ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី រិះគន់​ភាពស្របច្បាប់​នៃ​ការផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ទៅ​កូន​ច្បង​របស់​លោក


រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងបទសម្ភាសន៍មួយ នៅសណ្ឋាគារ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងបទសម្ភាសន៍មួយ នៅសណ្ឋាគារ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

នៅ​ក្នុង​ដំណាក់​កាល​អន្តរកាល​នៃ​ការ​តែងតាំង​មេ​ដឹកនាំរដ្ឋាភិបាល​ថ្មី​នៅ​ប្រទេស​កម្ពុជា​ ​ដែល​នឹង​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ ​មេ​ដឹកនាំ​នយោបាយ​ជំទាស់​លោក​ សម រង្ស៊ី​ ​បាន​ថ្លែង​បរិហារ​ថា​ ​ការ​តែងតាំង​នោះជា​ទម្រង់​នៃ​ការ​ផ្ទេរ​អំណាច​ខ្វះ​ភាព​ស្រប​ច្បាប់​ ហើយ​ក៏នឹងមិន​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរ​ជាតិ​ដែរ។​

នៅ​ក្នុង​ឃ្លីប​វីដេអូ​មួយ​ដែល​មាន​រយៈ​ពេល​ជាង​៩​នាទី ​និង​ត្រូវ​បាន​បង្ហាញ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​អាទិត្យ​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​សម រង្ស៊ី​ ត្រូវ​គេ​ឃើញ​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ ក៏​ដូច​ជា​សហគមន៍​អន្តរ​ជាតិ​ នឹង​មិន​ទទួល​ស្គាល់​របប​នយោបាយ​ដែល​កើត​ឡើង​ដោយ​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅកូន​នោះ​ទេ។

លោក​ថ្លែង​ថា៖​ «ខ្វះ​ភាព​ស្រប​ច្បាប់​ បារាំង​ហៅ​ថា​ légitimité ​អង់គ្លេស​ហៅ​ថា​ legitimacy ​[ភាព​ស្រប​ច្បាប់]។ ​ចោរ​វា​អត់​មាន​ភាព​ស្រប​ច្បាប់​ទេ។​ វាអត់​មាន​ légitimité។ ​ដូច្នេះ​ វា​គ្មាន​លទ្ធភាព​ផ្ទេរ​អំណាច​ឱ្យ​កូន​គាត់​ទេ។ ​អា​កូន​គាត់​ហ្នឹង​រឹត​តែ​អត់​មាន​ភាព​ស្រប​ច្បាប់​ទៅ​ហើយ។ ​បើ​អត់​មាន​ភាព​ស្រប​ច្បាប់​ គ្មាន​អ្នក​ណា​ទទួល​ស្គាល់​ទេ។​ ប្រជារាស្ត្រ​ខ្មែរ​អត់​ទទួល​ស្គាល់​ អត់​យល់​ព្រម។ ​អន្តរជាតិ​ក៏អត់​ទទួល​ស្គាល់​ ហើយ ​ហ៊ុន សែន​ ជា​ចោរ​ផ្ទេរ​អំណាច​ឱ្យ​កូន​គាត់​ធ្វើ​ចោរ​ជំនួស​គាត់​...​អត់​ដាច់​ខាត»។​

ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃទី​២៣ ​ខែ​កក្កដា​ ឆ្នាំ​២០២៣​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១៨​ចូល​រួម។ ​លទ្ធផល​ផ្លូវ​ការ​របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​ហ៊ុន សែន ឈ្នះ​បាន​អាសនៈ​ចំនួន​១២០ ​នៅ​ក្នុង​សភា ​ខណៈ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​បាន​ចំនួន​៥​អាសនៈ។​

ការ​បោះ​ឆ្នោត​នៅខែ​កក្កដា​នោះ​មិន​មាន​ការ​ចូល​រួម​របស់​គណបក្ស​ជំទាស់​ធំ​មួយ​គឺ​គណបក្ស​ភ្លើងទៀន​។ ​ការណ៍​នេះ​នាំឱ្យ​មាន​ការ​រិះគន់​ថា ​ការ​បោះឆ្នោត​ធ្វើ​ឡើង​ ដោយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ម្ចាស់​ឆ្នោត។​

លោក​ សម រង្ស៊ី ​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​កម្ពុជា​ លើក​ឡើង​ទៀត​ថា ​ការ​ប្រគល់​អំណាច​របស់​លោក ​ហ៊ុន សែន​ ទៅ​ឱ្យ​លោក ​ហ៊ុន ម៉ាណែត ​នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ ​ព្រោះ​លោក​អះអាង​ថា​ ការ​កាន់​អំណាច​របស់​លោក ​ហ៊ុន សែន​ ខ្វះភាព​ស្របច្បាប់។ ​ប៉ុន្តែ​លោក​ ហ៊ុន ម៉ាណែត​ ដែល​មាន​តួនាទី​កំពូលៗ​ក្នុង​កង​ទ័ព​កម្ពុជា​ ត្រូវ​បាន​រំពឹង​ថា​ នឹង​ដឹកនាំ​ប្រទេស​ចាប់​ពី​ថ្ងៃទី​២២​ ខែ​សីហា​ ឆ្នាំ​២០២៣​នេះ។​

វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាបាយ​ពី​លោក​ សម រង្ស៊ី ​តាមអ៊ីមែល​នៅថ្ងៃ​ចន្ទ​នេះ ​តែ​គ្មាន​ការ​ឆ្លើយ​តប។​

