឹកនាំ​គណបក្ស​ប្រឆាំង​កាល​ពី​កន្លង​ទៅ។​

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖​ «អាត្មា​អត់​ជឿ​ថា​ លោក​គ្រូ​ នួន សុវ៉ាត​ លោក​ទៅ​ប្រព្រឹត្ត​អំពើ​អនាចារ​អ៊ីចឹង​ទេ​ ព្រោះ​ព្រះ​សង្ឃ​ជា​មនុស្ស​មួយ​ដែល​មុតមាំ។​ ព្រះអង្គ​លោក​ក៏​ជា​អ្នក​ចេះ​ដឹង​ធម៌​វិន័យ​ក៏​ច្រើន​ដែរ។​ ហើយ​លោក​ក៏​មិន​មែន​ទើប​បួស​មួយ​ថ្ងៃ​ពីរ​ថ្ងៃ។​ លោក​បួស​រាប់​ឆ្នាំ​មក​ហើយ។​ វា​មាន​រឿង​អី​ផ្សេង​ អាថ៌​កំបាំង។​ គេ​ចង់​ធ្វើ​បាប​លោក​ហើយ»។​

វីដេអូ​យ៉ាង​តិច​ចំនួន ​៤​ ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ជា​សំឡេង​របស់​ព្រះ​អង្គ​ លួន សុវ៉ាត​ ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Srey Da Chi-Kraeng។ ​នេះ​ជា​ទំព័រ​ហ្វេសប៊ុក​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​ ៣០​ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ មាន​អ្នក​ចុច​ Likes ​ទៅ​ដល់​ជាង ​១​ពាន់​នាក់។ ​

វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ផ្សេង​ទៀត​ ដែល​មាន​រយៈ​ពេល​ជាង​ ៧​នាទី​ ជា​វីដេអូ​ថត​ចេញ​ពី​ការ​ហៅ​សន្ទនា​គ្នា​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ «លួន សុវ៉ាត»។ ​ការ​សន្ទនា​គ្នា​នេះ​មាន​និយាយ​ទាក់ទង​នឹង​ស្នេហា ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដូច​ជា​ម៉ាស្សា ​ឈឺ​ខ្នង ​ឈឺ​ចង្កេះ​និង​ការ​ហៅ​មក​ជួប​គ្នា​ផង​ដែរ។

តាម​ការ​ស្រាវជ្រាវ​របស់​ VOA ​ស្រ្តី​ម្នាក់​ដែល​មាន​រូបថត​របស់​នាង​និង​ក្រុម​គ្រួសារ​ដាក់​បញ្ចូល​ក្នុង​វីដេអូ​ពាក់ព័ន្ធ​នឹង​ព្រះអង្គ​ លួន សុវ៉ាត ​បាន​សរសេរ​ថា​ ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ Srey Da Chi Kraeng​ ជា​ជន​ខិល​ខូច​បង្កើត​រឿង​នេះ​ ដើម្បី​ធ្វើ​បាប​គ្រួសារ​របស់​អ្នក​នាង។​ កាល​ពី​ថ្ងៃ​ទី​ ២ ​ខែ​មិថុនា​ ម្ចាស់​ហ្វេសប៊ុក​នោះ​ក៏​បាន​បង្ហោះ​សារ​ថា​ «បង​ប្អូន​ស្រី​ខ្ញុំ​ ៤ ​នាក់​ និង​ម៉ែ​មួយ​ មិន​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ជាមួយ​ព្រះ​សង្ឃ ​លួន សុវ៉ាត​ ដូច​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ឡើយ។ ​សូម​វិភាគ​ទាំង​អស់​គ្នា​ទៅ»។​

បើ​តាម​ព្រះ​អង្គ ​លួន សុវ៉ាត ​ក្រោយ​ថ្ងៃ​ចេញ​សេចក្តី​សម្រេច​ឲ្យ​ចាប់​ផ្សឹក​ព្រះ​អង្គ​ ​ប៉ូលិស​ខេត្ត​សៀមរាប​បាន​ចុះ​ទៅ​ឆែក​ឆេរ​ផ្ទះ​ព្រះ​អង្គ ​និង​រឹប​អូស​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ផង​ដែរ។​

ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ក្មួយ​ប្រុស​របស់​ព្រះ​អង្គ​ ២ ​នាក់​ ទៅ​សាកសួរ​នៅ​ស្នង​ការ​ខេត្ត ​ហើយ​វាយ​ខ្នោះ​ដៃ ​និង​ឃុំ​ខ្លួន​ក្មួយ​ម្នាក់ ​១ ​យប់​ ២ ​ថ្ងៃ​ ទើប​មាន​ការ​ដោះលែង។​ ព្រះ​អង្គ​បន្ត​ថា ​ក្រុម​ប៉ូលិស​ក៏​បាន​ឆែកឆេរ​ផ្ទះ​ និង​រឹបអូស​ទ្រព្យ​សម្បត្តិ​ឯកជន​ នៅ​ភូមិ​កំណើត​ក្នុង​ឃុំ​ជីក្រែង ​ស្រុក​ជីក្រែង ​ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ ៧​ ខែ​មិថុនា ​ដោយ​ដក​ហូត​ទូរស័ព្ទ​ រថយន្ត​ Lexus 470​ មួយ​គ្រឿង ​កាមេរ៉ា​ជិត​ ១០ ​គ្រឿង ​ទូរទស្សន៍ ​១​ គ្រឿង ​ទូរ​ទឹកកក ​ធុង​ទឹកកក ​និង​ឯកសារ​មួយ​ចំនួន​ទៀត។​ ព្រះ​អង្គ​បន្ថែម​ថា ​ទ្រព្យ​សម្បត្តិ​ដែល​ដក​ហូត​រក្សា​ទុក​ មិន​ទាន់​ប្រគល់​ឲ្យ​វិញ​ទេ។

កាល​ពី​ឆ្នាំ​ ២០១២ ​ ព្រះ​តេជគុណ​ លួន សុវ៉ាត ​បាន​ទទួល​រង្វាន់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ឈ្មោះ​ Martin Ennels Award​ ដ៏​ល្បី​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស។ ​ព្រះ​អង្គ​ធ្លាប់​ចេញ​ព្រះ​ភក្ត្រ​នៅ​កន្លែង​តវ៉ា​នានា ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ និង​ការ​ទាម​ទារ​រក​យុត្តិធម៌​ផ្សេងៗ។​ ព្រះ​អង្គ​តែង​តែ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ដើម្បី​ថត​និង​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ព្រះ​អង្គ​ ដែល​មាន​អ្នក​ចុច​ Likes​ រហូត​ទៅ​ដល់​ជាង ​១០ ​ម៉ឺន​នាក់៕

XS
SM
MD
LG