ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ជំហាន​ដំបូង​បង្ហាញ​ថា​មាន​ការ​ភ័យ​ខ្លាច​បណ្តាល​មក​ពី​ស្ពាន​យោល


អ្នក​មក​មើល​តំបន់​កើត​ហេតុ​សម្លឹង​មើល​ទៅ​លើ​ស្ពាន​កោះ​ពេជ្រ​ដែល​ជា​កន្លែង​ដែល​អ្នក​មក​លេង​បុណ្យ​អុំ​ទូក​បាន​ផ្អើល​រត់​ជាន់​គ្នា​ និង​ មាន​អ្នក​លោត​និង​ធ្លាក់​ចូល​ក្នុង​ទឹក​ទន្លេ​កាល​ពី​ថ្ងៃ​ច័ន្ទ។ មាន​មនុស្ស​​ជាង​៣០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​សោកនាដកម្ម​នេ
អ្នក​មក​មើល​តំបន់​កើត​ហេតុ​សម្លឹង​មើល​ទៅ​លើ​ស្ពាន​កោះ​ពេជ្រ​ដែល​ជា​កន្លែង​ដែល​អ្នក​មក​លេង​បុណ្យ​អុំ​ទូក​បាន​ផ្អើល​រត់​ជាន់​គ្នា​ និង​ មាន​អ្នក​លោត​និង​ធ្លាក់​ចូល​ក្នុង​ទឹក​ទន្លេ​កាល​ពី​ថ្ងៃ​ច័ន្ទ។ មាន​មនុស្ស​​ជាង​៣០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​សោកនាដកម្ម​នេ

គណៈកម្មការ​ស៊ើបអង្កេត ​បាន​និយាយ​នៅក្នុង​បទសម្ភាស​ជាមួយ​ទូរទស្សន៍​បាយ័ន​ថា​ មូលហេតុ​ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​ និង​របួស​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​នៅលើ​ស្ពាន​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​ កោះ​ពេជ្រ ​បាន​កើតឡើង​ដោយសារ​មូលហេតុ​មនុស្ស​ច្រើន​ពេក​ និង​ដោយសារ​ថប់​ដង្ហើម។

ចំនួន​ជនរងគ្រោះ​ ដែល​ស្លាប់​បាត់បង់​ជីវិត​មកដល់​ពេលនេះ​ មាន​ចំនួន​៣៥៤​និង​របួស​៣៩៥នាក់។

កាសែត​កម្ពុជា​ថ្មី ​បាន​ចុះផ្សាយ​តាម​គេហទំព័រ​របស់​ទូរទស្សន៍​បាយ័ន​ ​ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី​ហ៊ុន ម៉ាណា ​កូនស្រី​បង្កើត​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ មក​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​មូលហេតុដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​និង​រងរបួស​ដ៏សោកសៅ​នេះ​គឺ​ដោយសារ​តែ​មាន​មនុស្ស​ច្រើន​ហួស​ហេតុ​ពេក។

កាសែត​ដដែល ​បាន​ដកស្រង់​សម្តី​របស់​ក្រុម​គណៈកម្មការ​ស៊ើបអង្កេត ​និង​កោសល្យវិច័យ​របស់​រដ្ឋាភិបាល​ថា ​ឧបទ្ទវ​ហេតុ​នេះ​ បណ្តាល​មកពី​ការ​ថប់ដង្ហើម​ គួបផ្សំ ​និង​ភាព​រង្គើ​របស់​ស្ពាន​ បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​ភ័យខ្លាច​រុញគ្នា​ទៅវិញ​ទៅមក​ធ្វើ​ឲ្យ​ស្ទះ​ដង្ហើម​រហូតដល់​ដួល​ជាន់គ្នា​ និង​ផ្សេងទៀត​ស្រែកថាបាក់​ស្ពាន។

លោក​ឧត្តមសេនីយទោ​ ម៉ក់ ជីតូ ​សមាជិក​គណៈកម្មការ​ទទួលខុសត្រូវ​ដោះស្រាយ​ឧបទ្ទវហេតុ​នេះ មិន​ទាន់​បាន​អះអាង​ឲ្យ​បាន​ប្រាកដ​ប្រជាចំពោះ​មូលហេតុ​ជាផ្លូវការ​នៅឡើយ​ទេ។

លោក​ឧត្តមសេនីយទោ​ ម៉ក់ ជីតូ ​បាន​ប្រាប់ VOA ​ សំឡេង​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃពុធនេះ​ថា​ នៅពីរ ​បី ថ្ងៃ​ខាង​មុខ​ទៀត​ យើង ​នឹង​ចេញ​របាយការណ៍​ជាផ្លូវការ។

«យើង​សន្និដ្ឋាន​ទៅ​ ក៏វាមិន​ច្បាស់លាស់​ អញ្ចឹង​គួរ​រង់ចាំ​ការប្រជុំ​បូកសរុប​វាយតម្លៃ​របស់​គ្រប់ជំនាញ​ទាំង​អស់​បាន​យើង​វាយ​តម្លៃ​កើត»។

ឧបទ្ទវហេតុ​រត់ជាន់​គ្នា​នេះ​កើត​ឡើងនៅលើ​ស្ពាន​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ​ក្នុង​ពិធីបុណ្យ​ អុំទូក​ អក អំបុក ​និង​សំពះ​ព្រះខែ។

ក្រោយពី​ហេតុការណ៍ ​បាន​បញ្ចប់​ទៅ​រយៈពេល​តែ​ជាង​ពីរម៉ោង​ប៉ុណ្ណោះ ​បាន​បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​យ៉ាង​តិច​ប្រមាណ​៣៥៤នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​ប្រមាណ​៣៩៥នាក់​ផ្សេងទៀត​ បាន​ទទួល​រងរបួស​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ម៉ម ប៊ុនហេង​ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល។

លោក​ម៉ម ប៊ុនហេង ​បាន​មាន​ប្រសាសន៍​ទៀតថា​ ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នោះ​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​លំនៅដ្ឋាន​របស់​ពួកគេរួចរាល់​អស់​ហើយ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថាតាមការ​ធ្វើ​កោសល្យវិច័យ​របស់​មន្ទីរពេទ្យ​បាន​បង្ហាញ​ឲ្យ​ឃើញថា​ ជនរងគ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ការថប់​ដង្ហើម។

«គឺ​អ្នក​ដែលមាន​ វា​កក​កុញ​គ្នា ​ហើយ​វា​ដួល​ជាន់​លើគ្នា​ទៅធ្វើ​ឲ្យ​សង្កត់​លើគ្នា​ហើយ​ធ្វើឲ្យ​ថយ​ប៉ះ ជាន់គ្នា​ពីលើ​ទៅ​ក្រោម​អញ្ចឹង​ទៅ ​ហើយ​ពីមុខ​ទៅក្រោយ​វាណែន​ទាំងអស់​ទៅ ​ធ្វើឲ្យ​មនុស្ស​ថប់»។

ការអះអាង​របស់​សមត្ថកិច្ច​ហាក់​បីដូច​ជា​មាន​ការផ្ទុយគ្នា​ខ្លះៗ​ទៅនឹង​ការអះអាង​របស់​ជនរងគ្រោះ​មួយ​ចំនួន​ ដែល​បាន​រស់រាន​មា​នជីវិត​ពីហេតុការណ៍​សោកនាដកម្ម​នេះ។

អ្នកស្រី​មួយរូប​ ដែល​កំពុង​អង្គុយ​កំដរ​ប្អូនស្រី​របស់​ខ្លួន​អាយុ​១៨ឆ្នាំ ​ដែល​បាន​រស់រាន​មាន​ជីវិត​ និង កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ​បាន​មាន​ប្រសាសន៍ថា ​ប្អូនស្រី​អ្នកស្រី​បាន​និយាយ​ថា​ នាង​ត្រូវ​បាន ខ្សែ​ភ្លើង​ឆក់។

«គឺថា​ រឿងហ្នឹង​ ដូចមាន​ឧប្បតិ្តហេតុ​ដូចការ ​មាន​ឆក់ ​មានអ្វី​ឆក់​គាត់​អញ្ចឹង​ បណ្តាល​ឲ្យ​អត់​មាន កម្លាំង​មាន​កំហែង​ទប់​ខ្លួន​បាន»។

ចំណែក​ប្អូន​ប្រុសជៀ​ច រ៉ាវី ​អាយុ​២១ឆ្នាំ ​មកពី​ខណ្ឌ​ដង្កោ​ក្រុង​ភ្នំពេញ​ ដែល​កំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដែរ​នោះ​ បាន​និយាយ​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ ​បាន​ស្លាប់​ និង​រង របួស​នេះ ​គឺ​ដោយ​សារ​តែ​មាន​ការ​រត់​ជាន់​គ្នា។

«អ្នកនៅ​ខាងមុខ​គេ​ស្រែក​ប្រាប់​ថា​មាន​មនុស្ស​សន្លប់​នៅ​ខាងមុខ​ ដល់​ពេល​អញ្ចឹងទៅ ​គេ​ឃាត់​អត់ ឲ្យ​ទៅទេ​ ប្រហែល​មួយម៉ែត្រ​ពីខ្ញុំ​ ដល់ពេល​អញ្ចឹង​ទៅ​ខ្ញុំ​ឈរ​ប្រហែល​ប្រាំនាទី​ អ្នក​ក្រោយ​កាន់តែ​រុញ​មក ពេល​រុញ​មក​វាផ្អៀង​ផ្អៀង​មក​ដល់​ពេល​គេយក​អ្នក​សន្លប់​ចេញអស់​ អ្នក​ខាងមុខ​ខ្ញុំ​ក៏ដួល​ ខ្ញុំ​ក៏ដួល​កិន​លើគ្នា​អ្នក​មុខ​ដល់​ពេល​គេ​យក​មុខចេញ​អស់​ទៅ​ សល់​ពួកខ្ញុំ​ពិបាក​ទាញ​នៅ​ស្អិត​រមួត​ជាប់គ្នា​។ ខ្ញុំ​អត់ដឹង​ដែរ​ព្រោះ​ខ្ញុំ​មើល​មិន​ឃើញ ​ប្រហែល​ជា​មួយ​ម៉ែត្រ​មែន​ ប៉ុន្តែ​មនុស្ស​ច្រើន​ពេក​ ដល់​ថ្នាក់​រង្គើ​ខ្លួន​រង្គើ​មិនកើត​ផង»។

នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​បាត់បង់​ជីវិតនោះ​ គឺ​ប្រជាពលរដ្ឋ​មកពី​ទីក្រុង​ភ្នំពេញ​មាន​ចំនួន​ច្រើន​ជាងគេ ​ហើយ​ខេត្ត​ដែល​ពុំមាន​ប្រជាពលរដ្ឋ​បាត់បង់​ជីវិតនោះ​ មាន​ខេត្ត​ប៉ៃលិន ​ខេត្ត​ព្រះវិហារ​ កោះកុង ​និង​ខេត្តមណ្ឌល​គីរី។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧត្តម​សេនីយ៍​ឯក​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ៕

XS
SM
MD
LG