របាយការណ៍មួយបង្ហាញថា ប្រទេសកម្ពុជានៅតែប្រឈមនឹងសញ្ញា ដែលអាចនាំទៅរកអំពើហិង្សាធ្ងន់ធ្ងរសារជាថ្មី ខណៈដែលប្រជាជនរស់នៅក្នុងប្រទេសកំពុងប្រឈមនឹងការរំលោភបំពានសិទ្ធិមនុស្ស ការវាយប្រហារនានាទៅលើក្រុមជំទាស់ និងអំពើអយុត្តិធម៌សង្គមផ្សេងៗទៀត។ អ្នកជំនាញយល់ថា កម្ពុជានៅមានឱកាសក្នុងការទប់ស្កាត់បញ្ហាទាំងនេះបាន។
អ្នកជំនាញធ្វើការលើគម្រោងទប់ស្កាត់អំពើឃោរឃៅ បានចាត់ទុកថាប្រទេសកម្ពុជា ជាប្រទេសដែលបានសម្រេចកិច្ចការងារជាច្រើនក្នុងការរារាំងមិនឲ្យមានអំពើសម្លាប់រង្គាល តែបានស្នើឲ្យប្រទេសនេះបន្តលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍នៃ «ទំនួលខុសត្រូវក្នុងការការពារ» ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិក្នុងការទប់ស្កាត់អំពើឃោរឃៅ។
ថ្លែងទៅកាន់ក្រុមមន្ត្រីរដ្ឋាភិបាល និងមិនមែនរដា្ឋភិបាល និងសាស្ត្រាចារ្យ នៅក្នុងកិច្ចពិភាក្សាថ្នាក់ជាតិលើកទី២ អំពីការទប់ស្កាត់អំពើឃោរឃៅនៅរាជធានីភ្នំពេញកាលពីថ្ងៃអង្គារកន្លងទៅ លោកបណ្ឌិត Noel Morada នាយកមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការអនុវត្តន៍កាតព្វកិច្ចក្នុងការទប់ស្កាត់អំពើឧក្រិដ្ឋកម្មឃោរឃៅលើមនុស្សជាតិ (Asia Pacific Center for the Responsibility to Protect) មានប្រសាសន៍ថា ប្រទេសកម្ពុជា ត្រូវបន្តបង្កើនការយល់ដឹងអំពីបទដ្ឋានការអនុវត្តកាតព្វកិច្ចក្នុងការទប់ស្កាត់ ដើម្បីបើកផ្លូវឲ្យការអនុវត្តន៍ផែនការកម្រិតជាតិនានាប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពក្នុងការរារាំងមិនឲ្យមានអំពើហិង្សាអមនុស្សធម៌នេះ។
«ទីមួយបង្កើនការយល់ដឹង និងធ្វើឲ្យការយល់ដឹងនោះកាន់តែស៊ីជម្រៅអំពីគោលការណ៍នៃទំនួលខុសត្រូវក្នុងការការពារ និងការបង្ការអំពើឃោរឃៅ។ ទីពីរ ខ្ញុំគិតថា នេះជាបញ្ហាសំខាន់ណាស់ដែលត្រូវធ្វើឲ្យមានការយល់ដឹងច្រើនអំពីគោលការណ៍នៃទំនួលខុសត្រូវក្នុងការការពារ និងការបង្ការអំពើឃោរឃៅ ដោយផ្អែកលើស្ថានភាពនៅថ្នាក់មូលដ្ឋាន»។
