ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​អ៊ីស្រាអែល​បង្ហាញ​ពី​ភាព​ជាប់​គាំង​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី


រូបឯកសារ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែងនៅទីស្នាក់ការគណបក្សរបស់លោក បន្ទាប់ពីមានការចេញលទ្ធផលនៃការស្ទង់មតិ នៅក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែងនៅទីស្នាក់ការគណបក្សរបស់លោក បន្ទាប់ពីមានការចេញលទ្ធផលនៃការស្ទង់មតិ នៅក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

លោក Netanyahu មិន​បាន​អះអាង​ថា​ខ្លួន​ទទួល​បាន​ជ័យជម្នះ ឬ​ក៏​ព្រម​ចុះចាញ់​អ្វី​នៅ​ឡើយ​ទេ នៅ​ពេល​ដែល​លោក​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។

ការ​ស្ទង់​មតិ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​បាន​បង្ហាញ​ថា លោក​នាយករដ្ឋមន្ត្រី Benjamin Netanyahu មិន​បាន​ឈ្នះ​អាសនៈ​គ្រប់គ្រាន់​ដើម្បី​បង្កើត​សម្ព័ន្ធ​ភាព​ភាគ​ច្រើន​ដែល​ត្រូវការ​អាសនៈ​ចំនួន ៦១ ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន ១២០ នៃ​រដ្ឋសភា​នោះ​ទេ។ ការ​ស្ទង់​មតិ​ដូច​គ្នា​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា លោក Benny Gantz ដែល​ជា​គូ​ប្រជែង​របស់​លោក Netanyahu និង​ជា​អតីត​មេបញ្ជាការ​យោធា​អ៊ីស្រាអែល​ក៏​មិន​បាន​ឈ្នះ​អាសនៈ​គ្រប់គ្រាន់​នោះ​ដែរ។

ស្ថានីយ​ទូរទស្សន៍​ចម្បងៗ​ចំនួន ៣ របស់​ប្រទេស​អ៊ីស្រាអែល​មាន​លទ្ធផល​ផ្សេង​ពី​នេះ​បន្តិច ផ្អែក​លើ​ការ​ស្ទង់​មតិ​ក្រោយ​ការ​បោះ​ឆ្នោត​របស់​ខ្លួន។ ការ​ស្ទង់​មតិ​មួយ​បាន​បង្ហាញ​ថា គណបក្ស Likud របស់​លោក Netanyahu និង​គណបក្ស​ខៀវ និង​ស​របស់​លោក Gantz ម្នាក់ៗ​ទទួល​បាន​អាសនៈ​ចំនួន ៣២។ ការ​ស្ទង់​មតិ​មួយ​ទៀត​បាន​បង្ហាញ​ថា គណបក្ស​ខៀវ និង​ស​ទទួល​បាន​អាសនៈ​ចំនួន ៣៤ ចំណែក​ឯ​គណបក្ស Likud ទទួល​បាន​អាសនៈ​ចំនួន ៣៣។ រី​ឯ​ការ​ស្ទង់​មតិ​លើក​ទី ៣ បង្ហាញ​ថា គណបក្ស​ខៀវ និង​ស​ទទួល​បាន​អាសនៈ​ចំនួន ៣៣ ហើយ​គណបក្ស Likud ទទួល​បាន​ចំនួន ៣១។

លោក Netanyahu មិន​បាន​អះអាង​ថា​ខ្លួន​ទទួល​បាន​ជ័យជម្នះ ឬ​ក៏​ព្រម​ចុះចាញ់​អ្វី​នៅ​ឡើយ​ទេ នៅ​ពេល​ដែល​លោក​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។ លោក​បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ថា លោក​នឹង​ធ្វើ​ការ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​បង្កើត «រដ្ឋាភិបាល​ជ្វីហ្វ​ដ៏​ខ្លាំងក្លា​មួយ​ដែល​មិន​ដាក់​បញ្ចូល​គណបក្ស​អារ៉ាប់»។

ចំណែក​ឯ​លោក Gantz វិញ​បាន​និយាយ​នៅ​ពី​មុខ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ថា លោក​នឹង​ព្យាយាម​បង្កើត «រដ្ឋាភិបាល​បង្រួបបង្រួម​ដ៏​ធំ​មួយ​ដែល​នឹង​បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ»។

នៅ​ពេល​ដែល​លទ្ធផល​ផ្លូវការ​ត្រូវ​បាន​បង្ហាញ ប្រធានាធិបតី​អ៊ីស្រាអែល​លោក Reuven Rivlin នឹង​ប្រជុំ​ប្រឹក្សា​ជាមួយ​នឹង​មេដឹកនាំ​គណបក្ស​នីមួយៗ និង​ស្នើ​ឲ្យ​លោក Netanyahu ឬ​ក៏​លោក Gantz ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី៕

XS
SM
MD
LG