ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​កាត់ទោស​អតីត​មន្ត្រី​ប៉ូលិស​លើ​ករណី​ស្លាប់​លោក​ George Floyd​ ចាប់ផ្តើម​នៅ​ថ្ងៃចន្ទ​


អតីត​ប៉ូលិស​ក្រុង Minneapolis លោក Derek Chauvin (ស្ដាំ) កំពុង​អង្គុយ​ស្ដាប់ នៅ​ក្នុង​សវនាការ​កាត់​ក្ដី​លោក​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​ជនជាតិ​ស្បែកខ្មៅ លោក George Floyd ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

ការ​បកស្រាយ​ពី​អំណះអំណាង បានចាប់​ផ្តើម​ធ្វើ​ឡើង​នៅថ្ងៃចន្ទ​នេះ​ ​នៅ​ក្នុង​សវនាការ​កាត់ក្តី​មួយ​ទៅលើ​លោក​ Derek Chauvin​ មន្ត្រីប៉ូលិសទីក្រុង​ Minneapolis ​រដ្ឋ​ Minnesota ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​បុរស​ស្បែក​ខ្មៅ​លោក​ George Floyd​ កាលពី​ខែឧសភាឆ្នាំ​មុន។ ការស្លាប់​របស់​លោក Floyd នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ប៉ូលិស​បានបណ្តាល​ឲ្យ​មាន​បាតុកម្មប្រឆាំងតវ៉ា​នៅ​ជុំវិញ​ពិភពលោក។

ក្រុម​គណៈវិនិច្ឆ័យ​ដែល​មាន​សមាជិក​១២​រូប​ និងសមាជិក​បម្រុង​៣​នាក់​ផ្សេង​ទៀត​បាន​ស្តាប់​សក្ខីកម្ម​បកស្រាយនៅ​ក្នុង​សំណុំ​រឿង​កម្រិត​ខ្ពស់​មួយ​នេះ​ដែល​អាច​ប្រើ​ពេល​រហូត​ដល់​មួយ​ខែ។ ​

មន្ត្រី​ប៉ូលិស​លោក Chauvin ​អាយុ​៤៥​ឆ្នាំ​ដែល​ជា​បុរស​ស្បែក​ស​លើក​ឡើង​ថា​ លោក​មិន​មាន​កំហុស​ទេក្នុង​ការស្លាប់​របស់​លោក​ Floyd ដែល​មាន​អាយុ​៤៦​ឆ្នាំ​នោះ។​ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​ដោយ​ចេតនា​ ឃាតកម្ម​ដោយ​អចេតនា​និង​ មនុស្ស​ឃាត​ដោយ​ចេតនា។ ​ប្រសិន​បើត្រូវ​រកឃើញ​ថា​មាន​កំហុសគឺ​លោក​អាច​ជាប់ពន្ធនាគាររយៈពេល​ជា​ច្រើន​ឆ្នាំ។

លោកChauvin​ ថា​លោក​បាន​ប្រើប្រាស់​វិធីសាស្ត្រ​បណ្តុះ​បណ្តាល​របស់​ប៉ូលិស​ ក្នុង​ការចាប់​ខ្លួន​លោក​ Floyd ​ខណៈ​ពេល​លោក​បាន​យក​ជង្គង់​របស់​លោក​សង្កត់​ពី​លើ​ករបស់​លោកFloyd​ អស់​រយៈ​ពេល​ប្រមាណ​៩​នាទី។​ រឿង​នេះ​បាន​កើត​មាន​ឡើង​ ក្រោយម្ចាស់​ហាង​ទំនិញ​មួយ​កន្លែង​ បាន​ចោទប្រកាន់​លោក​ Floyd ​ពី​ការប្រើប្រាស់​ក្រដាស​ប្រាក់ ២០​ ដុល្លារ​ក្លែងក្លាយ​៕​

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG