កាលពីថ្ងៃសុក្រ ប្រទេសអ៊ុយក្រែននិងក្រុមទាមទារបំបែករដ្ឋលម្អៀងទៅខាងរុស្សីបានចាប់ផ្តើមប្តូរអ្នកទោសសង្គ្រាមដោយគេរំពឹងថាឈ្លើយសឹករាប់រយនាក់នឹងត្រូវដោះលែងមិនហួសពីពេលយប់នៅក្នុងប្រទេសអ៊ុយក្រែនទេ។
ការប្តូរអ្នកទោសសង្គ្រាមនេះមានទាក់ទិននឹងយុទ្ធជនទាមទារបំបែករដ្ឋ២២០នាក់និងទាហានរដ្ឋាភិបាលអ៊ុយក្រែន១៥០នាក់ដែលបានត្រូវចាប់ខ្លួននៅក្នុងការប្រយុទ្ធគ្នាក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែនកាលពី៨ខែមុននេះ។
ការដោះដូរឈ្លើយសឹកទាំងនេះប្រព្រឹត្តទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយដែលបានត្រូវសម្រេចទ្បើងរវាងភាគីនានានៅក្នុងរដ្ឋធានី Minsk នៃប្រទេសបេឡារុស (Belarus)។
អ្នកតំណាងនៃប្រទេសអ៊ុយក្រែននិងក្រុមឧទ្ទាមលម្អៀងទៅខាងរុស្សីបានជួបគ្នាកាលពីពេលមុននេះក្នុងសប្តាហ៍នេះដើម្បីធ្វើការចរចារគ្នាដែលបានសម្របសម្រួលដោយអង្គការ OSCE និងក្រុមប្រសិតរុស្សីដោយយកចិត្តទុកដាក់លើការធ្វើបែបណាដើម្បីពង្រឹងឯកសារពិធីការមាន១២ចំណុចដែលបានយល់ស្របគ្នាកាលពីខែកញ្ញា។
ជំនួបគ្នាកាលពីថ្ងៃពុធត្រូវមានបន្តដោយការប្រជុំគ្នាមួយលើកទៀតនៅថ្ងៃសុក្រសម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយមួយដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាក្នុងតំបន់ Donbas នាប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែន។ ប្រភពជិតស្និទ្ធនឹងកិច្ចចរចាគ្នានេះបានពណ៌នាថាមានភាព «តានតឹងខ្លាំងណាស់» ហើយនៅពេលនេះកិច្ចចរចាគ្នានេះបានត្រូវលើកទៅធ្វើនៅថ្ងៃក្រោយវិញហើយ៕