ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​បារម្ភ​ថា អតិផរណា​ស្បៀង​អាហារ​នៅ​នីហ្សេរីយ៉ា​អាច​នឹង​ធ្វើ​ឱ្យ​វិបត្តិ​ស្រេក​ឃ្លាន​កាន់តែ​អាក្រក់


បុរស​ម្នាក់​កំពុង​អង្គុយនៅ​តូប​របស់​ខ្លួន​ក្នុង​ផ្សារ​ Lagos កាលពីថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០២៣។
បុរស​ម្នាក់​កំពុង​អង្គុយនៅ​តូប​របស់​ខ្លួន​ក្នុង​ផ្សារ​ Lagos កាលពីថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០២៣។

អ្នកលក់​ម្ហូប​អាហារ​តាម​ផ្លូវ​ជនជាតិ​នីហ្សេរីយ៉ា អ្នកស្រី Vivian Nwankwo បាន​ចាប់ផ្តើម​អាជីវកម្ម​របស់​អ្នកស្រី​កាលពី ៤ ឆ្នាំ​មុន​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ បន្ទាប់ពី​ស្វាមី​របស់​អ្នកស្រី​បាន​ស្លាប់។

ក៏ប៉ុន្តែ​អ្នកស្រី​បាន​ថ្លែង​ថា ដោយសារ​តម្លៃ​គ្រឿង​សម្រាប់​ធ្វើ​ម្ហូប​អាហារ​បន្ត​កើន​ឡើង ប្រាក់​ចំណេញ​របស់​អ្នកស្រី​បាន​ធ្លាក់​ចុះ​ជាង​ពាក់​កណ្តាល និង​បង្ខំ​ឱ្យ​អ្នកស្រី​ផ្អាក​ការសិក្សា​របស់​កូន​ពីរ​នាក់​របស់​អ្នកស្រី ដើម្បី​យក​ប្រាក់​មក​ចិញ្ចឹម​គ្រួសារ។

អ្នកស្រី Vivian បាន​ថ្លែង​ថា៖ «ពី​មុន​យើង​អាច​ទប់ទល់​បាន ប៉ុន្តែ​ឥឡូវ​អ្វីៗ​មាន​តម្លៃ​ថ្លៃ​ពេក។ វា​ពិបាក​នឹង​ទប់ទល់ ឬ​រក​ប្រាក់​ចំណេញ​ណាស់។ មនុស្សម្នា​ត្អូញត្អែរ ហើយ​ពេល​ខ្លះ​ ខ្ញុំ​ក៏​ខាត​ដែរ។ សូម្បី​តែ​កូន​ខ្ញុំ​ពីរ​នាក់​ដែល​កំពុង​រៀន​ក៏​មិន​បាន​ទៅ​រៀន​រាល់​ថ្ងៃ​ដែរ ព្រោះ​ខ្ញុំ​មិន​អាច​ផ្គត់ផ្គង់​ពួកគេ​បាន​គ្រប់​ពេល»។

នៅ​នីហ្សេរីយ៉ា​មាន​មនុស្ស​រាប់​លាន​នាក់​ដូច​អ្នកស្រី Vivian ដែល​កំពុង​តស៊ូ​ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​របស់​ពួកគេ។

អង្គការ​សហ​ប្រជាជាតិ​ប៉ាន់​ប្រមាណ​ថា មនុស្ស ២៥ លាន​នាក់​នៅ​នីហ្សេរីយ៉ា ឬ​ប្រមាណ ១៥% នៃ​ចំនួន​ប្រជាជន​សរុប ជួប​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ។

ក្រុម​អ្នក​វិភាគ​បាន​ថ្លែង​ថា អស្ថិរភាព​ក្នុង​តំបន់ ការ​ប្រែប្រួល​អាកាសធាតុ និង​អតិផរណា​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ដែល​នាំឱ្យ​មាន​អសន្តិសុខ​ស្បៀង​នៅ​នីហ្សេរីយ៉ា។ ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ បន្ទាប់ពី​រដ្ឋាភិបាល​បាន​បញ្ឈប់​ការឧបត្ថម្ភ​ធន​លើ​ប្រេង​ឥន្ធនៈ​កាលពី​ខែឧសភា ដែល​ធ្វើឱ្យ​ថ្លៃ​ម្ហូបអាហារ ថ្លៃ​ដឹក​ជញ្ជូន និង​ថ្លៃ​ថាមពល​កើន​ឡើង​យ៉ាង​ខ្លាំង។

