ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះអង្គ​លួន សុវ៉ាត ​​បដិសេធ​ការ​ចោទ​ប្រកាន់​រឿង​សន្ទនា​ស្នេហា ​ខណៈ​ប៉ូលិស​ឆែកឆេរ​ផ្ទះ​ព្រះ​អង្គ


រូបឯកសារ៖ ព្រះ​តេជគុណ​ លួន សុវ៉ាត ផ្ដល់​បទសម្ភាសន៍​ជាមួយ​VOA នៅនៅ​ស្ថានីយ៍​ចាក់​ប្រេង​មួយ​ នៅ​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​លោកកែម ឡី​​ ត្រូវ​បានសម្លាប់​ នៅថ្ងៃ​អាទិត្យ​ ទី​០៩ ខែ​កក្កដា​ ឆ្នាំ​២០១៦។ ​​(ឡេង ឡែន/VOA)

សកម្មជន​សង្ឃ​ល្បី​ឈ្មោះ​ គឺ​ព្រះ​អង្គ ​លួន សុវ៉ាត​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​សន្ទនា​ស្នេហា​ជាមួយ​មនុស្ស​ស្រី​មួយ​ចំនួន ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នានា​លើ​ព្រះ​អង្គ​ ដោយ​អះអាង​ថា ​មាន​ការ​ដាក់​បញ្ចូល​ជា​រូបភាព​និង​សំឡេង ​និង​ក្លែង​បន្លំ​ហ្វេសប៊ុក​របស់​ព្រះ​អង្គ។​

កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា ​ព្រះ​មេ​គណ​ខេត្ត​សៀមរាប ​ព្រះ​អង្គ ជុំ គឹមឡេង ​បាន​ប្រកាស​សម្រេច​ឲ្យ​ផ្សឹក​សកម្មជន​សង្ឃ​ល្បី​ឈ្មោះ​គឺ​ព្រះ​អង្គ ​លួន សុវ៉ាត​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ សន្ទនា​ស្នេហា​ជាមួយ​មនុស្ស​ស្រី​មួយ​ចំនួន ​ក្នុង​វីដេអូ​ដែល​ជា​ការ​ខល​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ មាន​ឈ្មោះ​ព្រះ​អង្គ​ជា​ភាសា​ខ្មែរ​ «លួន សុវ៉ាត»។​

សង្ឃ​សម្រេច​នេះ​បញ្ជាក់​ថា​ ក្រោយ​ថ្ងៃ​ចេញ​ប្រកាស​នេះ ​បើ​ព្រះ​អង្គ ​លួន សុវ៉ាត​ នៅ​តែ​បន្ត​គ្រង​ស្បង​ចីវរ​ជា​បព្វជិត​ ដូច​អ្នក​បួស​ក្នុង​ព្រះ​ពុទ្ធសាសនា​នោះ​ ព្រះអង្គ​នឹង​ត្រូវ​ចាត់​ទុក​ថា ​«ប្រព្រឹត្ត​ក្លែង​ភេទ»។ ​ក្នុង​ករណី​នេះ ​មេគណ​ខេត្ត​សៀមរាប​ក៏​ស្នើ​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​តាម​ច្បាប់។

បើ​តាម​សង្ឃ​សម្រេច​នេះ​ ការ​ប្រកាស​ឲ្យ​ផ្សឹក​នេះ​កើត​មាន​ឡើង​ ក្រោយ​អង្គ​ប្រជុំ​ថេរ​សភា​ខេត្ត​សៀមរាប ​បាន​ស្តាប់​វីដេអូ​សារ​សំឡេង​ដែល​ប្រកាស​ថា​ ជា​ការ​«សន្ទនា​រៀបរាប់​ពី​សេចក្តី​ស្នេហា​យ៉ាង​ស៊ី​ជម្រៅ​រវាង​ភិក្ខុ​ លួន សុវ៉ាត​ ជាមួយ​ស្រ្តី​ជា​ម្តាយ​និង​កូន​ស្រី»។ ​ព្រះ​មេគណ​ខេត្ត​សៀមរាប​ក៏​បាន​បញ្ជាក់​ក្នុង​សេចក្តី​សម្រេច​ថា ​ការ​ឲ្យ​ផ្សឹក​នេះ​សម្រេច​ឡើង​ ក្រោយ​ការ​ស្តាប់​កំណត់​ហេតុ​នៃ​ការ​បំភ្លឺ​របស់​កូន​ស្រី​មួយ​រូប​ ដែល​មាន​នៅ​ក្នុង​វីដេអូ​នោះ។

