ក្រុមបេក្ខនារីនៃគណបក្សប្រឆាំង ដែលឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បេ្តជា្ញអភិវឌ្ឍភូមិឃុំ ពង្រឹងសេវារដ្ឋបាល និងការពារតម្លៃនៃផលិតផលកសិកម្ម ប្រសិនបើពួកគាត់ត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យដឹកនាំឃុំ-សង្កាត់នោះ។
ក្រុមអ្នកវិភាគនិយាយថា បេក្ខនារីរបស់គណបក្សសង្គ្រោះជាតិ អាចនឹងយកឈ្នះបេក្ខនារីមកពីគណបក្សកាន់អំណាចបាន ប្រសិនបើពួកគេឃោសនា វាយលុកចំលើចំណុចចន្លោះប្រហោងរបស់មន្ត្រីនៃគណបក្សកាន់អំណាច ដែលកំពុងគ្រប់គ្រងកិច្ចការរដ្ឋបាលនៅតាមឃុំ-សង្កាត់។
ពួកគេថា បេក្ខនារីទាំងនោះ ក៏ត្រូវបង្ហាញជំហរបម្រើរាស្ត្រ ដោយបំពេញឲ្យបានតាមការចង់បានរបស់រាស្ត្រពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បេក្ខនារីសម្រាប់តំណែងចៅសង្កាត់ នៅសង្កាត់អូចារ ខេត្តបាត់ដំបង ថ្លែងថា កញ្ញានឹងពង្រឹងសេវាធ្វើលិខិតរដ្ឋបាលឲ្យបានលឿនជាងមុន និងកែលម្អហេដ្ឋារចនាសម្ព័ន្ធភូមិឃុំ នៅពេលកញ្ញាទទួលបានការគាំទ្រពីប្រជាពលរដ្ឋឲ្យធ្វើជាចៅសង្កាត់។
«រាល់ថ្ងៃ ពេលដែលពលរដ្ឋទៅធ្វើលិខិតស្នាម ទទួលលិខិតស្នាមអត្រានុកូលដ្ឋានផ្សេងៗ គឺអ្នកខ្លះបីខែ មួយឆ្នាំអី មិនទាន់បានមកវិញផង។ អញ្ចឹងពេលដែលខ្ញុំជាប់ជាចៅសង្កាត់ ខ្ញុំនឹងសម្រួល និងជួយធ្វើយ៉ាងដូចម្តេចឲ្យពលរដ្ឋដែលគាត់មកទទួលសេវានៅឃុំសង្កាត់ហ្នឹងឲ្យបានទាន់ចិត្តទាន់ពេលវេលា»។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត លើកឡើងថា ក្នុងនាមជាចៅសង្កាត់ កញ្ញាក៏នឹងពិនិត្យទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងស្ថានភាពក្រីក្រ និងជួយកុមារឲ្យទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់។ កញ្ញាបន្តថា កញ្ញានឹងខិតខំស្នើរដ្ឋាភិបាលឲ្យបង្កើនថវិកាដល់ការចំណាយនៅក្នុងភូមិឃុំ។ កញ្ញានិយាយថា ថវិកាដែលទទួលបានពីរដ្ឋាភិបាលគឺមិនដល់៣០.០០០ដុល្លារ ផងក្នុងមួយឆ្នាំ ហើយការចាត់ចែងការចំណាយក៏ពុំមានតម្លាភាពផងដែរ។
កញ្ញាបន្ថែមថា៖
«ជាទូទៅគឺប្រជាពលរដ្ឋអត់ដែលទទួលបានព័ត៌មានថា ក្នុងមួយឆ្នាំ រដ្ឋាភិបាលទម្លាក់មកឃុំ-សង្កាត់ ក្នុងការអភិវឌ្ឍបានប៉ុន្មានទេ។ អញ្ចឹងពេលដែលអាជ្ញាធរ ធ្វើអីស្រេចតែអំពើចិត្តគាត់។ ពេលខ្លះគាត់ប្រើប្រាស់អត់ចំគោលដៅរបស់គាត់ តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទេ។ អីចឹងបើសិនជា ឆ្នាំ ២០១៧ ឆ្នាំដំបូង ដែលខ្ញុំជាប់ជាចៅសង្កាត់ ពេលនោះកញ្ចប់ថវិកាហ្នឹងទម្លាក់មក។ អញ្ចឹងដើម្បីឲ្យប្រជាពលរដ្ឋគាត់មានអារម្មណ៍កក់ក្តៅជាមួយយើងដែលជាចៅសង្កាត់ថ្មី យើងត្រូវតែផ្តល់ព័ត៌មាន ទៅដល់ត្រចៀកគាត់ក្នុងភូមិរបស់គាត់ ឲ្យគាត់ដឹង។ ទោះបីថវិកាវាមិនច្រើន ប៉ុន្តែវាបង្ហាញពីតម្លាភាព ពីភាពស្មោះត្រង់របស់អ្នកតំណាងរបស់គាត់»។
អ្នកស្រី ស្វាត វ៉ារី បេក្ខនារីម្នាក់ទៀត ដែលឈរឈ្មោះ នៅឃុំស្រះរាំង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ថ្លែងថា អ្នកស្រីនឹងការពារតម្លៃស្រូវរបស់កសិករ ដែលជារឿយៗមិនបានថ្លៃ ក្រោយការច្រូតកាត់។
