ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស៖ វិបត្តិ​មនុស្សធម៌​ដែល​កាន់​តែអាក្រក់​របស់​ប្រទេស​យេម៉ែន អាច​បញ្ចៀស​បាន


គ្រួសារ​ជម្លៀស​ខ្លួន​ ដែលបាន​ចាកចោល​ផ្ទះសម្បែង​ពីតំបន់វាយ​ប្រយុទ្ធគ្នា​នៅទីក្រុង​ Hodeida ដែល​ជាទីក្រុង​កំពង់ផែ​ កំពុងអង្គុយ​ក្នុង​សាលារៀន​ជាទី​សម្រាប់​ប្រជាជន​ជម្លៀស​ក្នុងតំបន់​ Sanaa ប្រទេស​យេម៉ែន​ (រូបថត​ថ្ងៃទី២៣​ ខែមិថុនា​ ២០១៨)​។
គ្រួសារ​ជម្លៀស​ខ្លួន​ ដែលបាន​ចាកចោល​ផ្ទះសម្បែង​ពីតំបន់វាយ​ប្រយុទ្ធគ្នា​នៅទីក្រុង​ Hodeida ដែល​ជាទីក្រុង​កំពង់ផែ​ កំពុងអង្គុយ​ក្នុង​សាលារៀន​ជាទី​សម្រាប់​ប្រជាជន​ជម្លៀស​ក្នុងតំបន់​ Sanaa ប្រទេស​យេម៉ែន​ (រូបថត​ថ្ងៃទី២៣​ ខែមិថុនា​ ២០១៨)​។

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​មាន​ឈ្មោះ​ថា The Group of Eminent Experts on Yemen បាន​ស្តីបន្ទោស​ភាគី​ក្នុង​សង្គ្រាម​ទាំងអស់​លើ​វិបត្តិ​មនុស្សធម៌​ដ៏មហន្តរាយ ដែល​បាន​បង្ក​ឱ្យ​ជន​ស៊ីវិលរាប់​លាន​នាក់​រង​ទុក្ខវេទនា​ឥតប៉ាន់​ប្រមាណ​បាន​ក្នុង​រយៈពេល​ជាង​៤ឆ្នាំ​នៃ​សង្គ្រាម​ស៊ីវិល។ ក្រុម​អ្នក​ជំនាញ​ទាំង​នេះ​បាន​ធ្វើ​បទបង្ហាញ​លើ​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្សរបស់​អង្គការ​សហ​ប្រជាជាតិ​នៅក្នុង​ទីក្រុង​ហ្សឺណែវ។

ក្រុមអ្នក​ជំនាញ​ដដែល​នេះ​ និយាយ​ថា​ គ្មាន​ភាគី​ណាមួយ​ល្អ​ទេ​ក្នុង​សង្គ្រាម​នេះ។ ភាគី​ទាំង​អស់​សុទ្ធតែ​អាក្រក់។ ក្រុម​អ្នក​ជំនាញ បន្ត​ថា​ រដ្ឋាភិបាល​យេម៉ែន​ក្តី និង​សម្ព័ន្ធមិត្ត​ខ្លួនក្តី​ រួមមាន​ ប្រទេស​អារ៉ាប៊ីសា​អូឌីត​ និង​អេមីរ៉ាត​អារ៉ាប់រួម​ ក៏ដូចជា​ក្រុមឧទ្ទាម​ Houthi ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ និង​ក្រុម​ប្រដាប់​អាវុធ​ដែល​ជាប់​ពាក់ព័ន្ធ​ភាគី​ទាំង​នោះក្តី​ សុទ្ធតែ​ជា​អ្នក​ទទួលខុស​ត្រូវលើ​សោកនាដកម្ម និង​គ្រោះមហន្តរាយ​ដែល​បន្ត​រីករាល ដាល​ក្នុងប្រទេស​នេះ។

ប្រធាន​ក្រុមអ្នក​ជំនាញ​នេះ​ លោក​ Kamel Jendoubi បាន​និយាយថា​ វិបត្តិ​មនុស្សធម៌​ក្នុង​ប្រទេស​យេម៉ែន​ដែល​បង្ក​ឡើង​ដោយ​ការបាត់បង់​ជីវិត​មនុស្ស​ស្លូត​ត្រង់​ជារៀង​រាល់​ថ្ងៃ​នេះ ​អាច​បញ្ចៀស​បានទាំង​ស្រុង។ លោក​បាន​ដាក់​ការ​ស្តី​បន្ទោស​ទាំងស្រុង​លើ​ភាគី​ទាំងអស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​នេះ។ នេះបើ​យោង​តាមខ្លឹមសារ​តាមរយៈ​អ្នកបក​ប្រែ។