មួយ​សប្តាហ៍​ក្រោយ​មក​ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បង្ហោះ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​របស់​ព្រះ​អង្គ​ លួន សុវ៉ាត​ ដែល​មាន​ឈ្មោះ​ខ្មែរ​ផង​ អង់​គ្លេស​ផង​និង​ទំព័រ​ហ្វេសប៊ុក​របស់​ព្រះ​អង្គ ​ ព្រះ​អង្គ​ មាន​សង្ឃដីកា​ថា ​ព្រះ​អង្គ​កំពុង​គង់​នៅ​កន្លែង​មាន​សុវត្ថិភាព​មួយ។​ ព្រះអង្គ​ហៅ​ក្រុម​ដែល​វាយ​ប្រហារ​លើ​ព្រះអង្គ​ថា​ជា ​«ក្រពើ ខ្លា»។ ​ព្រះ​អង្គ​ក៏​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នានា។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖​ «អាត្មា​ភាព​សូម​ធ្វើ​ការ​បដិសេធ​ចោល​ទាំង​ស្រុង​រាល់​ការ​ចោទ​ប្រកាន់​ មូល​បង្កាច់ លាប​ពណ៌ ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ ​កាត់​ត​យក​រូបភាព​អ្នក​ដទៃ​ និង​សំឡេង​មក​ថត​បញ្ចូល​គ្នា​ក្នុង​ហ្វេសប៊ុក​ ឲ្យ​កើត​ទៅ​ជា​សាច់​រឿង​មួយ​ដែល​ខុស​ការណ៍​ពិត»។ ​
ព្រះអង្គចាត់ទុករឿងទាំងអស់នេះគឺជា «រឿងនយោបាយទាំងស្រុង» ដោយសារការក្នុងសម្រេចផ្សឹកព្រះអង្គនេះ អ្នកពាក់ព័ន្ធមិនបានទុកពេលស៊ើបអង្កេត រកភស្តុតាងបទល្មើសជាក់ស្តែងពិតប្រាកដណាមួយទេ គឺគ្រាន់តែពឹងផ្អែកលើសំឡេងនិងហ្វេសប៊ុកក្លែងក្លាយ យកមកធ្វើជាគោលនៃសេចក្តីសម្រេច។

ព្រះ​អង្គ​បន្ថែម​ថា៖ ​«ភ័ស្តុតាង​ដែល​រឹងមាំ​អាច​ថា​យក​ជា​ផ្លូវការ​បាន​ស្ទើរ​១០០​ភាគ​រយ​គឺ ​បើ​មាន​ជា​វីដេអូ​សកម្មភាព​ជាក់​ស្តែង។​ ប្រសិន​បើ​មាន​វីដេអូ​ជាក់​ស្តែង​ណា​មួយ​ដែល​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ដូច​ការ​ចោទ​ប្រកាន់​ខាង​លើ​មក​លើ​អាត្មា​ភាព​មែន​នោះ ​អាត្មា​នឹង​ទទួល​យក​ទោស​កំហុស​ទៅ​តាម​វីដេអូ​សកម្មភាព​ជាក់​ស្តែង​ទាំង​នោះ។​ ប៉ុន្តែ​បើ​គ្រាន់​តែ​ជា​សំឡេង​ជា​រូបភាព​កាត់​ត​ទេ​ គឺ​អាត្មា​មិន​អាច​ទទួល​យក​បាន​ទេ»។​

VOA ​មិន​អាច​ទាក់ទង​ព្រះ​មេគណ​ខេត្ត​សៀមរាប​ ព្រះ​អង្គ ជុំ គឹមឡេង​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

លោក ​សេង សុមុនី ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ធម្មការ ​និង​កិច្ចការ​សាសនា ​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា ព្រះ​អង្គ​ លួន សុវ៉ាត​ មិន​គួរ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​នោះ​ទេ។​ លោក​បន្ត​ថា ​ប្រសិន​បើ​ព្រះអង្គ​គិត​ថា​ព្រះអង្គ​មិន​មាន​កំហុស ​ព្រះអង្គ​គួរ​តែ​ទៅ​បក​ស្រាយ​នៅ​មុខ​គណៈសង្ឃ​ខេត្ត​សៀមរាប​ ហើយ​មិន​ត្រូវ​គេច​ខ្លួន​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​ «គេ​មាន​សាក្សី​ត្រឹម​ត្រូវ។​ គេ​មាន​ទឡ្ហី​ករណ៍​ត្រឹមត្រូវ​បាន​គេ​ចេញ​សេចក្តី​សម្រេច​ហ្នឹង»។​