ការអនុវត្តន៍កាតព្វកិច្ចក្នុងការទប់ស្កាត់ ឬហៅម៉្យាងទៀតថា ទំនួលខុសត្រូវក្នុងការការពារ ដែលភាសាអង់គ្លេសហៅថា Responsibility to Protect គឺជាបទដ្ឋានថ្មីមួយ ដើម្បីទប់ស្កាត់ និងបញ្ឈប់អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ការលុបបំបាត់ជាតិសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទំនួលខុសត្រូវក្នុងការការពារមិនមែនជាច្បាប់ទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តផ្នែកនយោបាយ ដើម្បីណែនាំរដ្ឋនានា និងការរៀបចំថ្នាក់អនុតំបន់ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិក្នុងការការពារប្រជាជនពីឧក្រិដ្ឋកម្ម និងការរំលោភបំពានទាំងនេះ។
លោកបណ្ឌិត Noel Morada បានលើកឡើងបន្ថែមថា រដ្ឋាភិបាលកម្ពុជាត្រូវសហការជាមួយនឹងអង្គការសង្គមស៊ីវិល ក្នុងនោះមានមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM) នៅក្នុងការបណ្តុះបណ្តាល អប់រំ ការស្រាវជ្រាវ និងការបោះពុម្ពផ្សាយ អំពីគោលការណ៍នៃបទដ្ឋានទំនួលខុសត្រូវ ហើយកម្ពុជាក៏ត្រូវសិក្សាលើបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា ជាពិសេសគឺបញ្ហា មនុស្សធម៌ និងកិច្ចគាំពារជនភៀសខ្លួន និងច្បាប់ស្តីពីកិច្ចការមនុស្សធម៌។
«ផ្នែកមួយទៀត ដែលខ្ញុំគិតថា ផែនការថ្នាក់ជាតិគួរតែផ្តោតលើនោះ គឺការកំណត់អត្តសញ្ញាណ និងឃ្លាំមើលកត្តាហានិភ័យនានា និងត្រូវធ្វើដូចម្តេចដើម្បីដោះស្រាយកត្តាហានិភ័យទាំងនោះ»។
ប្រទេសកម្ពុជានៅតែប្រឈមមុខនឹងសញ្ញា ដែលអាចក្លាយជាកត្តាហានិភ័យនាំទៅរកការកើតមានអំពើហិង្សាសារជាថ្មី ខណៈដែលប្រជាជនរស់នៅក្នុងប្រទេស ដែលនៅពឹងផ្អែកលើជំនួយបរទេសនេះ កំពុងប្រឈមនឹងការរំលោភបំពានសិទ្ធិមនុស្ស ការវាយប្រហារនានាទៅលើក្រុមជំទាស់ និងអំពើអយុត្តិធម៌សង្គមផ្សេងៗទៀត។
នេះបើយោងទៅតាមឯកសារបង្ហាញពីកត្តាហានិភ័យដែលនាំទៅរកការប្រព្រឹត្តអំពើហិង្សាឈានដល់ការកាប់សម្លាប់យ៉ាងរង្គាល។ ឯកសារនេះជាផ្នែកមួយនៃបទដ្ឋានទំនួលខុសត្រូវក្នុងការការពារ ដែលត្រូវបានចេញផ្សាយដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៤កន្លងទៅ។
ឯកសារដដែលនេះ បានឲ្យដឹងពីកត្តាហានិភ័យចំនួន១៤ រួមមានកង្វះខាតប្រព័ន្ធតុលាការឯករាជ្យ ការប្រព្រឹត្តអំពើពុករលួយ មានកម្រិតខ្ពស់ អភិបាលកិច្ចទន់ខ្សោយ ការរំលោភសិទ្ធិមនុស្ស និងភាពគ្មានទោសពៃរ៍ គឺជាដើមចមនៃលទ្ធភាព ដែលអាចនាំទៅរកការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដ៏ឃោរឃៅ។
ឯកសារនោះបន្តទៀតថា ការកើនឡើងវោហារសាស្ត្រមានលក្ខណៈអុជអាល និងយុទ្ធនាការឃោសនា ឬក៏ពាក្យសម្តីមានលក្ខណៈស្អប់ខ្ពើម សំដៅទៅកាន់ក្រុមដែលទទួលបានការការពារប្រជាជន ឬបុគ្គលក៏ជាកត្តាហានិភ័យ ដែលអាចនាំទៅដល់ការប្រើប្រាស់អំពើហិង្សា និងការកាប់សម្លាប់។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រជាជនកម្ពុជា ត្រូវគេសង្កេតឃើញថា បានឮវោហារសាស្ត្រនយោបាយ ប្រឆាំងនឹងក្រុមដែលមានទស្សនផ្ទុយពីរដ្ឋាភិបាលកម្ពុជា។ វោហារសាស្ត្រទាំងនោះមានដូចជា «ប្រសិនបើគណបក្សកាន់អំណាចមិនអាចក្តាប់អំណាចទៀតទេ សង្គ្រាមនឹងកើតឡើង» «វាយបាក់ធ្មេញក្រុមណាដែលចង់តវ៉ាលទ្ធផលបោះឆ្នោត» និងអ្នកតវ៉ាលទ្ធផលឆ្នោតអាចរងនឹង «គល់ឬស្សី»។
លោក ពូ សុធីរៈ នាយកប្រតិបត្តិវិទ្យាសា្ថនខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ថ្លែងថា ការប្រើវោហារសាស្ត្ររបស់មេដឹកនាំរដ្ឋាភិបាលពាក់ព័ន្ធការផ្ទុះឡើងសង្គ្រាមក្នុងស្រុក ឬការប្រើពាក្យពេចន៍ព្រមានផ្សេងទៀតរបស់សមាជិករដ្ឋាភិបាល ដូចជាការវាយបាក់ធ្មេញ នឹងមិនប៉ះពាល់ដល់កិច្ចអនុវត្តន៍បទដ្ឋានទំនួលខុសត្រូវក្នុងការការពារនោះឡើយ។
«អីចឹង នៅក្នុងសង្គមណាក៏ដោយតែងតែមានមនុស្សល្អនិងមនុស្សអាក្រក់។ ខ្ញុំមិនបាននិយាយថាអ្នកតវ៉ាទាំងនោះសុទ្ធតែជាមនុស្សអាក្រក់ទាំងអស់នោះទេ។ ខ្ញុំមិនបាននិយាយដូច្នោះទេ។ ខ្ញុំគ្រាន់តែនិយាយថាអ្នកត្រូវតែក្លាយជាមនុស្សម្នាក់ដែលចង់សាកល្បងនឹងរដ្ឋ ដើម្បីធានាថាច្បាប់វិន័យនិងសណ្តាប់ធ្នាប់មានត្រឹមត្រូវ។ ស្ថិរភាពមានត្រឹមត្រូវ។ អ្នកត្រូវតែប្រុងប្រយ័ត្ន។ អ្នកមិនអាចឲ្យគេឃើញអ៊ីចឹងទេ។ អ្នកមិនអាចគ្រាន់តែនិយាយថារដ្ឋាភិបាលនិយាយអ៊ីចេះ ហើយពួកគេនឹងធ្វើវា។ មិនមែនអ៊ីចឹងទេ រដ្ឋាភិបាលនឹងចាត់វិធានការចំពោះតែមនុស្សអាក្រក់ប៉ុណ្ណោះ»។
លោក ពូ សុធីរៈ បានថ្លែងបន្តថា៖
«អង្គការមិនមែនរដ្ឋាភិបាលជាច្រើនបានមករកខ្ញុំហើយសួរថាហេតុអ្វីបានជាខ្លាំងម្ល៉េះ?ខ្ញុំបាននិយាយថាអ្នកមិនចាំបាច់បារម្ភទេ បើអ្នកមិនបានប្រព្រឹត្តខុស។ សូមមានអាកប្បកិរិយាសមស្រប។ តើវាមានន័យយ៉ាងដូចម្តេច? ចូលរួមជាមួយរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ សួរយោបល់រដ្ឋាភិបាលផង មុនពេលដែលអ្នកចាប់ផ្តើមធ្វើអ្វីដែលមិនត្រឹមត្រូវ។ វាពិតជាមានការពិបាកសម្រាប់ ភាគីទាំងសង ខាង។ ហើយខ្ញុំគិតថានៅលើលោកនេះមិនមានរដ្ឋាភិបាលណាដែលចង់បង្កើតបញ្ហានោះទេ។ អ្នកមិនដែលរាយការណ៍ទេនៅពេលដែលនាយករដ្ឋមន្រ្តីហ៊ុន សែនបាននិយាយថាប្រទេសកម្ពុជាចង់មានសន្តិភាពនិងស្ថិរភាព។ វាមិនទាក់ទាញ។ បើសិនជាអ្នករាយការណ៍បែបនោះ គ្មានអ្នកណានឹងអានកាសែតអ្នកឡើយ»។