លោក​ Jendoubi បាន​និយាយ​ថា៖
«គ្មាន​ហេតុផល​ណា​ដែល​បណ្តោយ​ឱ្យ​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​យេម៉ែន​បន្ត​បែប​នេះ​ឡើយ។ ខ្ញុំ​ទទូច​ឱ្យ​សហគមន៍​អន្តរជាតិ​ប្រកាន់​ជំហរ​ជួយ​ប្រជាពលរដ្ឋ​យេម៉ែន។ ពួកគេ​មិនសម​នឹង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​សិទ្ធិ​មនុស្សជា​មូលដ្ឋាន​ត្រូវ​បាន​គេ​រំលោភ​បំពាន​ជា​ប្រចាំ​បែប​នេះ​ឡើយ។ គ្មាន​លេស​ណា​ដែល​បណ្តោយ​ឱ្យ​ការ​កាប់​សម្លាប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ និង​ការ​រំលោភបំពាន​បន្ត​ទៀត​ឡើយ។ ហើយក៏​គ្មានហេតុផល​ណា​ទៅ​ដកហូត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​សេរីភាព​នៃ​ជំនឿ​សាសនា និង​ការបញ្ចេញមតិ​ដោយ​គ្មាន​ការ​គាប​សង្កត់ និង​តាមឃ្លាំ​មើល​ឡើយ»។

កម្រង​ឯកសារ​របាយការណ៍​ដ៏​តក់ស្លុត​និង​ក្តុកក្តួល​របស់​ក្រុមអ្នក​ជំនាញ​សិទ្ធិ​មនុស្ស បានរៀបរាប់​លម្អិត​ពីការ​វាយប្រហារ​តាមអាកាស​ និង​តាម​ផ្លូវគោក​ទៅ​លើ​មន្ទីរពេទ្យ​ សាលារៀន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​នានាជា​ច្រើន។ របាយការណ៍​ដដែល​ ក៏បាន​បញ្ជាក់ពី​ការ​បាត់​បង់ជីវិត​ និង​ការរងគ្រោះ​នានា​ផងដែរ និង​រៀប​រាប់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​គ្រប់​ទីកន្លែង​ ការ​រំលោភបំពាន​ ការចាប់​ឃុំឃាំង​មនុស្ស​តាម​អំពើចិត្ត​ និង​ការ​បង្អត់​អាហារ​ជន​ស៊ីវិល​ ដើម្បី​ធ្វើ​ជា​អាវុធ​យុទ្ធសាស្រ្ត​សម្រាប់​ធ្វើ​សង្គ្រាម។ ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ដដែល​នេះ​ បាន​រាយការណ៍​ថា​ សកម្មភាព​បែប​នេះ នឹង​អាច​រាប់​ចាត់ទុក​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​បាន។ ក្រុម​អ្នក​ជំនាញ​នេះ បាន​និយាយ​ទៀត​ថា ជនល្មើស​ទាំងនោះ​ត្រូវតែ​ផ្តន្ទាទោស និង​យកមក​កាត់ក្តី​នៅ​តុលាការ។

លោកស្រី Michelle Bachelet ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ក៏​យល់​ស្រប​នឹង​ការ​វាយតម្លៃ​នេះ​ដែរ។

លោកស្រី​ បាន​និយាយ​ថា៖
«ប្រជាពលរដ្ឋ​យេម៉ែន​ កំពុងរស់​នៅ​ក្នុងវិបត្តិ​មនុស្សធម៌​ដ៏ធ្ងន់​ធ្ងរ។ គ្រប់​ស្ថានភាព​ទុក្ខវេទនា​ និង​ការ​ឈឺចាប់​ដែល​នឹក​ស្មាន​មិនដល់​ កើត​មាន​ក្នុង​ជម្លោះនេះ​ តួយ៉ាង​ សង្គ្រាម​ ជំងឺ​ គ្រោះទុរ្ភិក្ស​ ការ​ដួល​រលំ​សេដ្ឋកិច្ច​ ភេរវកម្ម​អន្តរជាតិ​ ការរំលោភ​សិទ្ធិមនុស្ស​ពេញ​ផ្ទៃ​ប្រទេស និងអំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នានា»។

លោកស្រី​ Bachelet បាន​និយាយ​ថា​ ចំនួន​ជន​ស៊ីវិល​ដែល​បាត់​បង់​ជីវិត​នៅបន្ត​កើន​ឡើង។ លោក​ស្រី បានបន្ត​ថា ប្រជាពលរដ្ឋ​ភាគច្រើន​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​ពី​ក្រុមសម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត។ របាយការណ៍​ចុងក្រោយ​បំផុត​ បញ្ជាក់​ថា​ចាប់ពី​ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០១៥​មក ចំនួន​ជនស៊ីវិល​បាត់បង់​ជីវិតមាន​ជាង​៧.៥០០​នាក់។ ក្នុងនោះ​ ជនរង​គ្រោះ​ជា​កុមារ​ស្មើនឹង​ជាង​មួយ​ភាគ​បួន​នៃ​ចំនួន​អ្នកបាត់​បង់​ជីវិត។

ក្នុង​ប្រយោគ​ខ្លីៗ និង​ច្បាស់ៗ អ្នកតំណាង​ឱ្យ​រដ្ឋាភិបាល​យេម៉ែន​ទាត់​ចោល​របាយការណ៍​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស និង​បានចាត់​ទុក​ថា​របាយការណ៍​នេះ​មាន​លក្ខណៈ​នយោបាយ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG