ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជីវករ​ព្រម​ផ្អាក​លក់​គ្រឿងស្រវឹង​ចំនួន​២ថ្ងៃ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់


អាជ្ញាធរ​បាន​ដាក់​បម្រាម​ការ​ជួញ​សុរា ​និង​សេវា​កម្ម​កម្សាន្ត​អំឡុង​ពេល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នា​ដើម​ខែ​មិថុនា ​ឆ្នាំ២០១៧។ ​(អូន ឆេងប៉រ/VOA)​
អាជ្ញាធរ​បាន​ដាក់​បម្រាម​ការ​ជួញ​សុរា ​និង​សេវា​កម្ម​កម្សាន្ត​អំឡុង​ពេល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នា​ដើម​ខែ​មិថុនា ​ឆ្នាំ២០១៧។ ​(អូន ឆេងប៉រ/VOA)​

ខណៈ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាន់​តែ​ខិត​ចូល​មក​ដល់​ក្រុម​អាជីវករ បាន​យល់​ព្រម​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​ចំនួន​២​ថ្ងៃ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ និង​អាជីវករ​ ផ្អាក​ការ​ទទួលទាន​និង​ធ្វើ​អាជីវកម្ម​គ្រឿង​ស្រវឹង​ ដើម្បី​ធានា​បរិយាកាស​បោះឆ្នោត​មួយ​ដែល​គ្មាន​ហិង្សា​ និង​ទំនាស់​នានា។

ម្ចាស់​អាជីវកម្ម​លក់ដូរ​គ្រឿង​ស្រវឹង​មួយ​ចំនួន​ក្នុង​ក្រុង​ភ្នំពេញ​ប្រាប់​ ​VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ពួកគេ​មិន​ជំទាស់​បម្រាម​របស់​រដ្ឋាភិបាល​ ​ដែល​សុំ​ផ្អាក​លក់​ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​ និង​ក្នុង​ថ្ងៃ​បោះឆ្នោត​ជ្រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នោះ​ទេ។

សេចក្ដី​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​២៦​ ខែ​ឧសភា​ ​បាន​ឲ្យដឹង​ថា​ ការ​ស្នើ​ឲ្យ​ផ្អាក​លក់​គ្រឿង​ស្រវឹង​នេះ​ មាន​បំណង​ធ្វើ​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ខាង​មុខ​ ប្រព្រឹត្តទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ គ្មាន​អំពើ​ហិង្សា​ គ្មាន​ការ​គំរាមកំហែង​ គ្មាន​ការ​បំភិត​បំភ័យ​ និង​បាតុភូត​នានា​ ដែល​អាច​កើតមាន​ឡើង​ ដោយ​សារ​តែ​ការ​ពិសា​គ្រឿង​ស្រវឹង​នោះ។​

សេចក្ដី​ណែនាំ​ដដែល ​ក៏​ស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្អាក​ពិសា​គ្រឿង​ស្រវឹង​ផង​ដែរ។​ សេចក្ដី​ណែនាំ​បាន​សរសេរ​ថា៖

«ប្រជាពលរដ្ឋ​ខ្មែរ​ និង​ជនបរទេស​ទាំង​អស់​ ដែល​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​រួម​សហ​ការ​ជាមួយ​រាជរដ្ឋាភិបាល​ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់​ថ្នាក់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ និង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ ពាណិជ្ជករ​ និង​អាជីវករ​ ដោយ​ត្រូវ​ផ្អាក​ការ​លក់​ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​មួយ​ថ្ងៃ​ មុន​ថ្ងៃ​បោះ​ឆ្នោត​ និង​ថ្ងៃ​បោះឆ្នោត»។

អ្នកលក់​ដូរ​គ្រឿង​ស្រវឹង​នៅ​រាជធានី​ភ្នំពេញ​និយាយ​ថា​ ​ពួក​គេ​នឹង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ ដើម្បី​ញ៉ាំង​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​មួយ​ដែល​មាន​ការ​យោគយល់​គ្នា​ និង​ការ​ទទួល​ខុស​ត្រូវ។

លោក​ គីម ពៅ វ័យ​ ៤៩​ឆ្នាំ​ ជា​សាច់ញាតិ​របស់​ម្ចាស់​ហាង​លក់​គ្រឿង​ភេសជ្ជៈ​ ​និង​ទឹកស្រវឹង​ និយាយ​ថា​ លោក​មិន​មាន​ការ​យល់​ទាស់​នឹង​ការ​ណែនាំ​របស់​រដ្ឋាភិបាល​នោះ​ទេ។

