ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស ខេង ថ្លែង​ការពារ​ការ​​ចាប់​ខ្លួន​បុគ្គល​ដែល​​ចែក​រំលែក​ព័ត៌មាន​ក្លែងក្លាយ​អំពី​ Covid-19


រូបឯកសារ៖ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ឆ្វេង) សន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិនពិតពាក់​ព័ន្ធ​ទៅនឹង​មេរោគ​ឆ្លង​កូរ៉ូណា​ ឬ​ Covid-19​ មិនមែន​ជា​បែប​ផែន​នៃ​ការ​បញ្ចេញ​មតិនោះ​ទេ​ ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវចាត់​វិធាន​ការ​ទប់​ស្កាត់ដើម្បី​បញ្ចៀស​ចលាចល​ក្នុង​សង្គម។ ​នេះ​ជា​ការ​កត់​សម្គាល់​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង។​

ថ្លែង​នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​ព្រៃវែង​ លោក ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ រដ្ឋ​ធម្មនុញ្ញ​កម្ពុជាបាន​ចែង​ថា​ ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយស្តី​ តែ​ការ​និយាយ​នោះ​មិន​ត្រូវ​ប៉ះពាល់​សិទ្ធិ​អ្នក​ដទៃ​ ឬក៏​បង្ក​ឲ្យ​មាន​ភាព​ច្របូក​ចប្រល់​ក្នុង​សង្គម​នោះ​ទេ។​

លោក​បាន​បន្ថែម​ថា​ ការចាប់​ខ្លួន​បុគ្គល​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិតទាក់​ទង​នឹង​ស្ថានភាព​នៃ​ការ​ឆ្លង​កូរ៉ូណា​វីរុស​ ឬ ​Covid-19​ មិនមែន​ធ្វើ​ឡើង​តាម​តែនឹក​ឃើញ​ទេ ​ តែ​ជាវិធាន​ការ​ត្រឹម​ត្រូវ​តាមច្បាប់ ​ប្រឆាំងអ្នក​ដែល​ដឹងពី​ផល​វិបាក​នៃ​ការ​ផ្សាយ​ព័ត៌មាន​មិនពិត​ ហើយ​នៅតែ​ប្រព្រឹត្ត។​

«អ្នក​ខ្លះ​ថា ​ វិធាន​ការ​ឃាត់​ឃាំង​ចឹង​វាមិន​សមស្រប​ទេ​ គួរតែ​អប់រំ​ជា​សំខាន់។ ​យើង​យល់​បញ្ហា​ហ្នឹង​ មិន​មែន​មិន​យល់​ទេ។​ ប៉ុន្តែ​អ្នកខ្លះ​អប់រំយ៉ាង​ម៉េច?​ និយាយ​យ៉ាង​ម៉េច​ ក៏​មិន​នៅ​តែ​គាត់​មិន​ស្តាប់។​ បើ​ថា​ គាត់​ដាក់​ចិត្ត​មិន​ស្តាប់​ហើយ​ ​វានៅ​តែ​អ៊ីចឹង​ដែរ។​ វានៅ​អ៊ីចឹងត​ទៅ​ទៀត។​ វា​អត់​មាន​អី​ប្រែប្រួល​ទេ។​ អ៊ីចឹង​ហើយ​និយាយ​ដូច្នេះ​ មិនមែន​ចង់​ថា​ យើង ​ដូច​ថា​ វិធាន​ការ​ងាក​ចាប់​ ងាក​ចង​ ងាក​ចាប់​ ងាក​ចង​ទេ។​ យើង​តែង​តែ​យក​ការ​ផ្សព្វផ្សាយ​ យក​ការ​អប់រំ​ជា​សំខាន់»។​

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ មន្ត្រី​នគរបាល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​សៀមរាប បាន​ចាប់​ខ្លួន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ពីរនាក់ ចំពោះ​ការ​បង្ហោះ​ព័ត៌មាន​ដែល​ថា​ វៀតណាម​ជា​ប្រទេស​ដែល​បាន​បញ្ជាក់​ថា​ ​កម្ពុជា​មាន​ករណីឆ្លងកូរ៉ូណា​វីរុស​ និង​ព័ត៌មាន​ដែល​ថា​ ​មាន​ពលរដ្ឋ​មួយ​គ្រួសារ​បាន​ឆ្លង​មេរោគ​នេះ​នៅ​ខេត្តសៀមរាប។ ​មន្ត្រី​នគរបាល​អះអាង​ថា​ ព័ត៌មានដែលបាន​ផ្សព្វ​ផ្សាយ​ដោយ​អ្នក​ទាំងពីរ​នេះជា​ព័ត៌មាន​ក្លែងក្លាយ។​

