ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ស្នើឲ្យ​កែ​ច្បាប់​បោះ​ឆ្នោត ដើម្បី​កំហិត​សិទ្ធិ​ឈរ​ឈ្មោះ​របស់​មន្រ្តី​គណបក្ស​ជំទាស់


រូបផ្គុំនៃទង់តំណាងគណបក្សភ្លើងទៀន (ឆេ្វង) និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។
រូបផ្គុំនៃទង់តំណាងគណបក្សភ្លើងទៀន (ឆេ្វង) និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​បញ្ជា​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌ ​ឱ្យរៀបចំ​ធ្វើ​វិសោ​ធន​កម្ម​ច្បាប់បោះ​ឆ្នោត​ជា​បន្ទាន់ ដោយ​កំណត់​លក្ខ​ខណ្ឌ​មិន​អនុ​ញ្ញាត​ឱ្យ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ បើ​សិន​បុគ្គល​ណា​ម្នាក់មិន​បាន​ទៅ​បោះ​ឆ្នោត​នៅ​អាណត្តិ​នេះ។

ការ​ស្នើ​កែ​ច្បាប់​ឱ្យបាន​មុន​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣នេះ​ ត្រូវ​បាន​មើល​ឃើញ​ថា​ដើម្បី​កំហិត​សិទ្ធិ​ឈរ​ឈ្មោះ​របស់​មន្រ្តី​គណបក្ស​ជំទាស់ និង​ប្រឆាំង​នឹង​យុទ្ធនា​ការ​មិន​ទៅ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ដោយ​សារ​អវត្ត​មាន​គណ​បក្ស​ភ្លើង​ទៀន។

នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​នា​ថ្ងៃ​អង្គារ លោក ហ៊ុន សែន ថ្លែង​ថា​ការធ្វើវិ​សោធន​កម្មច្បាប់​បោះ​ឆ្នោត​នេះ​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធនាការWIFI របស់​ក្រុម​ប្រឆាំង​ ដែល​មិន​ចង់​ទៅ​បោះឆ្នោត ឬ​ទៅ​បោះ​ឆ្នោត​ដោយ​គូស​សន្លឹក​ឆ្នោត​ចោល​។ លោក ហ៊ុន សែន បញ្ជាក់​ថា​ការ​កែ​ច្បាប់​នេះ ដើម្បី​«ទះ​កំផ្លៀង»ក្រុម​ប្រឆាំង។

​លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ដោយ​សារ​តែ​ភាព​ផ្គើន​ជាមួយ​សិទ្ធិ​ពល​រដ្ឋ។ ឥឡូវខ្ញុំសូម​បញ្ជាក់​ទៅ​លោក រី គា​ [អគ្គលេខាធិការ​គណ​បក្ស​សង្រ្គោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក] ដែល​លោក​ឯង​ដឹកនាំ​ការ​ប្រជុំ​តាម ​ZOOM នៅ​យប់​ថ្ងៃ​ទី​១១ ខែ​មិថុនា ​ឆ្នាំ​២០២៣ វេលា​ម៉ោង​៧​យប់​ ម៉ោង​កម្ពុជា។ លោក​ឯង​ប្រជុំ​ចំណុច​ទី១ របស់​លោក​ឯង ​ដែល​ថា​ត្រូវ​ធ្វើអ្វី​ទៀត ​[គឺ​]យុទ្ធ​នាការ​ WIFI មាន​ន័យ​ថា យុទ្ធនាការ ​Facebook​ របស់​អ្នក​ឯង​។ ...​ខ្ញុំ​មិន​ទៅ​បោះ​ឆ្នោត​ជា​សិទ្ធិ​របស់​ខ្ញុំ​។ អូខេ ​បាន ​បើ​នៅ​តែ​បង្ខំ​ខ្ញុំ​ឱ្យ​ទៅ​បោះ​ឆ្នោត​ ខ្ញុំ​នឹង​គូស​ខ្វែង​សន្លឹក​ឆ្នោត​ចោល។ យុទ្ធនាការត្រូវ​បញ្ជូនផ្សព្វផ្សាយបន្ត​ នៅ​កាណាដា អាមេរិក »​។

