ដោយសារការបន្តកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ អ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចលើកឡើងអំពីលទ្ធភាពនៃការបិទសកម្មភាពសេដ្ឋកិច្ចក្នុងទីក្រុងជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺនេះឲ្យបាន។
នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីជាង១០០នាក់ទៀត ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់២.៣៧៧នាក់។ ការរកឃើញករណីឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ប្រចាំថ្ងៃ អាចជំរុញនូវលទ្ធភាពនៃការបិទសកម្មភាពសេដ្ឋកិច្ចនៅទីក្រុង។ នេះបើយោងទៅតាមអ្នកជំនាញ។
លោក គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឲ្យមានការបិទសកម្មភាពសេដ្ឋកិច្ចក្នុងទីក្រុង មួយរយៈពេលខ្លី ដោយលោកសង្កេតឃើញថាការចម្លងជំងឺកូវីដនៅបន្តកើតមាន ហើយកន្លែងនិងពិធីជួបជុំផ្សេងៗត្រូវបានរៀបចំធ្វើឡើងដោយលួចលាក់ផងដែរ។
លោកប្រាប់VOAថា៖ «ដូច្នេះខ្ញុំជឿថាបើសិនមានវិធានការតឹងរ៉ឹងគួរតែបិទក្នុងរយៈពេលខ្លីណាមួយកំណត់ ដើម្បីគ្រប់គ្រងសភាពការណ៍ឲ្យបានសិន នោះយើងរុញសន្ទុះសេដ្ឋកិច្ចឡើងវិញ ប្រសើរជាជាងយើងធ្វើរបៀបនេះបាទ»។
លោកបញ្ជាក់ថា ប្រសិនបើមានការបិទសកម្មភាពសេដ្ឋកិច្ចនៅទីក្រុង ក្រុមដែលរងការប៉ះពាល់គឺអាជីវករ សហគ្រាសធុនតូចនិងមធ្យម និងអ្នកដែលមិនមានប្រាក់សន្សំ។
លោកបញ្ជាក់បន្ថែមថា៖ «កម្មករបុគ្គលិកដែលធ្វើការឲ្យគេ ប្រសិនបើបិទទីក្រុង រោងចក្រសហគ្រាសត្រូវផ្អាក។ អញ្ចឹងតើប្រាក់ឈ្នួលនិងប្រាក់បៀវត្សរ៍របស់គាត់ហ្នឹងតើត្រូវបានការគាំទ្រពីនរណា ដោយរបៀបណា?»។
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចមួយរូបទៀត មានប្រសាសន៍ថាការបិទទីក្រុងជារឿងលំបាកមួយ ដែលអាចធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកាន់តែចុះដុនដាប ជាពិសេសសម្រាប់អ្នកដែលមានចំណូលទាប។ ប៉ុន្តែលោកបានលើកឡើងថារដ្ឋាភិបាលប្រហែលអាចពិចារណាបិទចរាចរណ៍ពីតំបន់មួយទៅតំបន់មួយទៀត ដើម្បីបន្ធូរបន្ថយស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩។
យ៉ាងណាក្តី លោកបន្តថា ផលប៉ះពាល់មកលើសេដ្ឋកិច្ចក្នុងសង្គម គឺមានធ្ងន់ធ្ងររួចទៅហើយចាប់តាំងពីមានការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍មក គឺចាប់ពីថ្ងៃទី២០ ខែកុម្ភៈ។
លោកមានប្រសាសន៍ថា៖ «បើយើងក្រឡេកមើល គឺវាប៉ះពាល់នោះ វាប៉ះពាល់ណាស់ហើយ ធ្ងន់ធ្ងរដែរហើយ។ អ្នកខ្លះគាត់ត្រូវបង្ខំចិត្តបិទខ្លួនឯងទោះបីជាមិនមានការណែនាំពីរដ្ឋាភិបាលក៏ដោយ ពីព្រោះអ្នកខ្លះ គាត់មានការព្រួយបារម្ភ។ ដល់ពេលអញ្ចឹងទៅ ធ្វើឲ្យអ្នកខ្លះ ដែលថាប្រថុយនឹងហានិភ័យហ្នឹង ក៏មានការលំបាកនៅក្នុងការរកចំណូល ធ្វើឲ្យចំណូលគាត់បាត់បង់»។
VOA មិនអាចសុំការឆ្លើយតបពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងសុខាភិបាលបាននៅឡើយទេ។
នៅលើទំព័រហ្វេសប៊ុករបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងបារម្ភអំពីការកើនឡើងនៃជំងឺកូវីដ១៩ក្នុងប្រទេស។
សាររបស់លោកស្រីដែលបង្ហោះនៅថ្ងៃអង្គារនេះ ត្រូវបានស្រង់ក្នុងន័យដើមថា៖ «យើងមានការព្រួយបារម្ភខ្លាំងណាស់។ ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា មិនធូរស្បើយឡើយ។ មុនពេលស្ថានភាពកាន់តែធ្ងន់ធ្ងរជាងនេះ ខ្ញុំសូមអំពាវនាវឲ្យបុគ្គលទាំងអស់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវរាល់វិធានការនានា។ សូមធ្វើអ្វីដែលត្រឹមត្រូវ! ជម្រើសមិនត្រឹមត្រូវ គឺការមិនគោរពច្បាប់ឬវិធានការ ដែលនាំឲ្យការស្លាប់កាន់តែច្រើនឡើង»។
ខណៈករណីនៃការឆ្លងជំងឺកូវីដ១៩ នៅបន្តកើតមាន រដ្ឋាភិបាលបានចេញសេចក្តីប្រកាសឲ្យមានការការផ្អាកពិធីជួបជុំផ្សេងៗ ការបិទកន្លែងកម្សាន្ត ក៏ដូចជា គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន និងគ្រឹះស្ថានមួយចំនួនទៀតនៅក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនផងដែរ ដែលឃើញមានករណីឆ្លងជំងឺកូវីដ១៩ច្រើន។ គេក៏សង្កេតឃើញមានអាជីវកម្មលក់ដូរមួយចំនួនបានផ្អាកសកម្មភាពអាជីវកម្មរបស់ខ្លួនផងដែរ ស្របពេលការចំនួនអតិថិជនបានធ្លាក់ចុះ៕