កាល​ពី​ថ្ងៃទី​១១​ ខែ​មីនា​នេះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្តសៀមរាបបាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ ភុត ថុនា ហៅ ឡន នី​ អាយុ​៣៥​ឆ្នាំ ​និង​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ «ឡនលី ​គ្រួសារ​រីករាយ» ​ក្រោម​បទ​ចោទ​ «ក្លែងព័ត៌មាន»។ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​នៅ​ខេត្ត​សៀមរាប។​

លោក​ ហួត សុធី​ ស្នង​ការរង​ប៉ូលិស​ខេត្តសៀម​រាប​ បាន​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​ថា​ មន្ត្រី​នគរបាល​ខេត្តបាន​ឃ្លាំ​មើល​សកម្ម​ភាព​ផ្សព្វផ្សាយព័ត៌មាន​មិន​ពិត​របស់​លោក​ ភុត ថុនា​ ជា​ច្រើន​ថ្ងៃ ​មុន​ឈាន​ដល់​ការ​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ពុធ។ ​លោក​ថា​ លោក​ ភុត ថុនា ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​ចន្លោះ ​ថ្ងៃ​ទី៥ និង​១០​ ខែ​មីនា។​

«យើង​តាម​ដាន​យូរ​ដែរ​ហើយ ​យើង​ប្រមូល​ព័ត៌មាន​បាន​គ្រប់ ភស្តុតាង​គ្រប់គ្រាន់​ ហើយ​យើង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ហើយ​ខាង​អយ្យការ​ក៏​បាន​ចោទ ​ហើយ​ចៅ​ក្រម​ក៏​បាន​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ន»។​

VOA ​បាន​ព្យាយាម​សុំ​ឲ្យ​លោក​ សុធី​ ផ្តល់​សេចក្តី​ពន្យល់​ត្រួសៗ​អំពី​ខ្លឹមសារ​នៃ​ការ​បង្ហោះ​របស់​លោក ​ភុត ថុនា​ នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​នាំដល់​ការ​ចាប់​ខ្លួន​លោក ​ភុត ថុនា​ តែ​លោក​បាន​ស្នើ​ឲ្យ ​VOA​ ចូល​ទៅមើល​ការ​បង្ហោះ​របស់​លោក​ ភុត ថុនា​ តាម​គណនី​ហ្វេសប៊ុក​ឡនលី ​គ្រួសារ​រីករាយ។​

បើ​តាម​ការ​បង្ហោះ​ជាច្រើន​នៅគណនី​ហ្វេសប៊ុក​របស់​លោក ​ភុត ថុនា ​នោះមាន​ឃ្លីប​វីដេអូ​ចំនួន​ពីរ​បាន​បង្ហាញពីការអធិប្បាយ​របស់​យុវជន​ម្នាក់​ និង​ស្ត្រី​ម្នាក់​ ដែល​និយាយ​អំពី​សេចក្តី​រាយ​ការណ៍​របស់​បណ្តាញ​ព័ត៌មាន​វៀត​ណាម ដែល​បាន​រាយ​ការណ៍​ថា​ មាន​ពលរដ្ឋ​ជប៉ុន​ម្នាក់​មាន​ផ្ទុក​កូរ៉ូ​ណា​វីរុស ​ហើយ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ តែរដ្ឋាភិបាល​កម្ពុជា​មិន​តវ៉ា​នឹង​ការ​ផ្សាយ​នោះ​ និង​មិនមាន​វិធាន​ការ​ហ្មត់ចត់តាម​ដាន​ការ​ធ្វើ​ដំណើរ និង​ទីកន្លែង​ស្នាក់​នៅរបស់​ជនជាតិ​ជប៉ុន​នោះ​នៅ​កម្ពុជាទេ។ ​

លោក​ ភុត ថុនា បាន​ចែក​រំលែក​ឃ្លីប​វីដេអូ​ទាំង​ពីរ​នេះ​កាល​ពី​ថ្ងៃទី​៥​និង​ទី​៦​ខែ​មីនា​កន្លង​ទៅ។​