«នៅឃុំខ្ញុំ ការលក់ផលិតផលស្រូវគឺដល់ពេលខែលក់ស្រូវឡើង គឺកសិករ យំ យំទាំងអស់គ្នា ដោយសារគាត់ពិបាកក្នុងការលក់ហើយគេទិញស្រូវ គឺពេលអ្នកធំទៅដល់គេដាក់តម្លៃ ៧៥ (បាត) មួយតោន ៧៥០(រៀល) ដល់ពេលអ្នកធំចេញបាត់ មួយតោនតែ ៦២០(រៀល) ទេ ធ្វើឲ្យគាត់ក្តៅក្រហាយ»។
អ្នកស្រី ស្វាត វ៉ារី និយាយថា បញ្ហារបស់កម្មករចំណាកស្រុក ជាកិច្ចការសំខាន់មួយដែលអ្នកស្រីត្រូវដោះស្រាយផងដែរ នៅពេលដែលអ្នកស្រីក្លាយជាមេឃុំ។ អ្នកស្រីនិយាយថា អ្នកស្រីនឹងជួយសម្រួលដល់កម្មករក្នុងការធ្វើលិខិតឆ្លងដែន ដែលកន្លងមកមានភាពស្មុគស្មាញ និងប្រើពេលវេលាច្រើន។ អ្នកស្រីបន្ថែមថា ការកែលម្អផ្លូវថ្នល់ ក៏ជាកិច្ចការដែលអ្នកស្រីនឹងធ្វើដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងភូមិឃុំ។
អ្នកស្រីបន្ថែមថា៖ «យើងអត់ឲ្យមានផ្លូវស្អិត ជាប់ជើងដូចសព្វថ្ងៃទេ។ សព្វថ្ងៃគឺផ្លូវភក់វ៉ល់ ហើយស្អិត»។
ប្រទេសកម្ពុជាគ្រោងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងឃុំសង្កាត់ចំនួន១.៦៤៦នៅទូទាំងប្រទេស។ គណបក្សធំៗពីរបានបង្កើនចំនួនបេក្ខជនស្រ្តី ឲ្យឈរឈ្មោះក្នុងលេខរៀងទីមួយ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះផងដែរ ។
គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនស្ត្រី នៅលេខរៀងទី១ចំនួន ១៣១នាក់ ស្មើនឹង ៧,៩៦ ភាគរយ គឺកើនចំនួន ៣៨នាក់ ធៀបនឹងឆ្នាំ ២០១២ ដែលមានចំនួនត្រឹមតែ៩៣នាក់ ប៉ុណ្ណោះ។ រីឯគណបក្សសង្គ្រោះជាតិ បានដាក់បេក្ខជនស្ត្រីនៅលេខរៀងទី១ ចំនួន ១០៣នាក់ ស្មើនឹង ៦,២៥ ភាគរយ គឺកើនចំនួន១៥នាក់ បើធៀបជាមធ្យមមកពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅអាណត្តិទី ៣ ឆ្នាំ២០១២។
ក្រុមអ្នកវិភាគយល់ឃើញយល់ថា បេក្ខជនស្ត្រីឈរឈ្មោះក្នុងលេខរៀងទីមួយរបស់គណបក្សជំទាស់ដ៏ធំនេះ អាចយកឈ្នះបេក្ខជនស្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបាន ដោយការឃោសនាគោលនយោបាយបំពេញចំណុចខ្វះខាត ដែលមន្ត្រីគណបក្សប្រជាជនកម្ពុជា ធ្វើមិនបានក្នុងពេលគ្រប់គ្រងឃុំ សង្កាត់របស់ខ្លួន។
ប៉ុន្តែពួកគេមានទស្សនៈផ្ទុយគ្នាចំពោះ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ បញ្ហាហិរញ្ញវត្ថុ និងចំណេះដឹងរបស់បេក្ខជនស្ត្រីលេខរៀងទីមួយរបស់គណបក្សប្រឆាំង។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា មានករណីជាច្រើនដែលបង្ហាញថា មេឃុំមួយចំនួនមិនបានធ្វើការបម្រើរាស្ត្រនោះទេ ដោយពួកគេគិតពីប្រយោជន៍បក្សច្រើនជាង។
លោកនិយាយថា៖
«អ្នកខ្លះគឺមានសមត្ថភាពខ្ពស់មែន ប៉ុន្តែខ្ពស់សម្រាប់ខាងគណបក្សទេ ក៏ប៉ុន្តែសម្រាប់ជួយពលរដ្ឋគឺអត់សូវមានទេ ហើយសន្តានចិត្តក្នុងការជួយពលរដ្ឋ ដោយយុត្តិធម៌ហ្នឹង ក៏វាអាចអត់ដែរ ឬក៏មានតិចតួច»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយនិយាយថា គណបក្សសង្គ្រោះជាតិពុំសូវមានសក្តានុពលក្នុងការធ្វើឲ្យអ្នកបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត បើក្រឡេកមើលទៅលើធនធាន និងកម្រិតនៃការអប់រំ។ ក៏ប៉ុន្តែលោកថា បេក្ខជនស្ត្រីនៃគណបក្សប្រឆាំងនៅអាចមាន ច្រកយកឈ្នះលើគណបក្សកាន់អំណាច ប្រសិនបើពួកគេ អាចបំពេញការចង់បានរបស់យុវជន ដែលប្រាថ្នាចង់បានរបៀបគ្រប់គ្រងថ្មី។