លោក ហ៊ុន សែន បាន​បញ្ជាទៅ​លោក​ ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​លោក កើត រិទ្ធិ រដ្ឋមន្ត្រី​ក្រសួង​យុត្តិ​ធម៌ ​ប្រញាប់​ធ្វើ​វិសោធន​កម្មច្បាប់បោះ​ឆ្នោត​ឱ្យ​បាន​មុនការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ។ លោក​បន្ថែម​ថាការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​យក​គំរូ​តាម​ប្រទេស​ថៃ។

លោក ហ៊ុន សែន ​ថ្លែង​ថា៖ «ឥឡូវ​យើង​យក​រូប​មន្ត​តាម​ថៃ​។ ​សម្រាប់​ការ​បោះ​ឆ្នោត​ទាំង​អស់​ ដែល​ឥឡូវ​នេះ ​សម្តេច​ក្រឡា​ហោម ​ស ខេង ឯក​ឧត្តម កើត រិទ្ធិ កំពុង​ធ្វើ​។ តែ​ខ្ញុំ​ចេញ​សារ ដើម្បីវាយ​អ្នក​ឯងឱ្យ​ចំ​កញ្ចប់​មាត់ ​ហើយ​វាយ​ផ្តាច់​ព្រាត់​តែ​ម្តង​ ​គឺ​នៅ​ត្រង់​ថា​បើ​អ្នក​ឯង​មិន​បាន​បោះ​ឆ្នោតថ្ងៃ​២៣ ​ខែកក្កដា ឆ្នាំ​២០២៣​ អ្នក​ឯង​គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​សម្រាប់​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ តំណែង​ក្រុម​ប្រឹក្សា​ស្រុក ខណ្ឌ ​ក្រុង ​ខេត្ត​ រាជ​ធានី ​សម្រាប់​តំណែង​សមា​ជិក​ព្រឹទ្ធ​សភា និង​តំណែង​សមា​ជិក​រដ្ឋ​សភា​នៅ​ឆ្នាំ​២០​២៨​។ អ៊ីចឹង​ខ្ញុំ​វាយ​អ្នក​ឯង ​ឱ្យ​វា​ចប់​រឿង ​ដោយ​សារ​អ្នក​ឯង​ចេះ​តែ​កេះ​ខ្នង​ខ្ញុំ​ ចេះ​តែ​ចាក់​ខ្ញុំ»។

លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន លោក​ គីមសួរ​ ភិរិទ្ធ ​យល់​ថា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​នេះ ​គឺដើម្បី​ផ្ចាញ់ផ្ចាល់​នយោ​បាយ​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ ​«យើងធ្វើ​វិសោធនកម្ម​ទៅ វា​ចំណេញ វា​ដោះ​ស្រាយ​បញ្ហា​សង្គមហ្នឹង​បាន​ អាហ្នឹង​វា​ល្អ។ ​ប៉ុន​គ្រាន់​ធ្វើ​ដើម្បី​ផ្ចាញ់​ទៅ​ក្រុម​ណាមួយ វា​មិន​មាន​ប្រយោ​ជន៍​ធំដុំ​ប៉ុន្មាន​ទេ​។ខ្ញុំ​គិត​ថារឿង​ខ្លះ យើង​គួរ​តែ​អត់​ឱន​ទៅ»។

ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​មែន​ជា​កាតព្វកិច្ច ដែល​តម្រូវ​ថា​ត្រូវ​ទៅ​បោះ​ឆ្នោត​ឡើយ។ ការ​បោះ​ឆ្នោត​គឺ​ជា​សិទ្ធិ ដែល​មាន​ន័យ​ថា​ប្រជាពលរដ្ឋ​ទៅ​បោះ​ក៏​បាន មិន​បោះ​ក៏​បាន​។ ​ប្រជា​ពល​រដ្ឋ​ខ្លះ​ត្រូវ​បាន​បង្ខំ​ឱ្យ​ទៅ​បោះ​ឆ្នោត ដោយ​សារ​បារម្ភ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​រើស​អើង​នយោបាយ និង​មិន​ធ្វើ​ឯកសារ​សម្រាប់​ប្រជា​ពលរដ្ឋ នៅ​ពេល​ពួកគេ​ត្រូវ​ការ។

កាល​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ដែល​អវត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សន្លឹក​ឆ្នោត​មិន​បាន​ការ មាន​ប្រមាណ​៦០​ម៉ឺន​សន្លឹក។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា​គ.ជ.ប។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​គ.ជ.ប នឹង​កំណត់​ឈ្មោះ​អ្នក​ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត ដែល​ពួកគេ​ជា​សមាជិក​គណបក្ស​ជំទាស់ តាម​របៀប​ណានៅ​ឡើយទេ​ ប្រសិន​បើ​វិសោធនកម្ម​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត។

អ្នក​នាំពាក្យ​សមាគម​ការពារសិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា ​កត់​សម្គាល់​ថា​ការ​បង្កើត​ច្បាប់​នេះ បង្ហាញ​ឱ្យ​ឃើញ​ពីស្ថានភាព​នយោបាយ ​និង​ទិដ្ឋ​ភាព​នយោ​បាយ​ច្រើន​ជាងការ​គិត​ពី​ប្រយោ​ជន៍​ក្នុង​ការជំរុញ​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ​ ព្រោះ​ការបោះ​ឆ្នោតនានា​ ប្រជា​ពល​រដ្ឋ​កម្ពុជា​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ច្រើន ​ចន្លោះ​៧០%​ទៅ​៨០%។

លោក​ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ ថ្លែង​ទៅ​កាន់អ្នកកាសែត​ បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ ភ្នំពេញ ថ្ងៃទី​២១ ខ
លោក​ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc)​ ថ្លែង​ទៅ​កាន់អ្នកកាសែត​ បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ ភ្នំពេញ ថ្ងៃទី​២១ ខ

លោក​បន្ថែម​ថាការ​ធ្វើវិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ពេល​នេះ​ គឺ​មិន​ចាំ​បាច់​នោះ​ទេ ព្រោះ​សភា​បច្ចុប្បន្ន​គ្រប់គ្រង​ទាំង​ស្រុង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ថ្លែង​ថា៖ «​មិន​ចាំ​បាច់​មាន​ច្បាប់​បែប​ហ្នឹងអី​ទៀត​ទេ ​នាំ​តែ​រ​ងការ​រិះគន់​ថា​ជាការ​បង្កើត​ឡើង​ក្នុង​ន័យ​បង្ខិត​បង្ខំ​ ឬក៏​រឹត​ត្បិត​ទៅ​លើ​សេរី​ភាព​ឬក៏​រំលោភ​សិទ្ធិ​អ្នក​នយោបាយ​ ឬប្រជាពលរដ្ឋ​របស់​ខ្លួន​ទៅ​វិញ​ទេ​»​។

លោក កន សាវាង្ស អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៃ​អង្គការ​ខុម​ហ្វ្រែល​(Comfrel) យល់​ថា​ការ​ធ្វើ​វិ​សោធន​កម្ម​ច្បាប់ គួរ​តែ​សិក្សា​ឱ្យ​បាន​ស៊ី​ជម្រៅ​ថា​តើ​វា​មាន​ផល​ប៉ះពាល់​សិទ្ធិ​របស់​អ្នក​បោះឆ្នោត​ឬ​យ៉ាងណា។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​ទាន់​មើល​ឃើញ​ថា​វា​មាន​ប្រយោជន៍ ​ឬ​មិន​មាន​ប្រយោជន៍​ទេ​បាទ​ ហើយ​ខ្ញុំ​មិន​បដិសេធ​ទេ​ ប៉ុន្ដែ​ដូច​ជម្រាប​ដូច​ខាង​ដើម​អ៊ីចឹង ត្រូវ​មាន​ការ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់​អ្វីដែល​ជា​ប្រយោជន៍​សំខាន់​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​កែប្រែ​ហ្នឹង​ ថា​តើវា​ផ្ដល់​សារៈ​សំខាន់​ប៉ុនណា ហើយ​វា​ផ្ដល់​ផល​វិបាក​ប៉ុនណា​ដល់​ប្រជាពលរដ្ឋ ​ដែល​យើង​ចាំ​បាច់​ធ្វើការ​កែ​តម្រូវ​ហ្នឹង»។

ចំណែក​លោក មាស នី ​ អ្នក​វិភាគ​នយោ​បាយ​ប្រាប់​វីអូអេ​ថា​ការ​ធ្វើវិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​នេះ គឺហាក់​ដូច​ជា​គណ​បក្ស​កាន់​អំណាចព្រួយ​បារម្ភ​ខ្លាច​ប្រជា​ពល​រដ្ឋ​ដែល​គាំទ្រ​គណ​បក្ស​ភ្លើង​ទៀន មិន​ទៅ​បោះ​ឆ្នោត ដែល​ធ្វើ​ឱ្យ​សំឡេង​អ្នក​ទៅ​បោះ​ឆ្នោត​នាខែ​កក្កដា​ខាងមុខធ្លាក់​ចុះ​ ដែល​អាចប្រឈម​នឹង​រិះគន់។

លោក​ថ្លែង​ថា ៖«បើ​យើង​មើល​ទិដ្ឋ​ភាព​នយោ​បាយ​វិញ​ វា​អាច​នឹង​មាន​ការ​រិះគន់​ថា​ដោយ​សារ​តែ​រដ្ឋា​ភិបាល​មាន​ការ​ព្រួយ​បារម្ភ​ចំនួន​អ្នក​Turn up​អ្នក​ដែល​បង្ហាញ​ខ្លួននៅ​ក្នុង​ពេល​បោះ​ឆ្នោត​អាច​មាន​ទាប​ទៅ វា​នឹង​ធ្វើ​ឱ្យ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋា​ភិបាល​ក្រោយ​ឆ្នាំ​២០​២៣​ កាន់​តែ​មាន​ភាព​លម្អៀង ​ឬ​ទទួល​ការ​រិះគន់​កាន់តែ​ខ្លាំង​ថែម​ទៀត​នៅ​ពេល​ដែល​នៅ​ក្នុង​គូរ​ប្រកួត​ការ​បោះ​ឆ្នោត​នៃ​២០​២៣​ វា​អត់​មាន​គូរ​ប្រកួត​ស្រួច​ស្ដើង​ណា​ដែល​អាច​នឹង​ប្រកួត​ជាមួយ​គណបក្ស​កាន់​អំណាច​បាន»។

លោក​បន្ថែម​ថា​គណ​បក្ស​កាន់​អំណាច​អះអាង​ថា​ពល​រដ្ឋ​៨០%​ ឬ​លើស​ពី​៨០%​បាន​ចេញ​ទៅ​បោះ​ឆ្នោត ដូច្នេះ​មិន​មាន​អ្វី ដែល​គណបក្ស​កាន់​អំណាច ​ត្រូវ​ព្រួយ​បារម្ភ​រហូត​ទៅធ្វើ​វិសោធន​កម្មច្បាប់​បោះ​ឆ្នោត ដើម្បី​កំហិត​សិទ្ធិ​របស់​អ្នក​ជំទាស់​ដែល​មិន​ចង់​ទៅ​បោះ​ឆ្នោត៕

XS
SM
MD
LG