ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ជ្រើស​យក​លោក John Kelly អតីត​ឧត្តមសេនីយ៍​ជើង​ទឹក ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ


នៅ​ក្នុង​រូបថត​កាលពី​ថ្ងៃទី៨ ខែមករា​ ឆ្នាំ២០១៦ លោក​ឧត្តមសេនីយ៍ John Kellyថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​មន្ទីរ​បញ្ចកោណ។

ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក លោក Donald Trump បាន​ជ្រើសរើស​លោក​ឧត្តមសេនីយ៍​ជើង​ទឹក John Kelly ដែល​បាន​ចូល​និវត្តន៍ ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ។ ក្រសួង​នេះ​គឺ​ជា​ទីភ្នាក់ងារ​ដ៏​ធំ​មួយ​ដែល​ទទួល​ខុស​ត្រូវ​ខាង​កម្ចាត់​អំពើ​ភេរវកម្ម​និង​ប្រតិបត្តិ​ការ​តាម​សន្យា​របស់​លោក Trump ក្នុង​ការ​បង្ក្រាប​អន្តោប្រវេសន៍​ខុស​ច្បាប់។ នេះ​បើ​យោង​តាម​ក្រុមការងារ​រៀបចំ​ដំណើរការ​ផ្ទេរ​តំណែង​របស់​លោក Trump។

ក្រុម​មន្ត្រី​បាន​និយាយ​ថា លោកKelly ត្រូវ​បាន​តែងតាំង​ដោយសារ​តែ​ជំនាញ​របស់​លោក​ពាក់ព័ន្ធ​នឹង​ព្រំដែន​នៅ​ប៉ែក​និរតី​រវាង​សហរដ្ឋអាមេរិក​និង​ម៉ិចស៊ិក គួបផ្សំ​ជាមួយ​នឹង​បំណង​របស់​លោក​ក្នុង​ការដោះស្រាយ​បញ្ហា​ថ្នាំញៀន​ខុសច្បាប់ អំពើ​ភេរវកម្ម និង​ការ​គំរាមកំហែង​ដទៃទៀត ដែល​លោក​ជឿ​ថា​កើត​ចេញ​ពី​អាមេរិក​កណ្តាល​និង​អាមេរិក​ខាង​ត្បូង​នោះ។

កាល​ពី​ឆ្នាំ​២០១០ លោក​អនុសេនីយ៍ទោ Robert Kelly ដែល​ជា​កូន​ប្រុស​របស់​លោក Kelly ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ផ្ទុះ​គ្រាប់​មីន​មួយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ហេតុការណ៍​នោះ​បាន​ធ្វើ​ឲ្យ​លោក Kelly ក្លាយ​ទៅ​ជា​ឧត្ដមសេនីយ៍​អាមេរិក​ដែល​មាន​ឋានៈ​ខ្ពស់​ជាងគេ​បំផុត ដែល​បាន​បាត់បង់​កូន​នៅ​ក្នុង​សង្គ្រាម​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ឬ​ប្រទេស​អ៊ីរ៉ាក់។

លោក Kelly ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​បញ្ជាក់​ពី​ព្រឹទ្ធសភា​នោះ គឺ​ជា​អតីត​យោធា​ចុង​ក្រោយ​គេ​បង្អស់​ដែល​នឹង​ត្រូវ​បាន​តែងតាំង​សម្រាប់​តំណែង​នានា​នៅ​ក្នុង​រដ្ឋបាល​របស់​លោក Trump។ លោក Trump ក៏​បាន​តែងតាំង​លោក​ឧត្ដមសេនីយ៍ឯក Michael Flynn ដែល​បាន​ចូល​និវត្តន៍ ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ និង​លោក​ឧត្តមសេនីយ៍​ជើង​ទឹក James Mattis ដែល​បាន​ចូល​និវត្តន៍ ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ផង​ដែរ។ លោក​អគ្គសេនាធិបតី​ David Petraeus ដែល​បាន​ចូល​និវត្តន៍​ និង​ជា​អតីត​ប្រធាន​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់ CIA ផង​នោះ ត្រូវ​បាន​គេ​និយាយ​ថា​គឺ​បុគ្គល​ម្នាក់​ដែល​ស្ថិត​ក្រោម​ការ​ពិចារណា​សម្រាប់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក៕​

XS
SM
MD
LG