លោក ​ភុត ថុនា​ ដែល​មាន​ទីកន្លែង​កំណើត​នៅ​ទីក្រុង​ភ្នំពេញ ​និង​មាន​មុខរបរ​ជា​អ្នករត់​ម៉ូតូ​កង់​បី ត្រូវ​បាន​ចោទ​ ដោយ​ផ្អែក​តាម​មាត្រា​៤២៥​ នៃ​ក្រមព្រហ្មទណ្ឌនៃ​ប្រទេស​កម្ពុជា។​

មាត្រា​៤២៥​នៃ​ក្រមព្រហ្ម​ទណ្ឌ​បាន​ចែង​ថា៖ «ត្រូវផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១(មួយ)ឆ្នាំ​ទៅ​២(ពីរ)​ឆ្នាំ​ និង​ពិន័យ​ជាប្រាក់​ពី២.០០០.០០០​(ពីរ​លាន)រៀលទៅ៤.០០០.០០០​(បួន​លាន)រៀលអំពើ​ផ្តល់​ ឬ​បើក​កកាយ​ព័ត៌មាន​ក្លែង​ដើម្បី​ធ្វើ​ឲ្យ​ជឿ​ថា​ នឹង​កើត​មាន​ឡើង​នូវ​ការ​បំផ្លិច​បំផ្លាញ​ ការ​ធ្វើ​ឲ្យ​ទ្រុឌទ្រោម​ ឬ​ការធ្វើ​ឲ្យ​ខូច​ខាត​ ប្រកប​ដោយ​គ្រោះ​ថ្នាក់​ចំពោះ​មនុស្ស»។​

យោង​តាមគេហទំព័រ​របស់​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ ភុត ថុនា ក៏​ត្រូវ​បាន​ចោទ​ថា​ បាន​«ជេរ​ប្រមាថ​ថ្នាក់​ដឹកនាំ​តាម​បណ្តាញ​សង្គម»។ ​ប៉ុន្តែ​របាយ​ការណ៍​មិន​បាន​បញ្ជាក់​ពីខ្លឹម​សារ​នៃ​ការ​ជេរ​ប្រមាថ​នោះ​ទេ។​

ដោយ​ឡែក​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ មន្ត្រី​នគរបាល​ខេត្តកំពតបាន​ឃាត់​ខ្លួន​យុវតី​ម្នាក់​ឈ្មោះ​ នាង​យូម៉ី​ ហៅក្រៅ ​«ម៉ី»ជាម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Mey Royal ​ចំពោះការ​ចែករំលែក​ព័ត៌មាន​ក្លែងកា្លយ​អំពី​ការ​ឆ្លង​កូរ៉ូណាវីរុស​នេះ​ តែ​យុវតី​រូប​នេះត្រូវ​បាន​ដោះលែង​ បន្ទាប់​ពី​យុវតី​រូប​នេះបាន​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ។ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ។ ​

លោក ​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុតិ្តធម៌​ បាន​ប្រាប់ VOA ​កាល​ពីថ្ងៃ​ពុធ​ថា​ លោក​ អង្គ វង្ស​វឌ្ឍនា ​រដ្ឋ​មន្ត្រី​ក្រសួង​យុតិ្តធម៌ បាន​ណែ​នាំ​ឲ្យ​ព្រះ​រាជអាជ្ញា​ទាំង​នៅ​ទីក្រុង​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​នានា​ ចាត់​វិធានការ​ច្បាប់ប្រឆាំង​នឹង​បុគ្គល​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងកា្លយ​ ទាក់​ទិន​ការ​ឆ្លង​កូរ៉ូណាវីរុស​ ឬ​ Covid-19។ ​លោក​មាន​ប្រសាសន៍​ថា​ វិធានការ​ច្បាប់​នេះ​គឺទប់​ស្កាត់​ការបង្កចលាចល​ក្នុង​សង្គម​ដោយ​ជន​ទុច្ចរិត​មួយ​ចំនួន។​

លោក ​អំ សំអាត​ នាយក​រង​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ​ផ្តល់​ការ​កត់សម្គាល់ថា​ អាជ្ញាធរ​កម្ពុជាត្រូវបង្កើន​ការ​អប់រំ​ពលរដ្ឋ​ឲ្យ​យល់​ច្បាស់​ពី​ការ​ឆ្លង​ និង​ការ​បង្ការ​កូរ៉ូណាវីរុស​នេះ​ ជា​ជាង​ការ​ចាត់​វិធាន​ការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​ការ​និយាយ​ស្តី​របស់​ពួក​គេ​អំពី​មេរោគឆ្លង​នេះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG