ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​រាយការណ៍​ពិសេស​ខាង​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.បារម្ភ​ចំពោះ​ការ​ព្រមាន​ហិង្សា​មុន​ការ​បោះឆ្នោត


លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

លោកស្រី​ ​រ៉ូណា ស្មីត​ ​អ្នក​រាយ​ការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង​ការ​ព្រមាន​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ថា​ នឹង​ប្រើ​គល់​ឫស្សី​វាយ​ក្បាល​អ្នក​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត។ ការ​សម្ដែង​ក្ដី​បារម្ភ​នេះ ធ្វើឡើង​ក្នុង​ជំនួប​របស់​លោកស្រី ជាមួយ​ប្រធាន​គណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ដប់​ថ្ងៃ​របស់​លោកស្រី​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្ងៃ​ដំបូង​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​លោកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ព្រមាន​ពី​អំពើ​ហិង្សា​នានា​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ ​រួម​ទាំង​សារ​ព្រមាន​ប្រើ​គល់​ឫស្សី​វាយ​សំពង​លើ​អ្នក​តវ៉ា​ដែល​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨។

​ការ​សម្ដែង​ក្តី​បារម្ភ​របស់​អ្នករាយការណ៍​សិទ្ធិ​មនុស្ស​ ​រ៉ូណា ស្មីត​ ​ធ្វើ​ឡើង​ក្នុង​ជំនួប​របស់​លោក​ស្រី​ជាមួយ​លោក​ ​កែវ រ៉េមី​ ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។​ ​ក្រោយ​កិច្ច​ប្រជុំ​បិទទ្វារ​ដែល​មាន​រយៈពេល​ជាង​១ម៉ោង​ ​លោកស្រី​ ​រ៉ូណា ស្មីត​ ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ​លោកស្រី​បាន​ពិភាក្សា​រឿង​របាយការណ៍​សិទ្ធិមនុស្ស​ ​ដែល​និង​ត្រូវ​ដាក់​ក្នុង​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ​នា​ពេល​ខាង​មុខ និង​បាន​ក្រើន​រំឭក​ពី​អនុសាសន៍​នានា​ដែល​អង្គការ​សហ​ប្រជាជាតិ​ធ្លាប់​បាន​ផ្ដល់​ដល់​កម្ពុជា​ ​ក្នុង​ការ​រក្សា​ការ​គោរព​សិទ្ធិ​មនុស្ស​ឱ្យ​បាន​ពេញលេញ​ផង​ដែរ។

​ឆ្លើយ​នឹង​សំនួរ​របស់​ក្រុម​អ្នក​សារព័ត៌មាន​ ​ពាក់ព័ន្ធ​នឹង​ការ​ព្រមាន​វាយ​សំពង​ក្បាល​អ្នក​តវ៉ា​ដែល​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នា​ពេល​ខាង​មុខ​ ​លោកស្រី​ ​រ៉ូណា ស្មីត​ ​បាន​ឱ្យ​ដឹង​យ៉ាង​ខ្លី​ថា លោកស្រី​ពិត​ជា​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​នេះ​ទៅ​កាន់​លោក​ ​កែវ រ៉េមី​ ​ពិតមែន​ ​ក៏ប៉ុន្តែ​ លោក ​កែវ រ៉េមី​ ​ថា​ មិន​មាន​បញ្ហា​អ្វី​ដែល​អាច​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​នោះ​ទេ។

​លោកស្រី​ ​រ៉ូណា ស្មីត​ ​មាន​ប្រសាសន៍​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​

«ខ្ញុំ​បាន​លើកឡើង​ពី​ការ​ព្រួយ​បារម្ភ​ទាំង​នេះ​ផង​ដែរ​ ​ហើយ​ឯកឧត្ដម​ ​(កែវ រ៉េមី)​ ​ក៏​បាន​យល់​ស្រប​ថា ​វា​គឺជា​បញ្ហា​ ​ក៏​ប៉ុន្តែ​វា​មិនបាន​ជួយ​អី​នោះ​ទេ​ ​មុន​ការ​បោះឆ្នោត​នោះ»។

​កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​កន្លង​ទៅ លោក​ ​វង សូត​ រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុវនីតិ​សម្បទា​ ​លើក​ឡើង​ថា​ ​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ប្រើ​កម្លាំង​ដើម្បី​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង​ ​និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ណា​ដែល​ប្រឆាំង​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ ​ឆ្នាំ​២០១៨ ​ដោយ​ព្រមាន​សំពង​ក្បាល​នឹង​គល់​ឫស្សី។

លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០១៧។(កាន់ វិច្ឆិកា/VOA)
លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០១៧។(កាន់ វិច្ឆិកា/VOA)

​ក្រោយ​ពី​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជាតិ​ ​និង​អន្តរជាតិ រិះគន់​ធ្ងន់ៗ​ជា​ច្រើន​ទៅលើ​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ ​ទាក់​ទិន​នឹង​ការ​ព្រមាន​ហិង្សា​នោះ​ ​ក្រសួងសង្គមកិច្ច​ក៏​បាន​ចេញ​លិខិត​កែ​តម្រូវ​សម្ដី​របស់​រដ្ឋ​មន្ត្រី​ខ្លួន​ដោយ​អះអាង​ថា វា​គ្រាន់​តែ​ «ជា​ការ​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ»​ប៉ុណ្ណោះ។

​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​លោកស្រី​ ​រ៉ូណា ស្មីត​ ​បាន​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​១០ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​លើក​នេះ ដើម្បី​ស្វែង​យល់​ពី​ការ​វិវត្ត​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ ​និង​ត្រៀម​ធ្វើ​របាយការណ៍​របស់​លោកស្រី​ ​ដាក់​ជូន​កិច្ចប្រជុំ​នៃ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ខែ​កញ្ញា​ខាង​មុខ។

​យ៉ាងណា​ក៏​ដោយ​ ​លោក​ ​កែវ រ៉េមី​ ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ផង​ដែរ​ថា​ ​ក្នុង​ជំនួប​បិទទ្វារ​ជាង​១ម៉ោង​នោះ ​លោកស្រី​ ​រ៉ូណា ស្មីត​ ​ពិត​ជា​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ការ​សារ​ព្រមាន​វាយ​ក្បាល​អ្នក​តវ៉ា​ដែល​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នឹង​គល់​ឫស្សី។

ទោះ​ជា​យ៉ាង​ណា​ ​លោក​ ​កែវ រ៉េមី​ ​បាន​ការពារ​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​ដែល​បាន​ព្រមាន​វាយ​សំពង​ក្បាល​អ្នក​តវ៉ា​ដែល​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នឹង​គល់​ឫស្សី​ថា​ ​ជា​ការ​អប់រំ​តាម​ផ្លូវ​ច្បាប់។

លោក​ ​កែវ រ៉េមី​ ​បញ្ជាក់​យ៉ាង​ដូច្នេះ៖​

«ខ្ញុំ​បាន​ឆ្លើយ​តប​ទៅ​គាត់​វិញ​ថា​ ​ការ​លើកឡើង​នេះ​គឺ​ជា​ការ​ព្រួយបារម្ភ​ ​ជា​ការ​ព្រួយបារម្ភ​របស់​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​រដ្ឋាភិបាល​ ដោយ​ឈរ​ទៅ​លើ​ពី​អតីតកាល​ប្រវត្តិសាស្ត្រ។​ ​អាច​និយាយ​ពី​អតីតកាល​កន្លងមក ឲ្យ​តែ​ពេល​បោះឆ្នោត​ហើយ​តែង​មិន​មាន​ការ​ទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត។​ ហើយ​ចំណុច​សំខាន់​បំផុត​មិនមែន​ជា​ការ​គំរាមកំហែង​ទេ គ្រាន់តែ​ជា​ការ​អប់រំ​មួយ​តាម​ផ្លូវ​ច្បាប់​ ក៏​ប៉ុន្តែ​គ្រាន់​តែថា​ពាក្យ​សម្ដី​របស់​គាត់​នៃ​ការ​ប្រើ​នេះ​ វា​បង្ហាញ​រូបភាព​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រតិកម្ម​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស»។

​មុន​ពេល​ចាក​ចេញ​ពី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​លោកស្រី​ ​រ៉ូណា ស្មីត​ ក៏​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ផង​ដែរ​ថា​ ​ក្នុង​ជំនួប​ជា​មួយ​លោក​ ​កែវ រ៉េមី​ ​លោក​ស្រី​ក៏​បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា​ ​និង​ការ​បើក​ទឹក​ពន្លិច​ភូមិម្ករ​របស់​ជនជាតិ​ពូនង​ ដែល​នៅ​ក្បែរ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២​ផង​ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ ​លោកស្រី​ ​រ៉ូណា ស្មីត​ ក៏​គ្រោង​ជួបពិភាក្សា​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ ​តំណាង​សង្គម​ស៊ីវិល​ ​និង​មន្ត្រី​ការ​ទូត​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​កម្ពុជា។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​បួន​របស់​អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​រូប​នេះ​ ​លោកស្រី​ក៏​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​សុវត្ថិភាព​ក្នុង​ការ​រស់​នៅ​របស់​កុមារ​ ​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​កុមារ​ផង​ដែរ។

មុន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ​លោកស្រី​ ​រ៉ូណា ស្មីត​ ​ក៏​គ្រោង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​សុក្រ​ ​ទី១៨​ខាងមុខ​ ​នៅ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (OHCHR)​ ​ដើម្បី​បង្ហាញ​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី៤​របស់​លោកស្រី​មក​កាន់​ប្រទេស​កម្ពុជា៕

XS
SM
MD
LG