ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​តួកគី៖ វិធានការ​អ.ស.ប.​ស្តី​ពី​ប្រទេស​ស៊ីរី​ជា​ជំហាន​វិជ្ជមាន​មួយ​សម្រាប់​សន្តិភាព


លោក​នាយក​រដ្ឋ​មន្ត្រី​ Ahmet Davutoglu របស់​ប្រទេស​តួកគី​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​បរទេស​នៅ​ក្នុង​ក្រុង Istanbul កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥។

លោក​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​តួកគី​និយាយ​ថា ​ការ​គាំទ្រ​របស់​អ.ស.ប.​ដល់​ផែនទី​បង្ហាញ​ផ្លូវ​ថ្មី​មួយ​សម្រាប់​សន្តិភាព​ក្នុង​ប្រទេស​ស៊ីរី​ជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​ដោះស្រាយ​សង្គ្រាម​ស៊ីវិល​ដ៏​យូរយារ និង​អស់​សោហ៊ុយ​ច្រើន​តាម​រយៈ​ការ​ទូត។​

ក៏​ប៉ុ​ន្តែទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​នាយក​រដ្ឋ​មន្ត្រី​ Ahmet Davutoglu បាន​មាន​ប្រសាសន៍​ថា​ សេចក្តី​សម្រេច​ចិត្ត​ដែល​បាន​ត្រូវ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​កាល​ពី​យប់​ថ្ងៃ​សុក្រ​មិន​បាន​ផ្តល់​កិច្ច​ការពារ​ដល់​ប្រជារាស្ត្រ​ស៊ីរី​ដែល​បាន​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​រួចស្រេច​ហើយ​នៅ​ក្នុង​រយៈពេល​ជិត​ប្រាំ​ឆ្នាំ​នៃ​ការ​បង្ហូរ​ឈាម​ដោយ​សារ «អំពើ​ឃោរឃៅ​របស់​ប្រធានាធិបតី​ស៊ីរី Bashar al-Assad»។

លោក Davutoglu និយាយ​ថា​ប្រទេស​តួកគី​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ស្វែង​រក​អន្តរកាល​នយោបាយ​មួយ​ក្នុង​ប្រទេស​ស៊ីរី​ឱ្យ​បាន​សមស្រប​តាម​សេចក្តី​ថ្លែងការណ៍​ក្នុង​ក្រុង​ហ្សឺណែវ​ស្តី​ពី​ប្រទេស​ស៊ីរី​កាល​ពី​ឆ្នាំ២០១២។​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ទី​មួយ​ដើម្បី​ព្រាង​ដំណោះស្រាយ​ជា​សក្តានុពល​នៃ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ស៊ីរី​នេះ​ចង់​ឃើញ​អង្គការ​គ្រប់គ្រង​អន្តរកាល​មួយ​ដែល​នឹង​ត្រូវ​បង្កើត​ដោយ​មាន​ការ​មូល​មតិ​គ្នា​ពី​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​នេះ។​

លោក​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​តួកគី​បាន​និយាយ​ដូច្នេះ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ Istanbul មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​បោះឆ្នោត​នៅ​ក្នុង​បុរី​ញូវយ៉ក​ដើម្បី​ផ្តល់​ការ​យល់ព្រម​ដល់​ផែនទី​បង្ហាញ​ផ្លូវ​មួយ​ដែល​បាន​ត្រូវ​សម្រេច​ឡើង​នៅ​ក្នុង​ការ​ប្រជុំ​មួយ​នៃ​ក្រុម​អន្តរជាតិ​គាំទ្រ​ប្រទេស​ស៊ីរី​ដែល​មាន​ប្រទេស​ជាតិ​២០​ជា​សមាជិក​គឺ​ស.រ.អា. និង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិកាំង ប្រទេស​រុស្សី ក្រុម​រដ្ឋ​អារ៉ាប់​ និង​ប្រទេស​ឯ​ទៀតៗ​ដែល​ទាក់ទិន​ក្នុង​សង្គ្រាម​ស៊ីរី។

នៅ​ពេល​ជា​មួយ​គ្នា​នេះ លោក​ប្រធានាធិបតី​រុស្សី Vladimir Putin បាន​និយាយ​ថា​ប្រទេស​លោក​មិន​បាន​ប្រើ​សមត្ថភាព​យោធា​ទាំង​អស់​របស់​ខ្លួន​ក្នុង​ប្រទេស​ស៊ីរី​ទេ​ ហើយ​ប្រហែល​ជា​នឹង​ប្រើ​មធ្យោបាយ​យោធា​ច្រើន​ជាង​មុន​នៅ​ក្នុង​ប្រទេស​នេះ​ប្រសិន​បើ​ជា​មាន​ការ​ចាំបាច់៕

XS
SM
MD
LG