លោក​ថ្លែង​ប្រាប់ ​VOA យ៉ាង​ដូច្នេះ​ថា៖​

«កាលណា​យើង​បោះឆ្នោត​ហើយ​ ម៉ោង​បី​ ម៉ោង​បួន​ យើង​អាច​លក់​វិញ​បាន​ហើយ។​ អញ្ចឹង​ដូចជា​មិន​អី​ទេ​ ព្រោះ​ដើម្បី​រក្សា​សុវត្ថិភាព​ ទី​មួយ​គឺ​រក្សា​សុវត្ថិភាព​លើ​ផ្លូវ​ថ្នល់​ផង​ ព្រោះ​អ្នក​ហូប​ស្រា​ស្រវឹង។ អញ្ចឹង​តាម​យោបល់​ខ្ញុំ​មិន​អី​គឺ​ល្អ​ ខ្ញុំ​អាច​ទទួល​យក​បាន»។

អាជ្ញាធរ​បាន​ដាក់​បម្រាម​ការ​ជួញ​សុរា ​និង​សេវា​កម្ម​កម្សាន្ត​អំឡុង​ពេល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នា​ដើម​ខែ​មិថុនា ​ឆ្នាំ២០១៧។ ​(អូន ឆេងប៉រ/VOA)​
អាជ្ញាធរ​បាន​ដាក់​បម្រាម​ការ​ជួញ​សុរា ​និង​សេវា​កម្ម​កម្សាន្ត​អំឡុង​ពេល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នា​ដើម​ខែ​មិថុនា ​ឆ្នាំ២០១៧។ ​(អូន ឆេងប៉រ/VOA)​

យ៉ាងណា​ក៏​ដោយ​ ​អាជីវករ​មួយ​ចំនួន​ទៀត​ ​ឬ​អ្នក​បម្រើការ​ក្នុង​ហាង​ដែល​មាន​លក់​គ្រឿង​ស្រវឹង​និយាយ​ថា​ ​ពួក​គេ​មិន​ទាន់​ទទួល​បាន​ការ​ណែនាំ​ពី​រាជរដ្ឋាភិបាល​សម្រាប់​ការ​ផ្អាក​លក់​គ្រឿង​ស្រវឹង​ក្នុង​មួយ​រយៈពេល​ខ្លី​នេះ​ទេ។

​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​រូប គឺ​លោក​ ​អឿន ឯម​ ​វ័យ​ ៣៦​ឆ្នាំ​ ប្រាប់​ VOA ​ថា​ សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​ដែល​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ផ្អាក​ផឹក​ទឹក​ស្រវឹង​មួយ​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត​ ​និង​ក្នុង​ថ្ងៃ​បោះឆ្នោត​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ជំរុញ​ឲ្យ​ការ​បោះឆ្នោត​ដំណើរ​ទៅ​ដោយ​រលូន។

លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ត្រូវ​អត់​ធ្មត់​មិន​ទទួល​ទាន​ទឹកស្រវឹង​ក្នុង​ឱកាស​បោះឆ្នោត​ដ៏​សំខាន់​នេះ។

«មុន​នឹង​ជិត​ចូល​ការ​បោះឆ្នោត​ហ្នឹង​ ខ្ញុំ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក​ញ៉ាំ​ស្រា​ ​ពី​ព្រោះ​កាល​ណា​យើង​ញ៉ាំ​ស្រា​ទៅ​វា​អាច​មាន​បញ្ហា​អសន្តិសុខ​ដល់​សង្គម​ទាំង​មូល»។

សេចក្ដី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ក៏​បាន​ស្នើ​ដល់​ក្រសួង​ ស្ថាប័ន​ កង​រាជ​អាវុធ​ហត្ថ​ កង​នគរបាល​ជាតិ​ រួម​ជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​ធ្វើ​ការ​បំពាក់​បំប៉ន​ដល់​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ និង​ផ្សព្វ​ផ្សាយ​ អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ជន​បរទេស​ទាំងអស់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ អនុវត្ត​ការ​ផ្អាក​លក់​ដូរ​ និង​ពិសា​គ្រឿង​ស្រវឹង​ផង​ដែរ។

លោក​ ​យង់​ គិមអេង​ ​នាយក​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ ​លើក​ឡើង​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​ម្ចាស់​អាជីវកម្ម​លក់​គ្រឿងស្រវឹង​ ត្រូវ​ចូលរួម​អនុវត្ត​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​ ដែល​នឹង​ជួយ​ទប់ស្កាត់​សកម្មភាព​ ​ហិង្សា​ និង​ទំនាស់​នានា​មុន​ និង​ក្នុង​ថ្ងៃ​បោះឆ្នោត។ លោក​ថា​ ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូច​ជា​ថៃ​ និង​ហ្វីលីពីន​ ក៏​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​របស់​គេ​ ធ្វើ​ដូច្នេះ​ដែរ​ក្នុង​រយៈពេល​បោះឆ្នោត​ដ៏​សំខាន់​នេះ។

«នៅ​ថៃ​រឹត​តែ​មានការ​តឹងរ៉ឹង​ជាង​ស្រុក​ខ្មែរ​ទៀត​បាទ​ សូម្បី​តែ​ថ្ងៃ​ មិនបាច់​ចាំ​ថ្ងៃ​បោះឆ្នោត​ទេ​ នៅ​ថៃ​នោះ​ តែ​ថ្ងៃ​សីល​ ថ្ងៃ​ពិសាខបូជា​អី​ គេ​មិន​ឲ្យ​ផឹក​ស្រា​ផង​បាទ។ ហើយ​និង​ បើ​នៅ​ហ្វីលីពីន​ ដែល​យើង​ថា​ នៅ​ក្នុង​អាស៊ាន​នេះ​ ហ្វីលីពីន​ស្ដេច​ផឹក​ជាង​គេ​បាទ​ ថ្ងៃ​បោះឆ្នោត​ គឺ​ថា​ស្ងាត់​ឈឹង​ អត់​មាន​ឲ្យ​លក់​ អត់មាន​ឲ្យ​ផឹក​ទេ​បាទ»។

លោក​ថា​ ម្ចាស់​អាជីវកម្ម​លក់​គ្រឿង​ស្រវឹង​ គួរ​លះបង់​ការ​ខាតបង់​របស់​ខ្លួន​មួយ​គ្រា​ ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ជាតិ​ស្រវឹង​ និង​ទំនាស់​ផ្សេងៗ។

«បើ​សិន​ណា​មាន​ហិង្សា​កើត​ឡើង​ ផ្ទុះ​ហិង្សា​ មានការ​កើត​ឡើង​រាលដាល​ធំដុំ​ ដោយសារ​តែ​ការ​ផឹក​ស្រា​ហ្នឹង​គឺ​ អ្នក​រក​ស៊ី​ហ្នឹង​ មិនមែន​ខាត​តែ​មួយថ្ងៃ​ទេ​ មិនមែន​ខាត​តែ​មួយ​ថ្ងៃ​ ពីរ​ថ្ងៃ​ទេ​ ខាត​រាប់​ខែ​ណោះ។ អញ្ចឹង​គឺ​រឿង​ហ្នឹង​ គឺ​សំខាន់​ណាស់​បាទ​ ដែល​អ្នក​រកស៊ី​ទាំង​អស់​ហ្នឹង​ គឺ​អ្នក​ដែល​លក់​ដូរ​រឿង​គ្រឿង​ស្រវឹង​ហ្នឹង​ គាត់​ត្រូវ​តែ​មាន​ការ​យល់​ពី​បញ្ហា​ហ្នឹង​បាទ»។

បន្ថែម​លើ​សេចក្ដី​ណែនាំ​ឲ្យ​ផ្អាក​លក់​ និង​ទទួល​ទាន​គ្រឿងស្រវឹង​នេះ​ រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ ក៏​គ្រោង​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ ​ជាង​៥ម៉ឺន​នាក់​សម្រាប់​ការពារ​អំឡុង​ពេល​បោះ​ឆ្នោត​ និង​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ទី៤ ​ខែ​មិថុនា​ផង​ដែរ។

កង​កម្លាំង​ដែល​រួម​មាន​នគរបាល​ជាតិ​ កង​រាជ​អាវុធហត្ថ​ និង​កង​យោធពល​ខេមរភូមិន្ទ​ នឹង​ត្រូវ​ដាក់​ឱ្យ​ឈរ​ជើង​តាម​ការិយាល័យ​បោះឆ្នោត ដើម្បី​ការពារ​ស្នាក់​ការ​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​ត្រៀម​អន្តរាគមន៍​តំបន់​ភូមិ​សាស្ត្រ​ក្នុង​និង​ក្រៅ​ក្រុង​ស្រុក​ខណ្ឌ ​ជាដើម៕

XS
SM
MD
LG