វីដេអូ​យ៉ាង​តិច​ចំនួន​៤​ ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ ជា​សំឡេង​របស់​ព្រះ​អង្គ​ លួន សុវ៉ាត​ ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Srey Da Chi-Kraeng។ ​នេះ​ជា​ទំព័រ​ហ្វេសប៊ុក​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ ​ដែល​មាន​អ្នក​ចុច​ Likes ​ទៅ​ដល់​ជាង ​១​ពាន់​នាក់។ ​វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ផ្សេង​ទៀត​ ដែល​មាន​រយៈ​ពេល​ជាង​ ៧​នាទី​ ជា​វីដេអូ​ថត​ចេញ​ពី​ការ​ខល​សន្ទនា​គ្នា​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ «លួន សុវ៉ាត»។ ​ការ​សន្ទនា​គ្នា​នេះ​មាន​និយាយ​ទាក់ទង​នឹង​ស្នេហា ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដូច​ជា​ម៉ាស្សា ​ឈឺ​ខ្នង ​ឈឺ​ចង្កេះ ​និង​ការ​ហៅ​មក​ជួប​គ្នា​ផង​ដែរ។

បើ​តាម​ព្រះ​អង្គ ​លួន សុវ៉ាត​ ក្រោយ​ថ្ងៃ​ចេញ​សេចក្តី​សម្រេច​ឲ្យ​ចាប់​ផ្សឹក​ព្រះ​អង្គ​ ​ប៉ូលិស​ខេត្ត​សៀមរាប​បាន​ចុះ​ទៅ​ឆែក​ឆេរ​ផ្ទះ​ព្រះ​អង្គ ​និង​រឹប​អូស​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ផង​ដែរ។​ ព្រះ​អង្គ​មាន​សង្ឃ​ដីកា​ថា​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ក្មួយ​ប្រុស​របស់​ព្រះ​អង្គ​ ២ ​នាក់​ ទៅ​សាកសួរ​នៅ​ស្នង​ការ​ខេត្ត ​ ហើយ​វាយ​ខ្នោះ​ដៃ ​និង​ឃុំ​ខ្លួន​ក្មួយ​ម្នាក់​១​យប់​២​ថ្ងៃ​ ទើប​មាន​ការ​ដោះលែង។​

ព្រះ​អង្គ​បន្ត​ថា​ ក្រុម​ប៉ូលិស​ក៏​បាន​ឆែកឆេរ​ផ្ទះ​និង​រឹបអូស​ទ្រព្យ​សម្បត្តិ​ឯកជន​ នៅ​ភូមិ​កំណើត​ក្នុង​ឃុំ​ជីក្រែង ​ស្រុក​ជីក្រែង ​ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​៧​ ខែ​មិថុនា ​ដោយ​ដក​ហូត​ទូរស័ព្ទ​ រថយន្ត​ Lexus 470​ មួយ​គ្រឿង ​កាមេរ៉ា​ជិត​ ១០ ​គ្រឿង ​ទូរទស្សន៍​ ១​ គ្រឿង ​ទូរ​ទឹកក ​ធុង​ទឹកកក ​និង​ឯកសារ​មួយ​ចំនួន​ទៀត។​ ព្រះ​អង្គ​បន្ថែម​ថា ​ទ្រព្យ​សម្បត្តិ​ដែល​ដក​ហូត​រក្សា​ទុក​ មិន​ទាន់​ប្រគល់​ឲ្យ​វិញ​ទេ។​

លោក​ ទិត្យ ណារ៉ុង​ ស្នងការ​នគរបាល​ខេត្ត​សៀមរាប​បញ្ជាក់​ថា​ ពិត​ជា​មាន​ការ​ចុះ​ទៅ​ឆែក​ឆេរ​ផ្ទះ​សាច់​ញាតិ​របស់​ព្រះ​អង្គ​ លួន សុវ៉ាត ​និង​រឹបអូស​ទ្រព្យ​សម្បតិ្ត​មួយ​ចំនួន​ ប៉ុន្តែ​លោក​ហាក់​ស្ទាក់​ស្ទើរ​ក្នុង​ការ​បញ្ជាក់​បន្ថែម។

លោក​មាន​ប្រសាសន៍​ថា៖​ «ខាង​តុលាការ ​គេ​យក​របស់​ដើម្បី​ត្រួត​ពិនិត្យ។ ​សម្ភារៈ​ដែល​ព្រះ​អង្គ​ធ្លាប់​ប្រើ ​វា​ពាក់ព័ន្ធ​អី​ខ្លះ។ ​គេ​រក​ការ​ពិត​ ដើម្បី​កុំ​ឲ្យ​គេ​ចោទ​លោក​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច»។​

