ស្រ្តីកម្ពុជានៅតែមិនអាចចូលរួមបម្រើវិស័យនយោបាយក្នុងលំដាប់ខ្ពស់បានច្រើនដដែលនៅពេលដែលចំនួនស្ត្រីឈរឈ្មោះក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅមានចំនួនតិចបើធៀបនឹងចំនួនបុរស។ នេះបើយោងតាមការបញ្ជាក់ពីក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពង្រឹងសិទ្ធិស្ត្រីក្នុងវិស័យនយោបាយ។
ក្រុមអង្គការសង្គមស៊ីវិល បាននិយាយនៅថ្ងៃអង្គារនេះថា ការដាក់បេក្ខជនស្ត្រីឈរឈ្មោះសម្រាប់លេខរៀងកំពូលក្នុងបញ្ជីដែលភាគច្រើនសម្រេចដោយបុរស និងស្ថានភាពហិរញ្ញវត្ថុដែលមានកម្រិតរបស់ស្ត្រី ក៏ដូចជាបណ្តាញរឹងមាំរបស់បុរសក្នុងគណបក្សនយោបាយ បានធ្វើឲ្យស្ត្រីបាត់ឱកាសក្នុងការទទួលបានតួនាទីខ្ពស់ក្នុងកិច្ចការរដ្ឋបាល ដែលអាចអនុញ្ញាតឲ្យពួកគេមានអំណាចក្នុងការសម្រេចចិត្ត ដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រី និងបញ្ហាផ្សេងទៀតសម្រាប់ពលរដ្ឋទូទៅ។
ពួកគេសម្តែងក្តីបារម្ភថា កម្ពុជាក៏នឹងបរាជ័យក្នុងការសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (Sustainable Development Goals) របស់អង្គការសហប្រជាជាតិ ដែលបានកំណត់ថា ស្ត្រីត្រូវចូលរួមឲ្យបាន៥០ភាគរយ នៃការដឹកនាំក្នុងកិច្ចការនយោបាយ នៅឆ្នាំ២០៣០។
កញ្ញា សេង រាសី អ្នកសម្របសម្រួលគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ថ្លែងក្នុងសន្និសីទព័ត៌មានស្តីពីលទ្ធផលអង្កេតនៃការដាក់បេក្ខភាពស្ត្រីឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ រៀបចំឡើងនៅរាជធានីភ្នំពេញនាថ្ងៃ អង្គារនេះថា កំណើនដ៏តិចតួចនៃចំនួនស្ត្រីឈរឈ្មោះឆ្នោតនេះនឹងនៅតែជារនាំងមួយ ដែលមិនអាចបើកផ្លូវឲ្យស្ត្រីដោះស្រាយបញ្ហាស្ត្រីខ្លួនឯងបាន និងបញ្ហានៅថ្នាក់មូលដ្ឋានផ្សេងទៀត។
«ប្រសិនបើចំនួនរបស់ស្ត្រីនៅតែកើនឡើងតិចតួច បែបនេះ បញ្ហារបស់ស្ត្រី នៅថ្នាក់មូលដ្ឋាន ក៏ដូចជា បញ្ហាផ្សេងៗ នៅថ្នាក់ក្រោមជាតិ នៅតែមិនទាន់អាចឆ្លើយតបបានពេញលេញ ដោយសារតែចំនួនស្ត្រីនៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ មានកើនតិចតួច»។
កញ្ញា សេង រាសី បានប្រាប់ VOA បន្ថែមថា ការបន្តផ្តល់អំណាចឲ្យបុរសជាអ្នកជ្រើសរើសបេក្ខជនស្ត្រី នឹងនៅតែធ្វើឲ្យស្ត្រីមានការពិបាកក្នុងការទទួលតំណែងកំពូលសម្រាប់ការសម្រេចចិត្ត។ កញ្ញាបន្តថា កង្វះតម្លាភាពក្នុងការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ ជាផ្នែកមួយនាំឲ្យស្ត្រីបាត់បង់លេខរៀងលំដាប់ខ្ពស់ក្នុងការឈរឈ្មោះផងដែរ។
មួយវិញទៀត កញ្ញា សេង រាសី និយាយថា ស្ត្រីក៏មានបញ្ហាប្រឈមជាមួយនឹងផ្នែកថវិកាសម្រាប់ការចូលរួមក្នុងវិស័យនយោបាយ នៅពេលគណបក្សនយោបាយនីមួយៗសម្លឹងរកបុគ្គលណាដែលមានលទ្ធភាពអាចទ្រទ្រង់គណបក្សនយោបាយបានផង និងអាចបំពេញការងារបម្រើរដ្ឋបានផង។
«ធម្មតាទេ រឿងធ្វើនយោបាយត្រូវការលុយកាក់ ហើយស្ត្រីពិបាកណាស់ក្នុងការឲ្យគាត់ មកយកលុយកាក់ពីផ្ទះហ្នឹងមកធ្វើនយោបាយ បើសិនគ្រួសារគាត់ជាបុរសហ្នឹង ជាប្តីហ្នឹងធ្វើនយោបាយ ប្រហែលជាគាត់សុខចិត្តឲ្យប៉ុន្តែ បើគាត់ ជាអ្នកធ្វើនយោបាយវិញ គាត់ពិចារណាថាតើគាត់គួរយកលុយផ្ទះមកធ្វើនយោបាយ ឬអត់»។
យោងតាមលទ្ធផលនៃការសង្កេតបេក្ខជនស្ត្រីឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលស្រាវជ្រាវដោយអង្គការសង្គមស៊ីវិលចំនួនបី បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៧នេះ មានបេក្ខជនស្ត្រីចំនួនសរុប ២៥.៧៨៨នាក់ ស្មើនឹង ២៧,២៦ភាគរយ នៃបេក្ខជនប្រុស ស្រីសរុប ៩៤.៥៩៥ នាក់ គឺកើន ចំនួន ១,៦២ភាគរយ ធៀបនឹងឆ្នាំ ២០១២ ដែលមានចំនួនតែ ២៥, ៦៤ភាគរយប៉ុណ្ណោះ។
កញ្ញាសេង រាសី បានបន្ថែមថា កម្ពុជានឹងមិនអាចសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព បានទេ ប្រសិនបើកំណើនស្ត្រីឈរឈ្មោះបោះឆ្នោតនៅបន្តកើនត្រឹមតែជិត២ភាគរយ ក្នុងរយៈពេលប្រាំឆ្នាំទៅមុខទៀតនោះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួនជាង១.៦០០ ដែលជាការបោះឆ្នោត ថ្នាក់ក្រោមជាតិគឺ ដើម្បីផ្លាស់ប្តូរមន្ត្រីដឹកនាំថ្នាក់មូលដ្ឋានដ៏សំខាន់នឹងរៀបចំឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងចំនួន១២ កំពុងរៀបចំគោលនយោបាយ យុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីឃោសនារកសំឡេងឆ្នោតក្នុងរយៈពេល១៤ថ្ងៃមុនថ្ងៃបោះឆ្នោតដើម្បីយកជ័យជម្នះលើគូប្រជែងនយោបាយ។
ក្រុមអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលបេក្ខជនស្ត្រីឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទីបួន បានស្នើឲ្យមានការកែសម្រួលច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត និងការបង្កើតគោលនយោបាយ ដើម្បីបង្កើនចំនួនបេក្ខជនស្ត្រី ក្នុងការឈរឈ្មោះបោះឆ្នោត។
ពួកគេស្នើឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងបំណងធានាថា បេក្ខភាពស្ត្រីត្រូវបានឈរឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ដោយដាក់ឆ្លាស់គ្នារវាងស្ត្រី និងបុរសតាមលំដាប់លេខរៀងពីលើដល់ក្រោម ដែលជាវិធានការសមស្រប និងមានប្រសិទ្ធភាពបំផុតក្នុងការធ្វើឲ្យមានសមភាពយេនឌ័រពិតប្រាកដ។
អ្នកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិនៃអង្គការសីលការ ដែលធ្វើការងារលើការពង្រឹងអភិបាលកិច្ចសាធារណៈ ប្រាប់ VOA ថា មានហេតុផលមួយចំនួនទៀតដែលមេដឹកនាំគណបក្សនយោបាយ ពិបាកក្នុងការដាក់បេក្ខជនស្ត្រីនោះ គឺផលប្រយោជន៍បុគ្គល និងតំបន់ដែលមានទំនាស់សង្គម។