ក៏ប៉ុន្តែ លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យយល់ខុសពីការថ្លែងរបស់លោក ពូ សុធីរៈ។ លោកបានប្រាប់ VOA នៅក្នុងម៉ោងសម្រាកនៃកិច្ចពិភាក្សាស្តីពីការទប់ស្កាត់អំពើឃោរឃៅថា មន្ត្រីរដ្ឋាភិបាលមិនសមណាប្រើប្រាស់ភាសាគំរាមកំហែងយ៉ាងដូច្នេះឡើយ។ លោកថ្លែងថា ប្រសិនបើមេដឹកនាំកម្ពុជាបន្តប្រើពាក្យសំដីហិង្សាបែបនេះ កម្ពុជាទំនងមិនអាចជាប្រទេសនាំមុខគេ ក្នុងការបង្ការអំពើឃោរឃៅ ទោះបីជារដ្ឋាភិបាលប្រទេសនេះ បានប្រឹងប្រែងទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហមវិលត្រឡប់មកជាថ្មីមកម្តងទៀត។
«ខ្ញុំគឺមិនអាច[ថា] ទៅជាគំរូគេ ឬដឹកមុខគេបានទេ បើមេដឹកនាំដែលនិយាយភាសាអីចឹងៗ ហើយយកមកអាចចេញជាកាយវិការស៊ីសង្វាក់ជាមួយអាវាចា នឹងក៏មានការលំបាកច្រើន។ បើអ៊ីចេះ គឺគេអាចនិយាយបាន អាហ្នឹងគឺ ដូចជានិយាយទៅ មិននិយាយជាសាធារណៈ ។លោកអាចជេរស្តីនរណាក៏ដោយ នរណាក៏ដោយក៏សម តែគ្នាឯងហ្នឹង អាហ្នឹងបាន ជាឯកជន មេដឹកនាំគឺនិយាយជាសាធារណៈគឺ អាហ្នឹងគឺខ្ញុំវិញ អត់និយាយទេ»។
ក្នុងពេលសន្និសីទព័ត៌មានបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជាដែលបានធ្វើឡើងកាលពីពាក់កណ្តាលខែសីហា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសម្តែងក្តីបារម្ភ អំពីវោហាសាស្ត្របែបហិង្សា ដែលសម្តែងឡើងដោយសមាជិករដ្ឋាភិបាល និងយោធា។
អ្នកស្រីបញ្ជាក់ថា មតិយោបល់បែបនេះ មិនគួរត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីនៃរដ្ឋាភិបាលឡើយ សូម្បីតែនៅក្នុងភាពជាឯកជនក៏ដោយ។ មតិយោបល់បែបនេះ មិនត្រូវឲ្យមាននៅក្នុងសង្គមដែលមានសន្តិភាពមួយ ដូចជានៅក្នុងប្រទេសកម្ពុជា ដែលនៅដិតដាមដោយស្លាកស្នាមនៃប្រវត្តិសាស្ត្រដ៏ចលាចលរបស់ខ្លួន។
យ៉ាងណាក៏ដោយ អ្នកស្រីសង្ឃឹមថា ប្រទេសកម្ពុជា នឹងខិតចេញពីស្ថានភាពគ្រោះថ្នាក់ ដោយមិនឲ្យមានទៀតនូវការគំរាមកំហែងនៃអំពើហិង្សា ការបង្ក្រាបការបះបោរដោយប្រើកម្លាំង ឬសង្គ្រាម ឬសេចក្តីថ្លែងមានលក្ខណៈអុចអាលពូជសាសន៍៕