អ្នក​វិភាគ​នយោបាយ​លោក​ សេង សារី ​ប្រាប់​វីអូអេ​ ថា ​ដំណើរ​ការ​ផ្ទេរ​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​មាន​ភាព​ចម្រូង​ចម្រាស​ច្រើន​ នៅ​ពេល​សភា​ថ្មី​មិន​ទាន់​ត្រូវ​បាន​បង្កើត ​តែ​មាន​ការ​តែង​តាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​ជា​មុន​ទៅ​វិញ។​

លោក​ថ្លែង​ថា៖ «តើ​អ្នក​ណា​ជា​ប្រធាន​សភា​នីតិ​កាល​ទី៧? ​តើ​សភា​នីតិ​កាល​ទី៧​ហ្នឹង​កើត​ហើយ ឬ​នៅ? ​មក​ដល់​ពេល​នេះ​យើង​ឃើញ​ថា​ អត់ទាន់​ចេញ​ជា​រូបរាង​ទេ​ ហើយ​ប្រធាន​សភា​ហ្នឹង​ក៏​គ្រាន់​តែ​ជា​ប្រធាន​សភា​មួយ​ដែល​មិន​ទាន់​មាន​ការ​ទទួលស្គាល់​ជា​ផ្លូវ​ការ​ដែរ»។​

លោក​បន្ថែម​ថា ​ការ​ឡើង​មក​កាន់​អំណាច​របស់​លោក ​ហ៊ុន ម៉ាណែត​ ក៏​ប្រឈម​នឹង​កង្វះ​ភាព​ស្រប​ច្បាប់ ​ដែល​នៅតែ​ជា​មន្ទិល​សម្រាប់​មហា​ជន។​

លោក​ថ្លែង​ថា៖​ «ចំណុច​នេះ​ក៏​យើង​ត្រូវ​សួរ​ដែរ​ថា ​តើ​លោក ​ហ៊ុន ម៉ាណែត ​បាន​ក្លាយ​ជា​បេក្ខជន​តំណាង​រាស្រ្ដ​ពេញ​សិទ្ធិ​ពី​ពេល​ណា? ​បើ​យើង​មើល​ក្នុង​បញ្ជី​រាយ​នាម​របស់​គ.ជ.ប​ ចុះ​ថ្ងៃ​ទី៥ ​សីហា ​ឆ្នាំ​២០២៣​ លោក ​ហ៊ុន ម៉ាណែត​ នៅគ្រាន់តែ​ជា​បេក្ខជន​ជាប់​ឆ្នោត​នៅ​ឡើយ ​ដូច្នេះ​ហើយ​យើង​ឃើញ​ថា បើ​យើង​មើល​ផ្នែក​ខាង​ច្បាប់​ legality ​ យើង​ឃើញ​ថា​ នៅ​មាន​សំណួរ​ច្រើន​ណាស់​ដែល​មហា​ជន​ ពលរដ្ឋ​នៅ​ងឿង​ឆ្ងល់»។​

តែទោះ​ជា​មាន​ការ​បកស្រាយ​រិះគន់​ភាព​ស្របច្បាប់​នៃ​ការ​ផ្ទេរ​អំណាច ​ឬ​ដំណើរ​ការ​របស់​រដ្ឋាភិបាល​ថ្មី​បែប​ណាក្តី ​ក៏​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក​ សុខ ឥសាន ​មាន​សុទិដ្ឋិនិយម​ថា ​រដ្ឋាភិបាល​ដែល​នឹង​ដឹកនាំ​ដោយ​អ្នក​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​បារម្ភ​នឹង​បញ្ហា​នេះ​ទេ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​លើក​ឡើង​ណា​មួយ​របស់​លោក ​សម រង្ស៊ី​ គឺ​ជា​ការ​លាប​ពណ៌រដ្ឋាភិបាល​កម្ពុជា ​ដោយ​លោក​ថា​ វា​ជា​សិទ្ធិ​សេរី​ភាព​របស់​បណ្ដា​ប្រទេស​នីមួយៗ​ក្នុង​ការ​ទទួល​ស្គាល់​ភាព​ស្របច្បាប់ ​ឬមិន​ស្រប​ច្បាប់​របស់​រដ្ឋា​ភិបាល​អាណត្តិ​ទី៧​នេះ។​

លោក​ថ្លែង​ថា៖​ «ហើយ​ចំពោះ​ការ​ស្រប​ច្បាប់​ ឬ​មិន​ស្រប​ច្បាប់​ដែល​បរទេស​យល់​ឃើញ​យ៉ាង​ណា​ជា​រឿង​របស់​គេ ​ តែ​យើង​គឺ​ថា​ យើង​ស្រប​ច្បាប់​សម្រាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​របស់​យើង ​ហើយបញ្ហា​ទទួល​ស្គាល់​ ឬ​មិន​ទទួល​ស្គាល់​ជា​សិទ្ធិ​របស់​អ្នក​ដែល​ទទួល​ស្គាល់​ ឬ​មិន​ទទួល​ស្គាល់»។​

លោក​បន្ថែម​ថា ​កម្ពុជា​បាន​អនុវត្ត​ត្រឹមត្រូ​វទៅ​តាម​នីតិវិធី ​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ​ក្នុង​ដំណើរ​ការ​តែងតាំង​ក្បាល​ម៉ាស៊ីន​គណៈ​រដ្ឋមន្រ្ដី​នៃ​រដ្ឋា​ភិបាល​ថ្មី​ដែល​ធ្វើ​ឡើង​ដោយ​ការ​រង់ចាំ​ការ​ផ្តល់​សេចក្តី​ទុកចិត្ត​ពីរដ្ឋ​សភា​ ហើយ​ការ​បោះ​ឆ្នោត​កាលពី​ខែ​កក្កដា​ បាន​បង្ហាញ​ពី​ឆន្ទៈ​ និង​បំណង​ប្រាថ្នា​ពិត​ប្រាកដ​របស់​ពលរដ្ឋ៕​

XS
SM
MD
LG