ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះអង្គ​លួន សុវ៉ាត​ដែល​សកម្ម​ខាង​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ផ្សឹក​ ខណៈ​មាន​ការចោទ​ប្រកាន់​រឿង​សន្ទនា​ស្នេហា


រូបឯកសារ៖ ព្រះ​តេជគុណ​ លួន​ សុវ៉ាត ចូល​រួម​ពិធី​រំឭក​ខួប​លើក​ទី​៦ឆ្នាំ​នៃ​ការ​បង្ក្រាប​ហិង្សា​​ កាល​ពី​ឆ្នាំ​២០១៤​ ទៅ​លើ​កម្មករ​នៅ​លើ​ផ្លូវវេង ស្រង​ និង​តំបន់​រោងចក្រ​ផ្សេងទៀត​ ក្នុង​ទី​ក្រុង​ភ្នំពេញ។
រូបឯកសារ៖ ព្រះ​តេជគុណ​ លួន​ សុវ៉ាត ចូល​រួម​ពិធី​រំឭក​ខួប​លើក​ទី​៦ឆ្នាំ​នៃ​ការ​បង្ក្រាប​ហិង្សា​​ កាល​ពី​ឆ្នាំ​២០១៤​ ទៅ​លើ​កម្មករ​នៅ​លើ​ផ្លូវវេង ស្រង​ និង​តំបន់​រោងចក្រ​ផ្សេងទៀត​ ក្នុង​ទី​ក្រុង​ភ្នំពេញ។

ព្រះ​មេ​គណ​ខេត្ត​សៀមរាប ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ប្រកាស​សម្រេច​ឲ្យ​ផ្សឹក​សកម្មជន​សង្ឃ​ល្បី​ឈ្មោះ​គឺ​ព្រះ​អង្គ ​លួន សុវ៉ាត​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ សន្ទនា​ជាមួយ​មនុស្ស​ស្រី​មួយ​ចំនួន​ក្នុង​វីដេអូ​ ដែល​ជា​ការ​ខល​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ មាន​ឈ្មោះ​ព្រះ​អង្គ​ជា​ភាសា​ខ្មែរ​ «លួន សុវ៉ាត»។​

ក្នុង​សង្ឃ​សម្រេច​មួយ ​ចុះ​ថ្ងៃ​ទី​៣​ ខែ​មិថុនា ​ចេញ​ដោយ​ព្រះ​មេគណ​ខេត្ត​សៀមរាប ​ព្រះ​អង្គ ​ជុំ គឹមឡេង​បាន​ប្រកាស​ផ្សឹក​ព្រះ​អង្គ​ លួន សុវ៉ាត​ ដែល​គង់​មិន​អចិន្រ្តៃយ៍​នៅ​វត្ត​ស្លែង​ក្នុង​ភូមិ​ព្រីង ឃុំ​ជីក្រែង ​ស្រុក​ជីក្រែង ​ខេត្ត​សៀមរាប​ ចេញ​ពី​ភេទ​ជា​បព្វជិត ​ចាប់​ពី​ថ្ងៃ​ចេញ​សង្ឃ​សម្រេច​នេះ​ត​ទៅ។​ សង្ឃ​សម្រេច​នេះ​បញ្ជាក់​ថា ក្រោយ​ថ្ងៃ​ចេញ​ប្រកាស​នេះ ​ បើ​ព្រះ​អង្គ ​លួន សុវ៉ាត​ នៅ​តែ​បន្ត​គ្រង​ស្បង​ចីវរ​ជា​បព្វជិត​ ដូច​អ្នក​បួស​ក្នុង​ព្រះ​ពុទ្ធសាសនា​នោះ​ ព្រះអង្គ​ត្រូវ​នឹង​ត្រូវ​ ចាត់​ទុក​ថា​ «ប្រព្រឹត្ត​ក្លែង​ភេទ»។ ​ក្នុង​ករណី​នេះ ​មេគណ​ខេត្ត​សៀមរាប​ក៏​ស្នើ​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​តាម​ច្បាប់។

បើ​តាម​សង្ឃ​សម្រេច​នេះ​ ការ​ប្រកាស​ឲ្យ​ផ្សឹក​នេះ​កើត​មាន​ឡើង​ ក្រោយ​អង្គ​ប្រជុំ​ថេរ​សភា​ខេត្ត​សៀមរាប ​បាន​ស្តាប់​វីដេអូ​សារ​សំឡេង​ដែល​ប្រកាស​ថា ​ជា​ការ​«សន្ទនា​រៀបរាប់​ពី​សេចក្តី​ស្នេហា​យ៉ាង​ស៊ី​ជម្រៅ​រវាង​ភិក្ខុ​ លួន សុវ៉ាត​ ជាមួយ​ស្រ្តី​ជា​ម្តាយ​និង​កូន​ស្រី»។ ​ព្រះ​មេគណ​ខេត្ត​សៀមរាប​ក៏​បាន​បញ្ជាក់​ក្នុង​សេចក្តី​សម្រេច​ថា​ ការ​ឲ្យ​ផ្សឹក​នេះ​សម្រេច​ឡើង​ក្រោយ​ការ​ស្តាប់​កំណត់​ហេតុ​នៃ​ការ​បំភ្លឺ​របស់​កូន​ស្រី​មួយ​រូប​ ដែល​មាន​នៅ​ក្នុង​វីដេអូ​នោះ។​

