ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន ​ថា ​វៀតណាម​នឹង​មាន​បញ្ហា​ជាមួយ​កម្ពុជា​ បើ​មិន​សហការ​ចាប់​​ខ្លួន​លោក ​សម រង្ស៊ី​


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធបើកដំណើរការនៃការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ចម្ងាយ ១៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនៃខេត្តស្វាយរៀង កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធបើកដំណើរការនៃការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ចម្ងាយ ១៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនៃខេត្តស្វាយរៀង កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។

​វៀតណាមអាច​នឹង​មាន​បញ្ហា​ជា​មួយ​កម្ពុជា ​ក្នុង​ករណី​ដែល​រដ្ឋអំណាច​ប្រទេស​សង្គមនិយម​មួយ​នេះ​បរាជ័យ​ក្នុង​ការ​ចាប់ខ្លួន​លោក​ សម រង្ស៊ី​ ​បញ្ជូន​មក​ប្រទេស​កម្ពុជា។ ​នេះ​ជាការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​ក្នុងពិធី​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-បាវិត និង​បើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀតនៅ​ថ្ងៃ​ពុធ​នេះ។​

​ការថ្លែង​អំពាវនាវ​យ៉ាង​ដូច្នេះ​របស់​លោក ​ហ៊ុន សែន​ ​ទៅ​កាន់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាមកើត​ឡើងបន្ទាប់​ពីមេដឹក​នាំ​កម្ពុជា​រូប​នេះថា ​លោក​បាន​ទទួល​ព័ត៌​មាន​ច្បាស់​លាស់ពី​មនុស្សម្នាក់​ ដែល​នៅ​ជិត​លោក ​សម រង្ស៊ី ​ដោយ​ថា ​មាន​ការ​រៀប​ចំ​ផែន​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុងប្រទេស​វៀតណាម​ជាមួយ​លិខិត​ឆ្លង​ដែន​សញ្ជាតិ​បារាំង។​

នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត​ដែល​រៀបចំ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធដោយ​មាន​វត្តមាន​ឯក​អគ្គ​រដ្ឋទូត​ចិន​លោក ​វ៉ាង វិនធៀន​ (Wang Wentian)​ ផង​នោះ​ លោក​ ហ៊ុន សែន ​មិន​បាន​បញ្ជាក់​ឈ្មោះ​លោក ​សម រង្ស៊ី​ ចំៗ​នោះ​ទេ។ ប៉ុន្តែ​គេ​ដឹង​ថា លោក​ ហ៊ុន សែន ​ចង់​សំដៅ​លើលោក​ សម រង្ស៊ី ​ព្រោះ​លោក​ សម រង្ស៊ី ​មាន​សញ្ជាតិ​បារាំង​ និង​ជា​គូ​ប្រជែង​នយោបាយ​ដ៏​លេច​ធ្លោ​ម្នាក់​របស់​លោក។​

លោក ​ហ៊ុន សែន ​ថ្លែង​ ថា៖ ​«គេ​មាន​ផែនការ​ចូល​មក​ម៉ាឡេស៊ី។ ​ម៉ាឡេស៊ី​គេ​ឱ្យ​ចេញ។ ​គេ​មាន​ផែន​ការ​ចូល​មក​ថៃ ​គេ​មាន​ផែន​ការ​ចូល​មក​វៀតណាម​ទៀត ​តាម​រយៈ​ប្រើ ​passport ​[លិខិត​ឆ្លងដែន]​បារាំង​ ធ្វើ​ជា​អ្នក​ទេសចរ។ ​គេ​បង្កើត​នូវ​ស្ថានភាព​ហ្នឹង​ ហើយ​បើ​សិន​ចូល​ ខ្ញុំ​សូម​ស្នើ​ចាប់​ឱ្យ​ខ្ញុំ​ ព្រោះ​មាន​ដីកា​ចាប់ខ្លួន។​ យើង​មាន​ទំនាក់​ទំនង​ ​ទាក់ទង​ជាមួយ​បញ្ហា​ហ្នឹង។ អាហ្នឹង​សូម​ជម្រាប​ជូន​ឱ្យ​ហើយ។ ​យើង​មាន​ទំនាក់​ទំនង​បត្យាប័ន​ មែន​ទេ?​ សហ​ប្រតិបត្តិការ​ខាង​ផ្លូវ​ច្បាប់​ មែន​ទេ?​ បើ​អ៊ីចឹង​អា​ចង្រៃ​ហ្នឹង​ចូល​មក​ សូម​ចាប់​ឱ្យ​ខ្ញុំ»។​

