ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​សម រង្ស៊ី ​ប្រាប់​ពលរដ្ឋ​ឱ្យ​គូស​សន្លឹក​ឆ្នោត​ចោល  ​ខណៈ​អវត្តមាន​គណបក្ស​ភ្លើងទៀន​


រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយស្តីអំពីសេរីភាពសារព័ត៌មាន នៅសណ្ឋាការ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយស្តីអំពីសេរីភាពសារព័ត៌មាន នៅសណ្ឋាការ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។

អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​លោក​ សម រង្ស៊ី ​បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ទៅ​បោះ​ឆ្នោត​គូស​សន្លឹក​ឆ្នោត​ចោល ​ដោយ​សារ​អវត្តមាន​គណបក្ស​ភ្លើងទៀន​ ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា។

លោក ​សម រង្ស៊ី ​បាន​អះអាង​ថា​ ការ​ផ្តួច​ផ្តើម​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ក្នុង​ការ​កែ​ច្បាប់​បោះ​ឆ្នោត​ ដើម្បី​កំហិត​សិទ្ធិ​មន្រ្តី​គណ​បក្ស​ជំទាស់​ក្នុង​ការ​ឈរ​ឈ្មោះ ​ប្រសិន​បើ​មិន​ទៅ​បោះ​ឆ្នោត​ គឺ​ដោយ​សារ​គណបក្ស​កាន់​អំណាច​ចង់​បាន​ប្រជា​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ច្រើន ​នា​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ខាង​មុខ។​

លោក ​សម រង្ស៊ី ​លើក​ឡើង​បែប​នេះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​ថ្ងៃ​អង្គារ។​

លោក ​សម រង្ស៊ី ​ដែល​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​តាំង​ពី​ឆ្នាំ​២០១៥​ សរសេរ​ថា៖​ «ហ៊ុន សែន កំពុង​តែ​ជំរុញ​ច្បាប់​ថ្មី​មួយ ​ដើម្បី​បង្ខំ​ពលរដ្ឋ ​ឱ្យ​ទៅ​បោះ​ឆ្នោត​គ្រប់​គ្នា។ ​ច្បាប់​ថ្មី​នេះ​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​របស់ ​ហ៊ុន សែន​ ចំពោះ​ចលនា​ពហិការ​ មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត ​ថ្ងៃ ​២៣​ កក្កដា ​ខាង​មុខ។ ​

ចលនា​ពហិការ​ក្នុង​ទ្រង់​ទ្រាយ​ធំ​នេះ​បណ្តាល​មក​ពី​ការ​រារាំង ​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត ​ ទោះ​ជា​គណបក្ស​ភ្លើងទៀន​នេះ ​ជា​គណបក្ស​ប្រឆាំង​តែ​មួយ​គត់ ​ដែល​ប្រជា​ពលរដ្ឋ​អាច​ជឿ​ទុក​ចិត្ត​បាន»។​

លោក ​សម រង្ស៊ី ​បន្ថែម​ថា៖​ «ចលនា​ពហិការ​ដ៏​ធំ​បែប​នេះ​ជា​ការ​បង្ហាញ​ពី​កម្លាំង​របស់​គណបក្ស​ប្រឆាំង​ដែល​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដល់​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​ថ្មី​ ក្រោយ​ការ​បោះ​ឆ្នោត។ ​ ហ៊ុន សែន ​ចង់​ឱ្យ​កូន​គាត់ ​ហ៊ុន ម៉ាណែត ​មក​ដឹកនាំ​រដ្ឋាភិបាល​ថ្មី ​ក្រោយ​ការ​បោះ​ឆ្នោត ​ តែ​ផែនការ​នេះ មិន​អាច​ទៅ​រួច​ទេ ​បើ​ការ​បោះ​ឆ្នោត​ត្រូវ​សហគមន៍​អន្តរជាតិ​ពេប​ជ្រាយ ​ដោយ​សារ​តែ​ជោគជ័យ​នៃ​ចលនា​ពហិការ​ មិន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត»។​