អ្នកស្រីមានប្រសាសន៍ថា ជាគោលការណ៍ មេដឹកនាំគណបក្សនយោបាយមានបំណងចង់ដាក់បេក្ខជនស្ត្រីឲ្យបានច្រើននៅតាមមូលដ្ឋានមួយចំនួន ក៏ប៉ុន្តែការណ៍នេះមិនអាចធ្វើបាន ដោយហេតុបុគ្គលកំពុងកាន់តួនាទី ដែលជាបុរសនោះមិនព្រមចុះចេញ។
«ក៏ប៉ុន្តែនៅតែមានការលំបាក ជាពិសេសកន្លែងណាដែលរកលុយបានច្រើន កន្លែងណាដែលចម្រូងចម្រាសរឿងដីធ្លី»។
យ៉ាងណាក៏ដោយ អ្នកស្រីជឿថា ចំណុចរាំងស្ទះនឹងអាចដោះស្រាយបាន នៅពេលមានស្ត្រីកាន់តែច្រើន ចូលកាន់តំណែងដែលអាចធ្វើការសម្រេចចិត្តបាន។
ដោយឡែក សកម្មជនគណបក្សនយោបាយដែលបានចូលរួមស្តាប់លទ្ធផលអង្កេតនៃការដាក់បេក្ខភាពស្ត្រីឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បាននិយាយថា ជាការពិបាកសម្រាប់ពួកគេក្នុងការទទួលបានលេខរៀងខ្ពស់ក្នុងបញ្ជីបេក្ខជន។ ពួកគេលើកឡើងថា ប្រសិនបើមិនមានការតស៊ូមតិ ឬចងក្រងជាក្រុម ដើម្បីតវ៉ានោះទេលេខរៀងខ្ពស់ៗនឹងបានតែទៅលើបេក្ខជនបុរស។
អ្នកស្រី យ៉ែម វណ្ណណែត បេក្ខជនស្ត្រីលេខរៀងទី ៣ មកពីគណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ប្រាប់ VOA ថា អ្នកស្រីបានធ្វើការតស៊ូជាច្រើនទម្រាំនឹងត្រូវបានជ្រើសរើសឲ្យឈរក្នុងលេខរៀងទី ៣។ អ្នកស្រីនិយាយថា៖
«អញ្ចឹងនាងខ្ញុំក៏លើកពីបញ្ហាស្ត្រីទាំងអស់ប្រាប់គាត់ហើយក៏ថា បើសិនជាខ្ញុំជាស្ត្រី ខ្ញុំអាចចូលរួមជួយស្ត្រី និងដោះស្រាយបញ្ហាស្ត្រីទាក់ទងនឹងគាត់មានផ្ទៃពោះ អាចជួយកុមារសាលាមតេយ្យសម្រាប់កុមារ។ ខ្ញុំលើកអញ្ចឹងហេតុផល ដែលទាក់ទងបញ្ហាស្ត្រីទៅ គាត់ក៏ផ្តល់ឱកាសឲ្យខ្ញុំជាស្ត្រីហ្នឹង ឈរជាបេក្ខជនលេខរៀងជាប់ នៅក្នុងសង្កាត់សួង»។
អ្នកស្រី បានស្នើឲ្យគណបក្សនយោបាយអ្នកស្រី បង្កើតកម្មវិធីនយោបាយដែលនឹងឆ្លាស់គ្នានៅលេខរៀងកំពូលគឺបើស្ត្រីឈរក្នុងលេខរៀងទីមួយបុរសត្រូវឈរក្នុងលេខរៀងទីពីរហើយបើបុរសឈរក្នុងលេខរៀងទីមួយស្ត្រីត្រូវឈរក្នុងលេខរៀងទីពីរ។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពង្រឹងសិទ្ធិស្រ្តីក្នុងវិស័យនយោបាយ ក៏បានឲ្យដឹងដែរថា គណបក្សធំៗពីរដែលមានប្រជាប្រិយភាព គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបង្កើនបេក្ខជនស្ត្រីក្នុងបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួន តែចំនួននេះគឺនៅទាបជាងចំនួនបេក្ខជនស្ត្រីដែលសម្រេចដាក់ឲ្យឈរឈ្មោះពីគណបក្សតូចៗ១០ផ្សេងទៀត។
ពួកគេនិយាយថា គណបក្សធំៗពីរនេះទំនងជាបារម្ភថា ខ្លួននឹងចាញ់ការបោះឆ្នោតបើដាក់ស្ត្រីច្រើនឲ្យឈរឈ្មោះ។ ពួកគេសង្កត់ធ្ងន់ថា ការបារម្ភបែបនេះអាចជាការយល់ខុសដោយសារតាមការស្ទាបស្ទង់មតិ យុវជនភាគច្រើនដែលជាម្ចាស់ឆ្នោតពេញចិត្តបេក្ខជនស្ត្រីជាងបុរស៕