ព្រះ​មេគណ​ ជុំ គឹមឡេង ​បញ្ជាក់​ថា៖ ​«អង្គ​ប្រជុំ​សន្មត​ថា​ ភិក្ខុ​រូប​នេះ ​(លួន សុវ៉ាត)​ ពិត​ជា​បាន​សេព​មេថុនធម្ម ​(រួមភេទ)​ ជាមួយ​ស្រ្តី​ភេទ​ពិត​ប្រាកដ​មែន»។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ព្រះ​អង្គ​ លួន សុវ៉ាត​ បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

វីដេអូ​យ៉ាង​តិច​ចំនួន​៤​ ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ ជា​សំឡេង​របស់​ព្រះ​អង្គ​ លួន សុវ៉ាត​ ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Srey Da Chi-Kraeng។ ​នេះ​ជា​ទំព័រ​ហ្វេសប៊ុក​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ ​ដែល​មាន​អ្នក​ចុច​ Likes ទៅ​ដល់​ជាង ​១​ពាន់​នាក់។ ​ វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ផ្សេង​ទៀត​ ដែល​មាន​រយៈ​ពេល​ជាង ៧ ​នាទី ​ជា​វីដេអូ​ថត​ចេញ​ពី​ការ​ខល​សន្ទនា​គ្នា​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក ​ដោយ​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ «លួន សុវ៉ាត»។ ការ​សន្ទនា​គ្នា​នេះ​មាន​និយាយ​ទាក់ទង​នឹង​ស្នេហា ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដូច​ជា​ម៉ាស្សា ​ឈឺ​ខ្នង ​ឈឺ​ចង្កេះ ​និង​ការ​ហៅ​មក​ជួប​គ្នា​ផង​ដែរ។​

ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ថា​ តើ​មូលហេតុ​អ្វី​បាន​ជា​មាន​ការ​ថត​វីដេអូ​ការ​សន្ទនា​គ្នា​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ ជា​សំឡេង​របស់​ព្រះ​អង្គ ​លួន សុវ៉ាត​ ប៉ុន្តែ​មិន​មាន​រូប​វីដេអូ​ផ្ទាល់​របស់​ព្រះ​អង្គ​មាន​សង្ឃ​ដីកា​នោះ។​

VOA​ បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​សង្ឃ​ប្រចាំ​ខេត្ត​សៀមរាប​ ព្រះ​អង្គ​ ជុំ គឹម​ឡេង ​ប៉ុន្តែ​មិន​ទាន់​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ សេង សុមុនី ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ធម្មការ ​និង​សាសនា ​ថ្លែង​ប្រាប់​ VOA​ ថា ​លោក​បាន​ទទួល​សេចក្តី​សម្រេច​ក្នុង​ការ​ផ្សឹក​ព្រះ​អង្គ​ លួន សុវ៉ាត។​ លោក​បញ្ជាក់​ថា​ នេះ​ជា​ការ​មិន​ប្រតិបត្តិ​តាម​ធម៌​វិន័យ ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​មិន​មែន​ជឿ​លោក​ទាំង​ស្រុង​ទេ ​ប៉ុន្តែ​សំខាន់​លោក​បាន​ពិនិត្យ​ធម៌​វិន័យ​ហើយ។​ តាម​យន្ត​ការ​ច្បាប់​បាន​ចែង​ មុន​នឹង​ចេញ​សង្ឃ​ប្រកាស ​សូម​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ធម៌​វិន័យ ។​ ការ​ប្រតិបត្តិ​ហ្នឹង ​មាន​សាក្សី ​មាន​ទឡ្ហី​ករណ៍​ច្បាស់​លាស់ ​បាន​លោក​ចេញ​សង្ឃ​ប្រកាស។​ [សូម]​ យល់​ឲ្យ​ច្បាស់!​ មិន​មែន​ជា​រឿង​នយោបាយ​អី​ទេ។​ សូម​ឲ្យ​ជ្រាប​ទាំង​អស់​គ្នា ​ជា​រឿង​វិន័យ»។

ប៉ុន្តែ​ លោក​មាន​ប្រសាសន៍​ថា​ក្រសួង​នឹង​មិន​ស៊ើប​អង្កេត​បន្ត​ទៀត​នោះ​ទេ។ ​លោក​ថា​ ប្រសិន​បើ​ព្រះ​តេជ​គុណ​ លួន សុវ៉ាត ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​នេះ ​ព្រះ​អង្គ​អាច​ចេញ​មក​បក​ស្រាយ​ និង​បង្ហាញ​ភាព​ស្អាត​ស្អំ​ នៅ​ចំពោះ​មុខ​ព្រះ​មេគណ​សង្ឃ​ដែល​បាន​សម្រេច​ឲ្យ​ផ្សឹក។

ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ​មាត្រា ​៥០៨ ​ចែង​ថា​ បទ​ល្មើស​ការ​ស្លៀក​ដណ្តប់​បែប​សង្ឃ​ព្រះ​ពុទ្ធសាសនា​ដោយ​គ្មាន​សិទ្ធិ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ​៦ ​ថ្ងៃ​ទៅ ​៣ ​ខែ ​និង​ពិន័យ​ជា​ប្រាក់​ពី​ ១០ ​ម៉ឺន​រៀល​ទៅ ​៥០​ ម៉ឺន​រៀល។​

ព្រះ​អង្គ​ បូរ បេត ​ដែល​ជា​សមាជិក​នៃ​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ​មាន​សង្ឃ​ដីកា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​កាល​ពី​សប្តាហ៍​មុន​ ព្រះ​អង្គ ​លួន សុវ៉ាត ​បាន​ទាក់ទង​មក​ព្រះ​អង្គ ដោយ​បាន​លើក​ឡើង​ថា​ មាន​គេ​ចង់​ធ្វើ​បាប​ព្រះ​អង្គ​តាម​រយៈ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖ ​«ថ្ងៃ​កើត​រឿង ​ដែល​វីដេអូ​ឃ្លីប​ហ្នឹង​ចេញ​ លោក​បាន​ទំនាក់​ទំនង​មក​ប្រាប់​អាត្មា ​ថា​ គេ​ធ្វើ​ស៊ី​ព្រះ​ករុណា ​តាម​រយៈ​រឿង​នយោបាយ​អី​អ៊ីចឹង​ ដោយសារ​តែ​យើង​ជា​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស។ ​សូម​ឲ្យ​អាត្មា​ប្រុង​ប្រយ័ត្ន​ខ្លួន។​ កុំ​ឲ្យ​គេ​ធ្វើ​ស៊ី​ដូច​លោក។ ​លោក​ប្រាប់​អ៊ីចឹង»។​

ព្រះ​អង្គ​ បូរ បេទ ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​ព្រះ​អង្គ​លើក​ពី​ចំណុច​នៃ​ការ​សង្ស័យ​ ដោយ​មាន​ការ​ថត​វីដេអូ​បន្ត​ពី​ការ​សន្ទនា​នេះ ​ហើយ​ព្រះ​អង្គ​ថា​ សម័យ​បច្ចេក​វិទ្យា​ការ​កាត់​ត​និង​ការ​បង្កើត​គណនី​ហ្វេសប៊ុក​អាច​ធ្វើ​ឡើង​ដោយ​ងាយ​ស្រួល។​

ព្រះ​អង្គ​យល់​ថា​ ព្រះ​តេជគុណ​ លួន សុវ៉ាត​ ជា​ព្រះ​សង្ឃ​ម្នាក់​គួរ​ឲ្យ​គោរព។ ​

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖ ​«អាត្មា​គិត​ថា​លោក​មាន​ឥរិយាបថ​មួយ​ដ៏​សម​រម្យ​ក្នុង​ស្ថាប័ន​សង្ឃ ​មួយ​អង្គ​ផង​ដែរ​ ដែល​អាត្មា​តែង​យក​គំរូ​តាម​តែង​តែ​គោរព​លោក»។

កាល​ពី​ឆ្នាំ​ ២០១២ ​ព្រះ​តេជគុណ​លួន សុវ៉ាត ​បាន​ទទួល​រង្វាន់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (Martin Ennels Award) ​ដ៏​ល្បី​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស។ ​ព្រះ​អង្គ​ធ្លាប់​ចេញ​ព្រះភក្ត្រ​នៅ​កន្លែង​តវ៉ា​នានា ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ និង​ការ​ទាម​ទារ​រក​យុត្តិធម៌​ផ្សេងៗ។​ ព្រះ​អង្គ​តែង​តែ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី​ថត ​និង​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ព្រះ​អង្គ​ ដែល​មាន​អ្នក​ចុច​ Likes​ រហូត​ទៅ​ដល់​ជាង​ ១០ ​ម៉ឺន​នាក់៕

XS
SM
MD
LG