បើ​តាម​លោក ​សម រង្ស៊ី ​សេណារីយ៉ូ ​បែប​នេះ​«ធ្វើ​ឱ្យ​ហ៊ុន សែន ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ពីព្រោះ​បើ ​ហ៊ុន ម៉ាណែត ​មិន​អាច​មក​ជំនួស​គាត់​បាន​ទេ ​គាត់​នឹង​បាត់បង់​និទណ្ឌ​ភាព​ ដែល​ធ្វើ​ឱ្យ​គាត់​រួច​ទោស​ពី​បទ​ឧក្រិដ្ឋ​រាប់​មិន​អស់ ​ដែល​គាត់​បាន​ប្រព្រឹត្ត។ ​យ៉ាង​ដូច្នេះ​ហើយ​បាន​ជា ​ហ៊ុន សែន​ ខំ​ជំរុញ​ច្បាប់​ថ្មី ​បង្ខំ​ពលរដ្ឋ​គ្រប់​រូប ​ទៅ​បោះ​ឆ្នោត»។​

លោក ​សម រង្ស៊ី ​ឱ្យ​ដឹង​ទៀត​ថា​ គណ​បក្ស​ប្រឆាំង​ អាច​ប្រើ​វិធី​សាស្ត្រ​មួយ​ទៀត ​ដើម្បី​បង្ហាញ​ពី​កម្លាំង​របស់ខ្លួន ​គឺ​ស្នើ​ឱ្យ​ប្រជា​ពលរដ្ឋ​ ដែល​ទៅ​បោះ​ឆ្នោត​ គូស​ចោល​សន្លឹក​ឆ្នោត ​មុន​ដាក់​ចូល​ក្នុង​ហិប​ឆ្នោត។​

នៅ​ក្នុង​បទ​សម្ភាសន៍​ជា​វីដេអូ​មួយ​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក ​លោក​ សម រង្ស៊ី ​បាន​ថ្លែង​ថា៖​ «កាលៈទេសៈ​បែប​ហ្នឹង​ ដោយ​សារ​យើង​មិន​ឃើញ​គណបក្ស​ដែល​យើង​ស្រឡាញ់​នៅ​លើ​សន្លឹក​ឆ្នោត​ យើង​គូស​ចោល ​គូស​ចោល​ទាំង​អស់​ ហ្នឹង​គឺ​មាន​ន័យ។​ ការ​បោះ​ឆ្នោត​ដែល​មាន​ន័យ​ថា​ជា​ប្រតិកម្ម​របស់​ពល​រដ្ឋ​ថា ​ការ​បោះ​ឆ្នោត​ហ្នឹង ​បោះ​ឆ្នោត​ក្លែង​ក្លាយ ​អត់​មាន​ឈ្មោះ​គណបក្ស​ដែល​ខ្ញុំ​ស្រឡាញ់ ​មាន​តែ​គណបក្ស​ប៉ុន្មាន​ដែល​ខ្ញុំ​មិន​ស្រឡាញ់»។​

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ​លោក ​ហ៊ុន សែន ​ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី​ ដោយ​ថា​ អ្នក​ដែល​អុកឡុក​ដំណើរ​ការ​បោះឆ្នោត​នឹង​ជាប់​ពន្ធនាគារ​ឬ​ក៏​ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ចាប់​ពី​៥​លាន​រៀល​ទៅ​២០​លាន​រៀល​ ទៅ​តាម​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ស្តីពី​ការ​បោះឆ្នោត ​ដែល​លោក​កំពុង​ស្នើ​ឱ្យ​កែ​ប្រែ ​ដើម្បី​ដាក់​គំនាប​ទៅ​លើ​សមាជិក​គណបក្ស​ជំទាស់​ដែល​មិន​ទៅ​បោះ​ឆ្នោត។​