​ប្រមុខ​រដ្ឋាភិបាល​ខ្មែររូប​នេះបន្ថែម​ថា​ ​បើ​សិន​វៀតណាម​មិន​ចាប់​ខ្លួន​លោក ​សម រង្ស៊ី ឱ្យ​កម្ពុជា​ទេ ​នោះ​វៀតណាម​នឹង​មាន​បញ្ហា​ជាមួយ​កម្ពុជា។ ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លម្អិតជុំវិញ​បញ្ហា​ដែល​វៀតណាម​អាច​មាន​ជាមួយ​កម្ពុជា​នោះ​ទេ ក្នុង​សំណុំ​រឿង​ចាប់​ខ្លួន​លោក ​សម រង្ស៊ី ​នោះ។

លោក​បន្ថែម​ថា៖ ​«ហើយ​អ៊ីចឹង​បើ​ថា​ចូល​ទៅ​វៀតណាម​ [បើ]​វៀតណាម​មិន​ព្រម​ចាប់​ឱ្យ​[កម្ពុជា] ​យើង​មាន​បញ្ហា​ជាមួយ​គ្នា​ហើយ។​ អាហ្នឹង​និយាយ​គ្នា​ឱ្យ​ត្រង់»។

វីអូអេ​មិនទាន់​អាច​ទាក់​ទង​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។​

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ប្រទេស​កម្ពុជា​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​បត្យាប័ន​ជាមួយ​ប្រទេស​វៀតណាម។ ដូច្នេះ​លោក​ថា​ ប្រទេស​វៀតណាម​នឹង​ចាត់​វិធាន​ការ​ ប៉ុន្តែចាំ​មើល​សិនថា​ តើ​លោក ​សម រង្ស៊ី ហ៊ាន​ជាន់​ទឹក​ដី​វៀតណាម​ ឬ​ក៏​យ៉ាង​ណាជាមុន​សិន។ ​

លោក​ថ្លែង​ថា៖​ «ឥឡូវ​យើង​កុំអាល​ថា ​ឱ្យ​ទណ្ឌិត​ហ្នឹង​ដាក់​ជើង​ជាន់​ដី​វៀតណាម​សិន។​ ទៅ​ទីក្រុង​ហូជីមិញ​ ឬ​មួយ​ទៅ​ទីក្រុង​ហាណូយ។ ​អាហ្នឹង​ឱ្យ​ច្បាស់​ទៅ!​ អាហ្នឹង​ទៅ​កន្លែង​ណា​ក៏​ដោយ​ឱ្យតែ​ក្នុង​ទឹក​ដី​វៀតណាម។ ​អាហ្នឹង​អាជ្ញាធរ​វៀតណាម ​គេ​មាន​តួនាទី​ភារកិច្ច​ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​បត្យាប័ន​ រវាង​ប្រទេស​ទាំង​២​ហើយ»។​

​លោក​បន្ថែម​ថា ​វត្តមាន​អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​នៅ​ប្រទេស​បារាំង ​អាមេរិក ​ម៉ាឡេស៊ី ​និង​ប្រទេសឥណ្ឌូណេស៊ីគឺគ្រាន់​តែ​ជាកាយវិការ ​និង​ជា​ការ​យក​ទី​កន្លែង​ទាំង​នោះ​ ប្រើ​វោហារ​សាស្ត្រនយោបាយ បោក​បញ្ឆោត​សកម្ម​ជន​ ​ហើយ​បើ​សកម្ម​ជន​ទាំង​នោះ​លង់​គំនិត​ប្រព្រឹត្ត​តាម​ការ​បញ្ឆោត​នោះ​ ពួកគេ​អាច​ឱ្យ​ជាប់​គុក​ជំនួស​លោក ​សម រង្ស៊ី។​

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយស្តីអំពីសេរីភាពសារព័ត៌មាន នៅសណ្ឋាការ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយស្តីអំពីសេរីភាពសារព័ត៌មាន នៅសណ្ឋាការ Gran Melia នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣។

ច្បាប់​ស្តីពី​ «ការអនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​បត្យា​ប័ន​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម» ​ត្រូវ​បានដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ខែ​កក្កដា ​ឆ្នាំ​២០១៤។​

សន្ធិសញ្ញា​នេះមាន​បំណង​លើក​កម្ពស់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​រវាង​ប្រទេស​ទាំង​ពីរ ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ ដោយ​ឈរ​លើ​មូល​ដ្ឋាន​ គោរព​អធិប​តេយ្យ​ភាព​គ្នា​ទៅ​វិញ​ទៅ​មក ​សមភាព ​និង​ផល​ប្រយោជន៍​រួម​ទាំង​សងខាង។

​លោក​ សម រង្ស៊ី ​បាន​ប្រាប់​វីអូអេតាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ លោក​កំពុង​មានចម្ងល់​ថា ​ហេតុអ្វី​រូប​លោក​នៅ​ដក់​ក្នុង​ការ​គិតរបស់​លោក ​ហ៊ុន សែន។​

​លោក​បាន​សរសេរ​ថា៖​ «ខ្ញុំ​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជាលោក ​ហ៊ុន សែន ​តែង​តែគិត​ពី​ខ្ញុំ។​ ផ្ទុយ​មក​វិញ គាត់​ [លោក ហ៊ុន សែន]​ គួរ​តែ​ផ្តោត​ទៅ​លើ​វិធី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាល​ភាព​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ»។​

​អ្នក​វិភាគ​នយោបាយ​លោក​ សេង សារី ​កត់​សម្គាល់​ថា​ លោក ​សម រង្ស៊ី​ នៅ​មាន​ឥទិ្ធពល​ និង​កម្លាំងនយោបាយខ្លាំង​ដោយ​ឈរ​លំដាប់​លេខ​២ ​បន្ទាប់​ពី​លោក ​ហ៊ុន សែន និងអាច​ប្រមូល​ផ្តុំ​កម្លាំង​ប្រជា​ពល​រដ្ឋ​ខ្មែ​រ​ងើប​ឡើង​តវ៉ា​នឹង​រដ្ឋាភិបាលកម្ពុជា​ ដែល​ការណ៍​នេះ ទើប​ធ្វើឱ្យ​លោក​នាយករដ្ឋមន្ត្រី​ ជា​ញឹកញាប់​ មានប្រតិ​កម្ម​ខ្លាំងៗ ​នៅ​ពេល​ដឹងអំពី​គម្រោង​មាតុភូមិ​និវត្តន៍របស់​អតីត​មេ​ដឹក​នាំ​ប្រឆាំង​រូប​នេះ។ ​

​អ្នក​វិភាគ​នយោបាយ​រូប​នេះ​ថ្លែង​ថា ​បើមាន​ការ​ចាប់ខ្លួន​មែន ​គឺ​ដោយសារ​ប្រទេស​វៀតណាម​មាន​ទំនាក់​ទំនង​ជាមួយ​លោក ​ហ៊ុន សែន ​ល្អ​ជាង​លោក ​សម រង្ស៊ី។ ​ប៉ុន្តែ​លោក​ថា​ ការ​ចាប់​ខ្លួន​លោក ​សម រង្ស៊ី នឹង​មិន​ងាយ​ស្រួល​នោះ​ទេ ​ព្រោះ​វា​ពាក់ព័ន្ធទំនាក់​ទំនងហួស​ពី​កម្ពុជា ​និង​អាច​មាន​ភាព​ស្មុគ​ស្មាញ​ ដោយ​ហេតុ​ថា ​លោក ​សម រង្ស៊ី ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​បារាំង ​និង​ទៅក្នុង​នាម​អ្នក​ទេសចរ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ក្នុង​ករណី​វៀតណាម​អនុញ្ញាត​ឱ្យ​លោក ​សម រង្ស៊ី ​ចូល​មក​ធ្វើ​ទេសចរណ៍ក្នុង​នាម​ជា​អ្នក​ទេសចរ​នៅ​វៀតណាម។ ​វៀតណាម​នឹង​ពិបាក​ណាស់​ក្នុង​ការ​រក​ហេតុផល​ចាប់​លោក ​សម រង្ស៊ី ​ដោយ​សារ​លោក ​សម រង្ស៊ី ​មក​ក្នុង​នាម​ជា​អ្នក​ទេសចរ​ ហើយ​ត្រូវ​បាន​ប្រើប្រាស់ ​passport ​ជា​ជន​ជាតិ​បារាំង។ ​អ៊ីចឹង​វាមិន​មែន​ត្រឹម​តែរឿង​កម្ពុជា​ជាមួយ​វៀតណាម​ទេ។ ​វា​នឹង​ក្លាយ​ទៅ​ជា​រឿង​ទំនាក់​ទំនង​ ដោយ​មាន​ទំនាក់​ទំនង​ដូច​សម្ល​កំពឹស ​មាន​ភាព​រសេម​រសាម​នៅ​ក្នុង​ហ្នឹង»។​
បើតាម​លោក​ សេង សារី​ ​ការ​ធ្វើ​នយោបាយ​រវាង​លោក ​សម រង្ស៊ី និ​ង​លោក​ ហ៊ុន ​សែន​ ដែល​ជាគូ​ប្រកួត​ប្រជែង​នយោបាយ​ដ៏ស្វិតស្វាញ​៣០​ឆ្នាំ​ចុងក្រោយ​នេះ​ គឺ​មក​ដល់​ចំណុច​មួយ​ដែលភាគី​ម្ខាងធ្វើ​នយោ​បាយ​បំភ័យ​ និង​បង្កការខឹង​សម្បា ​ចំណែក​ភាគី​ម្ខាង​ទៀត​ធ្វើ​នយោបាយ​បែប​សម្លុត​ដើម្បី​ឱ្យ​ភាគី​ម្ខាងខ្លាច​រអា​ក្នុង​ការ​ធ្វើ​នយោបាយ​នៅ​ក្នុង​សង្វៀន​តែ​មួយ។​

មេ​ដឹកនាំ​នយោបាយ​ជំទាស់​លោក​ សម រង្ស៊ី ​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ​ កាល​ពី​ឆ្នាំ​២០១៥​ ​ដើម្បី​គេច​ពី​ការ​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទា​ទោស​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ជា​ច្រើន​ករណី​ក្នុងតុលាការ​ប្រទេស​កម្ពុជា។ ​កាល​ពី​ខែ​មីនា ​ឆ្នាំ​២០២១ ​លោក ​សម រង្ស៊ី ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ​២៥​ឆ្នាំ​ពី​បទ​ឧបឃាត។ ​លោក​ សម រង្ស៊ី ​ក៏​បាន​រង​បណ្តឹង​ជា​ច្រើន​ករណី​ផ្សេង​ទៀត​ រួម​ទាំង​សំណុំ​រឿង​ប្រមាថ​ព្រះ​មហា​ក្សត្រ​ជា​ដើម។​

អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​របស់​លោក​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កាលពី​ពេល​ថ្មីៗ​នេះ​ លោក​ សម រង្ស៊ី​ បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ថា​ ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នឹង​មាន​ការ​ប្រែប្រួល​ នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កំពុង​ត្រៀម​ផ្ទេរ​អំណាច​ទៅ​កូន។​

​មេដឹក​នាំ​នយោបាយ​ជំទាស់​រូប​នោះ​ថា​ ផែន​ការ​ផ្ទេរ​អំណាច​នេះ​នឹង​មិន​អាច​ទៅរួច​ទេ​ ពីព្រោះ​លោក​យល់​ថា ​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​គឺ​ជា​ការ​បោះ​ឆ្នោត​មិន​តាម​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ ដែល​នឹង​ធ្វើ​ឱ្យ​កូន​ច្បង​លោក​ ហ៊ុន សែន ​គឺ​លោក​ ហ៊ុន ម៉ាណែត​ ខ្វះ​ភាព​ស្រប​ច្បាប់​ ហើយ​នឹង​ត្រូវ​ទទួល​ការ​ថ្កោល​ទោស​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ថែម​ទៀត​ផង៕

XS
SM
MD
LG