«ក៏ប៉ុន្តែអ្វីដែលអាចឲ្យគាត់ឈានទៅដល់ សម្រេចទៅដល់គោលដៅ ទៅលើការយកជ័យជំនះ ទៅលើការបោះឆ្នោតឃុំ-សង្កាត់ហ្នឹង គឺចរន្តពលរដ្ឋនៃការគិត ចរន្តផ្នត់គំនិត ផ្លាស់ប្តូរផ្លូវគំនិតរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនវ័យក្មេង ដែលមានចំនួនច្រើន ដល់អញ្ចឹងហើយសក្តានុពលនេះវា ជាការចង់បានរបស់យុវជន គាត់ចង់បានចរន្តថ្មី។ អីចឹងគណបក្សកាន់អំណាចកន្លងមក វាមានការរឹតត្បិត មិនបានបំពេញតម្រូវការរបស់គាត់ អីចឹងគាត់អាចរើសអ្នកថ្មី អានេះគឺជាចរន្តមួយ ដែលត្រូវដល់ពេលវេលា ដែលប្រជាពលរដ្ឋជ្រើសរើស»។
លោក ឯម សុវណ្ណារ៉ា បានបន្តទៀតថា គណបក្សសង្រ្គោះជាតិ ពុំមានបណ្តាញប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ ដូចគណបក្សប្រជាជនកម្ពុជានោះទេ ដែលអាចពិបាកនឹងផ្សព្វផ្សាយគោលនយោបាយដល់អ្នកបោះឆ្នោត។ លោកអះអាងថា ការណ៍នេះគឺជាឧបសគ្គមួយដល់គណបក្សប្រឆាំងដើម្បីយកឈ្នះគណបក្សកាន់អំណាច។
«ខ្ញុំមើលនៅក្នុងស្ថានភាពបច្ចុប្បន្នវាមានការលំបាក វាមិនស្មើភាពដូចពីឆ្នាំមុន អណត្តិមុន ២០១២ គេមានពេលវេលាច្រើននៅក្នុងការឃោសនាសាធារណៈអីមានច្រើន ដល់ឥឡូវគេកាត់បន្ថយ ហើយ ខាងគណបក្សប្រឆាំងខ្វះមធ្យោបាយក្នុងការផ្សព្វផ្សាយ។ ហើយមួយទៀត គេហៅថា ពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិ ឬក៏ចំណេះដឹងនៃបេក្ខជន នៅខាងគណបក្សប្រឆាំងមានកម្រិតដល់អញ្ចឹងទៅ ពិបាកទាក់ទាញគេហៅថា ការគាំទ្រពីប្រជាពលរដ្ឋ»។
សម្រាប់លោក មាស នី ប្រព័ន្ធផ្សព្វផ្សាយមិនមែនជាបញ្ហាស្នូល សម្រាប់ទាញការគាំទ្រនោះទេ ដោយសារប្រជាជនកម្ពុជារាប់លាននាក់ បានងាកមកប្រើប្រាស់បណ្តាញសង្គម។ លោកថា ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ ក៏មិនបានផ្តល់ព័ត៌មានដែលមិនលំអៀងដល់ប្រជាពលរដ្ឋ ហើយច្រើនតែកាន់ជើងគណបក្សកាន់អំណាច ដូច្នេះពលរដ្ឋមិនចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនោះទេ។
«ទស្សនៈរបស់ខ្ញុំគឺ ប្រព័ន្ធផ្សព្វផ្សាយក្នុងពេលនេះ ហាក់ដូចជាមិនសូវសំខាន់ដូចព័ត៌មាន ដែលគេបញ្ជូនតាមហ្វេសប៊ុក ឬក៏តាមអ៊ិនធឺណិតទេបាទ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧នេះ មានលក្ខណៈប្រកួតប្រជែងគ្នាជាងរាល់ដង ដោយសារតែគណបក្សកាន់អំណាច និងគណបក្សប្រឆាំងមានកម្លាំងប្រហាក់ប្រហែលគ្នា។
មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ មេដឹកនាំរដ្ឋាភិបាល ក៏បានព្រមានជាបន្តបន្ទាប់អំពីការផ្ទុះឡើងនៃសង្គ្រាម ប្រសិនបើបក្សប្រជាជនកម្ពុជា មិនត្រូវបានជ្រើសរើសឲ្យដឹកនាំប្រទេសបន្តទៀត។ កាលពីពេលថ្មីៗនេះ នាយឧត្ដមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានព្រមានវាយបំបែកធ្មេញក្រុមណាដែលចេញមកតវ៉ាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ផងដែរ៕