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា៖ ​«អ៊ីចឹង​លោក​ឯង​ព្រហើន​ទៀត​ទៅ!​ កាន់​តែ​រើ​កាន់​តែ​ដូច​ត្រី​ជាប់​ជុច។​ ឥឡូវ​វា​ព្រហើន​ ស្រែក​មក​ទៀត​ហើយ​វា​ថា​ឱ្យ​ចូល​ទៅ​ដើម្បី​គូស​បំផ្លាញ​សន្លឹក​ឆ្នោត។ ​ អ៊ីចឹង​អា​ហ្អែង​ចាំ​មើល​ទៅ!​ ចាំមើល​ជាប់​គុក​ប៉ុន្មាន? ហើយ​ចាំ​មើល​បង់​ផាក​ប៉ុន្មាន?​ ហ្អែង​បង្ក​អុក​ឡុក​ទៅ !សាក​មើល​ទៅ!»​

លោក ​ហ៊ុន សែន ​ក៏​ព្រមាន​រំលាយ​គណបក្ស​ជំទាស់​ដែល​លោក​ថា​មាន​ការ​បញ្ជា​ពី​អ្នក​នៅ​ខាង​ក្រៅ​ប្រទេស​ផង​ដែរ។​

អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​លោក ​ហង្ស ពុទ្ធា​ លើក​ឡើង​ថា​ ច្បាប់​កម្ពុជា​មិន​មាន​ចែង​កំណត់​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​ប៉ុន្មាន​ភាគ​រយ​ ទើប​ចាត់​ទុក​ការ​បោះ​ឆ្នោត​បាន​ការ​ឬ​មិន​បាន​ការ​ឡើយ។ ​ លោក​បន្ត​ថា​ច្បាប់​ក៏​មិន​ចែង​ថា​សន្លឹក​ឆ្នោត​គូស​ចោល​ប៉ុន្មាន​ភាគ​រយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​ដែរ។​

លោក​បញ្ជាក់​ថា៖​ «បើ​ទស្សនៈ​គាត់​ថា​មិន​គូស​ឱ្យ​នរណា ​ក៏​គូស​ចោល​ អា​ហ្នឹង​សន្លឹក​ឆ្នោត​ចាត់​ទុក​ជា​បែប​ហ្នឹង​ទៅ។​ វា​មិន​មាន​ជះ​ឥទ្ធិពល​អី​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឬ​ក៏​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ទាំង​មូល​នោះ​ទេ»។​

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ​ ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ត្រៀម​ថវិកា​ចំនួន​ជាង​៥០​លាន​ដុល្លារ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ដែល​មាន​១៨​គណបក្ស​ចូល​រួម ​ប៉ុន្តែ​មិន​មាន​វត្តមាន​គណបក្ស​ភ្លើងទៀន​ឡើយ។​

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ​លោក ​រ៉ុង ឈុន ​ប្រាប់​វីអូអេ​ថា​ ការ​ប្រកាស​ធ្វើ​វិសោធន​កម្ម​ច្បាប់​នា​ពេល​នេះ​ ជា​ការ​ចង​កាតព្វ​កិច្ច​របស់​ប្រជា​ពល​រដ្ឋ​ដែល​ចង់​ធ្វើ​នយោបាយ ​ខណៈ​ច្បាប់​មិន​តម្រូវ​ឱ្យ​ប្រជា​ពលរដ្ឋ​ត្រូវ​ទៅ​បោះ​ឆ្នោត​ឡើយ។​

បើ​តាម​អនុ​ប្រធាន​គណបក្ស​រូប​នេះ ​ មក​ទល់​ពេលនេះ​មិន​ទាន់​ឃើញ​មាន​រូបភាព​បែប​ណា​មួយ​ដែល​បង្ខិត​បង្ខំ​ប្រជា​ពល​រដ្ឋ​ទៅ​បោះ​ឆ្នោត​ឡើយ​ ប៉ុន្តែ​លោក​ឃើញ​ថា​មាន​ការ​ចែក​អំណោយ ​ក៏​ដូច​ជា​ថវិកា​ទៅ​ប្រជា​ពលរដ្ឋ។​

