ក្រសួងសុខាភិបាលប្រកាសឲ្យដឹងនៅថ្ងៃនេះថា ជនជាតិខ្មែរម្នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ មុនចេញលទ្ធផលនៃការធ្វើតេស្ត ខណៈកម្ពុជារកឃើញករណីឆ្លងថ្មីជិត ១០០ នាក់។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលបានឲ្យដឹងថា បុរសម្នាក់អាយុ ៥៥ ឆ្នាំ រស់នៅក្នុងភូមិក្តីចាស់ ឃុំព្រែលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមីនា តែកន្លះម៉ោងប៉ុណ្ណោះ ពេលលោកត្រូវបានបញ្ជូនមកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយដំបូងឡើយមិនទាន់ដឹងថា មានជំងឺកូវីដ១៩ ឬយ៉ាងណានោះ។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ដោយសង្ស័យក្រុមគ្រូពេទ្យបានយកវត្ថុសំណាកទៅវិភាគភ្លាមៗនៅពេលចូលមកដល់មន្ទីរពេទ្យ ហើយលទ្ធផលវិភាគវត្ថុសំណាករបស់គាត់បានបង្ហាញថា មានវិជ្ជមានវីរុសកូវីដ១៩ នៅវេលាម៉ោង ២៣:០០ យប់នាថ្ងៃដដែល»។
អ្នកជំងឺត្រូវគេដឹងថាបានធ្លាក់ខ្លួនឈឺដោយក្តៅខ្លួន និងក្អក ៣ ទៅ ៤ ថ្ងៃ មុនស្លាប់ ហើយដោយសភាពកាន់តែធ្ងន់ទៅ អ្នកជំងឺក៏ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី ២៥ ខែមីនា ក្នុងអាការៈដង្ហក់ខ្លាំង។ ក្រសួងសុខាភិបាលមិនបានបញ្ជាក់ឈ្មោះនិងមុខរបររបស់អ្នកស្លាប់នោះទេ។
នេះជាករណីស្លាប់ទី ៨ ហើយក្នុងប្រទេសកម្ពុជា។ កាលពីថ្ងៃទី ២៥ ខែមីនា ក្រសួងបានប្រកាសករណីស្លាប់ ២ នាក់ ដែលមានជនជាតិចិនម្នាក់ និងខ្មែរម្នាក់។
ក្រសួងសុខាភិបាលឲ្យដឹងនៅថ្ងៃសុក្រនេះថា មានករណីឆ្លងថ្មីជិត ១០០ នាក់ នៅក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ដែលនាំឲ្យករណីឆ្លងសរុបមានទៅដល់ ១.៤៤៤ នាក់ ចាប់តាំងពីផ្ទុះឆ្លងកាលពីថ្ងៃទី២០ ខែកុម្ភៈ។ គិតត្រឹមថ្ងៃសុក្រនេះ ករណីឆ្លងជំងឺកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីបានរកឃើញករណីដំបូង បានកើនដល់ ១.៩៦៨នាក់៕