នៅ​ពេល​សួរ​ថា ​តើ​ព្រះ​អង្គ លួន សុវ៉ាត​ ស្ថិត​នៅ​ក្រោម​ការ​សង្ស័យ​ប្រព្រឹត្ត​បទ​ល្មើស​អ្វី ​លោក ណារ៉ុង ​បញ្ជាក់​ថា៖​ «អត់​មាន​ប្រព្រឹត្ត​អី​ខុស​ទេ ព្រោះ​វា​ទាក់ទង​គេ​បង្ហោះ​ហ្វេសប៊ុក​របស់​លោក ហើយ​លោក​បាន​គេច​ព្រះ​កាយ​ ព្រះ​អី​ចេញ​ទៅ»។

លោក​បន្ត​ថា​ សម្ភារៈ​ទាំង​នោះ​នឹង​ត្រូវ​បញ្ជូន​មក​ភ្នំពេញ​ដើម្បី​ឲ្យ​មន្រ្តី​ជំនាញ​ពិនិត្យ​មើល។​

អ្នក​នាំពាក្យ​តុលាការ​ខេត្ត​សៀមរាប​លោក ​យិន ស្រាង​ មាន​ប្រសាសន៍​ថា​ ការ​ចុះ​ឆែកឆែរ​នោះ​មាន​ដីកា​ពី​តុលាការ។ ​ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ថា​ តើ​សង្ស័យ​ការ​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​នោះ​ទេ។​ លោក​ថា​នេះ​ជា «ការ​អង្កេត​បឋម»។​

លោក​បង្វែរសំណួរ​ទៅ​អ្នក​នាំ​ពាក្យ​ម្នាក់​ទៀត​គឺ​លោក​ ជួន សុបញ្ញា។​

លោក​ ជួន សុបញ្ញា ​អ្នក​នាំពាក្យ​របស់​តុលាការ​ខេត្ត​សៀមរាប​មួយ​រូប​ទៀត ​មាន​ប្រសាសន៍​ថា​ លោក​រង់​ចាំ​របាយ​ការណ៍​របស់​ប៉ូលិស​សិន។ ​នៅ​ពេល​សួរ​ថា​ តើ​តុលាការ​មាន​បាន​ចេញ​ដីកា​ឆែកឆេរ​ផ្ទះ​របស់​ព្រះ​អង្គ លួន សុវ៉ាត ​ឬ​យ៉ាងណា ​លោក​មិន​បញ្ជាក់​នោះ​ទេ ​គ្រាន់​តែ​ថា​ លោក​រង់ចាំ​របាយ​ការណ៍​របស់​ប៉ូលិស​ជា​មុន​សិន។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ ដែល​មាន​ក្រុម​ការងារ​តាម​ដាន​ករណី​នេះ ​មាន​ប្រសាសន៍​ថា ការ​នាំ​មនុស្ស​ទៅ​សាកសួរ ​និង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​គ្រួសារ ​គឺ​ជា​ការ​គួរ​ឲ្យ​សង្ស័យ​មួយ។​ លោក​បង្ហាញ​ការ​ងឿង​ឆ្ងល់​ថា​ មាន​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​អ្វី​ ពី​ព្រោះ​កន្លង​ទៅ​គ្រាន់​តែ​មាន​ការ​ចោទ​ប្រកាន់​រឿង​សន្ទនា​ស្នេហា ​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖​ «បើ​សិន​ជា​ទាក់ទង​នឹង​ពុទ្ធ​សាសនា ​បាន​ន័យ​ថា ​ខុស​វិន័យ​សង្ឃ។​ វា​ជា​រឿង​មួយ​ទាក់ទង​តែ​រឿង​សង្ឃ​ទេ។​ ​វា​អត់​មាន​បទ​ល្មើស​អី​ដែល​ត្រូវ​ទៅ​ឆែក​ឆេរ ​ដក​ហូត​ទ្រព្យ​សម្បត្តិ ​ដក​ហូត​វត្ថុតាង​អី​ទេ។​ អាហ្នឹង​ទាល់​វា​មាន​បទ​ល្មើស​អី​មួយ​កើត​ឡើង»។​

កាល​ពី​ឆ្នាំ​ ២០១២ ​ព្រះ​តេជគុណ​ លួន សុវ៉ាត ​បាន​ទទួល​រង្វាន់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (Martin Ennels Award) ​ដ៏​ល្បី​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស។ ​ព្រះ​អង្គ​ធ្លាប់​ចេញ​ព្រះ​ភក្ត្រ​នៅ​កន្លែង​តវ៉ា​នានា ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ និង​ការ​ទាម​ទារ​រក​យុត្តិធម៌​ផ្សេងៗ។​ ព្រះ​អង្គ​តែង​តែ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ដើម្បី​ថត​និង​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ព្រះ​អង្គ​ ដែល​មាន​អ្នក​ចុច​ Likes​ រហូត​ទៅ​ដល់​ជាង ​១០ ​ម៉ឺន​នាក់៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG