អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានថ្លែងថា ពួកគេនឹងប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលនឹងទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខនេះ។
នៅក្នុងការប្រមូលផ្តុំតវ៉ាមួយនៅលើទឹកដីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន អ្នកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ថ្លែងថាគណបក្សជំទាស់មិនទទួលស្គាល់ការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្រ្តី ក្រោយលោក ហ៊ុន សែន ឈប់កាន់អំណាច។ អ្នកស្រីបន្ថែមថា អ្នកប្រជាធិបតេយ្យនៅក្រៅប្រទេសនឹងប្រមូលផ្តុំគ្នានៅថ្ងៃទី២២ ខែកញ្ញា ចាប់ពីម៉ោង១០ព្រឹក នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ដើម្បីបង្ហាញទៅពិភពលោកថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមិនពេញចិត្តនឹងលោក ហ៊ុន ម៉ាណែត។ អ្នកស្រី មូរ សុខហួរ បន្ថែមថា លោក ហ៊ុន ម៉ាណែត ដែលកាន់អំណាចចាប់ពីថ្ងៃទី២២ ខែសីហា មិនមែនជាអ្នកដឹកនាំដែលតំណាងប្រជាជនកម្ពុជាឡើយ ហើយលោកឡើងតាមឪពុករបស់លោកដែលឈ្នះការបោះឆ្នោតដែលអវត្តមានគណបក្សជំទាស់ដ៏ធំ។
អ្នកស្រីថ្លែងថា៖ «យើងទៅដល់ញូវយ៉កថ្ងៃ២២ ខែកញ្ញាខាងមុខនេះ ដើម្បីប្រាប់ទៅអង្គការសហប្រជាជាតិ អ្នកដែលកំពុងតែនិយាយជំនួសឱ្យខ្មែរនេះ ប្រជាពលរដ្ឋខ្មែរហ្នឹង អ្នកហ្នឹងអត់ស្របច្បាប់ទេ។ពលរដ្ឋខ្មែរអត់ត្រូវការទេ។ យើងត្រូវការឱ្យមានការបោះឆ្នោតឱ្យសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទើបអ្នកនោះអាចមកអង្គុយកៅអីអង្គការសហប្រជាជាតិដើម្បីប្រទេសកម្ពុជាបាន»។
អ្នកស្រី មូរ សុខហួរ បន្ថែមថា លោក ហ៊ុន ម៉ាណែត មិនមែនជាអ្នកប្រជាធិបតេយ្យឡើយ ហើយលោកមិនហ៊ានឱ្យគណបក្សជំទាស់ចូលរួមប្រកួតប្រជែងការបោះឆ្នោតនោះទេ។
អ្នកស្រីបញ្ជាក់បន្ថែមថា៖ «លោក ហ៊ុន ម៉ាណែត អត់មានភាពក្លាហានទេ អត់ទាល់តែសោះ បើមានភាពក្លាហាន អត់មានត្រូវការចាប់ចងយើងខ្ញុំទេ។ មកប្រឈមមុខមក មកឃោសនាជាមួយគ្នាមក»។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានបដិសេធមិនអត្ថាធិប្បាយ ដោយស្នើឱ្យទាក់ទងលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់ទៀត។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក មាស សុភ័ណ្ឌ បាននៅឡើយទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បដិសេធមិនអត្ថាធិប្បាយ ដោយស្នើឱ្យទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលវិញ។
គួរបញ្ជាក់ថា នៅពេលលោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជាទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំម្តងៗ មន្រ្តីគណបក្សជំទាស់ និងសកម្មជននយោបាយនៅក្រៅប្រទេសតែងតែចេញមុខតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក។ ចំណែកអ្នកគាំទ្ររបស់លោក ហ៊ុន សែន ក៏ចេញមុខប្រមូលផ្តុំបង្ហាញការគំាទ្រលោក ហ៊ុន សែន ផងដែរ។ គេមិនទាន់ដឹងនៅឡើយទេថា តើនឹងមានអ្នកគាំទ្រលោក ហ៊ុន ម៉ាណែត ប្រមូលផ្តុំបង្ហាញការគាំទ្រដល់រូបលោកឬយ៉ាងណាទេនៅថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ៕