ការទម្លាក់​តម្លៃ​រូបិយបណ្ណ​នីហ្សេរីយ៉ា​ក៏​កំពុង​ប៉ះ​ពាល់​ដល់​តម្លៃ​ទំនិញ និង​រួម​ចំណែក​ឱ្យ​មាន​អតិផរណា​ជា​រួម​ផងដែរ។

រដ្ឋមន្ត្រី​កិច្ចការ​មនុស្សធម៌​នីហ្សេរីយ៉ា អ្នកស្រី Betta Edu បាន​ថ្លែង​ថា អាជ្ញាធរ​កំពុង​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម មួយ​ផ្នែក​តាមរយៈ​ការប្រកាស​ភាពអាសន្ន​លើ​បញ្ហា​សន្តិសុខ​ស្បៀង​អាហារ។

អ្នកស្រី Betta Edu បាន​ថ្លែង​ថា៖ «យើង​មាន​ការធ្វើ​អន្តរាគមន៍​ជាច្រើន​ដែល​យើង​កំពុង​លើក​យក​មក​ពិភាក្សា និង​កំពុង​អនុវត្ត​ការទូទាត់​ការផ្ទេរ​សាច់​ប្រាក់​ដោយ​ភ្ជាប់​លក្ខខណ្ឌ។ លក្ខខណ្ឌ​ភ្ជាប់​គឺ​ថា ពួកគេ​វិនិយោគ​លើ​អាជីវកម្ម​របស់​ពួកគេ និង​ធ្វើឱ្យ​ប្រាកដ​ថា កូន​របស់​ពួកគេ​បាន​ទៅ​សាលារៀន។ យន្តការ​ទាំងនេះ​ធ្វើ​ឡើង​ក្នុង​គោលដៅ​លើកស្ទួយ​ជីវភាព​ប្រជាជន និង​កាត់​បន្ថយ​ភាពក្រីក្រ។ ផ្នែក​ទី​បី​គឺ​ការ​ផ្តល់​ជី​ដល់​កសិករ​ក្រីក្រ​ក្នុង​ស្រុក​ដើម្បី​អាច​ផលិត​ស្បៀង​អាហារ ដែល​យើង​នឹង​ទិញ​ពី​ពួកគេ ហើយ​លក់​ជា​អាហារ​ក្នុង​ចំនួន​ជាក់លាក់​ណា​មួយ»។

តាម​ការវិភាគ​របស់​អង្គការ​ទិន្នន័យ​ពិភពលោក​បាន​ឱ្យ​ដឹង​ថា នីហ្សេរីយ៉ា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការចំណាយ​លើ​ម្ហូប​អាហារ​ខ្ពស់​បំផុត ដោយ​បាន​ចំណាយ​ប្រាក់​ប្រមាណ ៦០% នៃ​ប្រាក់​ចំណូល​សរុប​ផ្ទាល់​ខ្លួន​លើ​អាហារ។

អ្នក​ជំនាញ​បាន​ថ្លែង​ថា ស្ថានភាព​នឹង​កាន់​តែ​អាក្រក់​ទៅៗ ប្រសិនបើ​អតិផរណា​ស្បៀង​អាហារ​នៅ​តែ​បន្ត​កើន​ឡើង ហើយ​អ្នក​ដែល​ងាយ​រងគ្រោះ នឹង​រង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។

ធនាគារ​កណ្តាល​នីហ្សេរីយ៉ា​កាលពី​ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា បាន​ពន្យារពេល​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ស្តីពី​អត្រា​ការប្រាក់​ដោយ​មិន​មាន​កាលកំណត់​ជាក់លាក់ ទោះ​បី​ជា​អតិផរណា​កាន់​តែ​អាក្រក់​ទៅៗ​ក៏​ដោយ។

អ្នក​វិភាគ​បាន​ថ្លែង​ថា បើ​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​ទេ ជនជាតិ​នីហ្សេរីយ៉ា​ជាច្រើន​ដូច​អ្នកស្រី Vivian នឹង​ត្រូវ​តស៊ូ​យ៉ាង​លំបាក​ដើម្បី​អាច​រស់​បាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

XS
SM
MD
LG