លោក​ថ្លែង​ថា៖ ​«ការ​ចែក​ឱ្យ​សមាជិក​របស់​ខ្លួន​ វា​មិន​មែន​ជា​ចំណោទ​បញ្ហា​ទេ។ ​ តែ​បើ​សិន​ជា​ពល​រដ្ឋ​សុទ្ធសាធ​ដែល​មិន​ពាក់ព័ន្ធ​ទៅ​នឹង​សមាជិក​ អាហ្នឹង​វា​ទៅ​ជា​រឿង​មួយ​ខុស​ច្បាប់​បោះ​ឆ្នោត ​ដែល​មាន​ន័យ​ថា​ អាច​ទិញ​ទឹក​ចិត្ត ​អាច​អី​អ៊ីចឹង​ទៅ»។​

លោក​ រ៉ុង ឈុន​ អះអាង​ថា​ អវត្តមាន​គណបក្ស​ប្រឆាំង​ដែល​អាច​ជា​គូ​ប្រជែង ​ប្រាកដ​ណាស់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ដាច់។​

លោក ​កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៃ​អង្គការ​ខុម​ហ្វ្រែល​(Comfrel)​ យល់​ថា​ ការ​ទៅ​បោះ​ឆ្នោត​តិច​ឬ​ច្រើន​ អាស្រ័យ​លើ​ប្រជា​ពលរដ្ឋ​ដែល​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពួក​គេ។ ​ លោក​បន្ថែម​ថា​ បើ​សិន​មាន​ការ​គូស​សន្លឹក​ឆ្នោត​ចោល​ច្រើន​ វា​អាច​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​ឬ​ក៏​ការ​មិន​យល់​ដឹង​របស់​ប្រជា​ពល​រដ្ឋ។​

លោក​ថ្លែង​ថា៖ ​«ប៉ុន្តែ​បើ​សិន​ជា​គាត់​ខូច​ដោយ​សារ​មាន​អី​ក្រៅ​ពី​ការ​យល់​ដឹង​របស់​គាត់​ហ្នឹង​វា​អាច​ជា​សញ្ញា​ដែល​ប្រាប់​ថា​ គាត់​មិន​ពេញ​ចិត្ត​ឬ​ក៏​អី​ផ្សេង​ទៅ។​ អ៊ីចឹង​រឿង​ខូច​នេះ​វា​មាន​តាមសណ្ឋាន ​តាម​ការ​ពិនិត្យ​មើល​ជាក់​ស្តែង»។​

កាល​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ​ដែល​អវត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ ​គឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ប្រមាណ​៦០​ម៉ឺន​សន្លឹក។​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា​គ.ជ.ប។​ អ្នក​តាម​ដាន​មើល​ឃើញ​ថា​ ប្រជា​ពល​រដ្ឋ​ខ្លះ​ត្រូវ​បាន​បង្ខំ​ឱ្យ​ទៅ​បោះ​ឆ្នោត​ ដោយ​សារ​បារម្ភ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​ពាក់ព័ន្ធ​នឹង​ការ​រើស​អើង​នយោបាយ ​និង​មិន​ធ្វើ​ឯកសារ​សម្រាប់​ប្រជា​ពល​រដ្ឋ ​នៅ​ពេល​ពួកគេ​ត្រូវ​ការ។​

សម្រាប់​មន្រ្តី​រាជការ ​កម្លាំង​ប្រដាប់​អាវុធ ​និង​ទាហាន ​ពួកគេ​ត្រូវ​តែ​ទៅ​បោះ​ឆ្នោត ​ដើម្បី​មាន​ចង្អុល​ដៃ​ជ្រលក់​ថ្នាំ​ និង​បង្ហាញ​ថា​ពួកគេ​មិន​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ដែល​ចង់​ឱ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​ច្រើន ក្នុង​គ្រា​អវត្តមាន​គណបក្ស​ភ្លើង​ទៀន៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG