អ្នកជំនាញខាងប្រទេសរុស្ស៊ីដែលមានទីតាំងនៅតំបន់អឺរ៉ុបកំពុងទទួលបានព័ត៌មានអំពីការកាន់តំណែងជាឯកអគ្គរដ្ឋទូតរបស់លោក Jon Huntsman ដោយមានការមន្ទិលសង្ស័យនិងក្តីសង្ឃឹមថា ចំណងទាក់ទងដែលមានភាពតានតឹងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងម៉ូស្គូ អាចប្រសើរឡើងក្នុងអំឡុងនៃការកាន់ដំណែងរបស់លោក។
ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ីបានប្រគល់សារតាំងខាងការទូតកាលពីថ្ងៃអង្គារជូនប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅឯពិធីមួយនៅវិមានក្រឹមឡាំង ដែលជាចំណាត់ការមួយដែលកត់សម្គាល់នៃការចាប់ផ្តើមនៃការតែងតាំងរបស់លោកជាឯកអគ្គរដ្ឋទូត។
នៅពេលទទួលសារតាំងពីលោកឯកអគ្គរដ្ឋទូត Huntsman ប្រធានាធិបតី Putin បានចាត់ទុកស្ថានភាពនៃទំនាក់ទំនងទ្វេភាគីនៅពេលបច្ចុប្បន្ននេះជាការមិនពេញចិត្ត ក៏ប៉ុន្តែ លោកបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា អាចទស្សន៍ទាយបានហើយផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ហើយលោកបានសម្តែងនូវក្តីសង្ឃឹមរបស់លោកថា ការមកដល់របស់លោក Huntsman នឹងកត់សម្គាល់នៃការចាប់ផ្តើមនៃទំព័រប្រវត្តិសាស្រ្តថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី។
លោកHuntsman ជាអតីតអភិបាលរដ្ឋ Utah ដែលបានបម្រើ២ដងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានអញ្ជើញទៅដល់រដ្ឋធានីម៉ូស្គូកាលពីថ្ងៃអាទិត្យដើម្បីទទួលតំណែងពីលោក John Jeff ដែលបានចាកចេញពីប្រទេសរុស្ស៊ីកាលពី២ថ្ងៃមុនបន្ទាប់ពីបានបម្រើជាឯកអគ្គរដ្ឋទូតអស់រយៈពេល៣ឆ្នាំ ដែលជារយៈពេលមួយមានការសៅហ្មងយ៉ាងខ្លាំងនិងចំណងទាក់ទងកាន់តែយ៉ាប់យ៉ឺនដ៏ឆាប់រហ័សដែលមិនធ្លាប់បានឃើញចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២មក៕