ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សង្គម​ស៊ីវិល​សុំ​ឲ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា


 អ្នកសារព័ត៌មាន​ និង​អ្នក​គាំទ្រ​ គណបក្ស​ប្រឆាំង​អំពី​ករណី​ លោក​ ​កឹម​ ​សុខា​ ប្រធានស្តីទីគណបក្ស​ប្រឆាំង​ នៅ​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ សិ្ថត​នៅតាម​បណ្តោយផ្លូវ​ជាតិ​លេខ​ ២​ ក្នុង​ខ័ណ្ឌមាន​ជ័​យ ​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ ​ទី​ ២៨​ ​ខែ​ ​ឧសភា​ ឆ្នាំ​ ​២០១៦។ (​ហ៊ុល រស្មី​/VOA)
អ្នកសារព័ត៌មាន​ និង​អ្នក​គាំទ្រ​ គណបក្ស​ប្រឆាំង​អំពី​ករណី​ លោក​ ​កឹម​ ​សុខា​ ប្រធានស្តីទីគណបក្ស​ប្រឆាំង​ នៅ​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ សិ្ថត​នៅតាម​បណ្តោយផ្លូវ​ជាតិ​លេខ​ ២​ ក្នុង​ខ័ណ្ឌមាន​ជ័​យ ​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ ​ទី​ ២៨​ ​ខែ​ ​ឧសភា​ ឆ្នាំ​ ​២០១៦។ (​ហ៊ុល រស្មី​/VOA)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ សហគមន៍​ និង​សមាគម​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា​ ​ជិត​៨០​ ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​វិជ្ជា​ជីវៈ​សារព័ត៌មាន​ បន្ទាប់ពី​ចាងហ្វាង​ថ្មី​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បាន​បណ្ដេញ​និពន្ធ​នាយក ​របស់​កាសែត​ដែល​មាន​អាយុ​២៦​ឆ្នាំ​នេះ​ ​កាល​ពី​ថ្ងៃ​ចន្ទ​ ​ហើយ​បុគ្គលិក​ជាង​១០​នាក់​ទៀត​បាន​សុំ​លា​ឈប់​ពី​ការ​ងារ។​

​មាន​មន្ទិល​សង្ស័យ​កាន់​តែ​ខ្លាំង​បាន​កើត​ឡើង​ទៅ​លើ​ឯករាជ្យ​ភាព​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បន្ទាប់​ពី​កាសែត​នេះ​ត្រូវ​បាន​លក់​ ​ដោយ​គួរ​ឲ្យ​សង្ស័យ​ទៅ​ឲ្យ​ម្ចាស់​ថ្មី​ដែល​ជា​វិនិយោគិន​សញ្ជាតិ​ម៉ាឡេស៊ី​ ​និង​ជា​អ្នក​ដែល​ធ្លាប់​មាន​ប្រវត្តិ​ទាក់​ទង​ជាមួយ​អាជ្ញាធរ​កម្ពុជា។​ ​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​ត្រូវ​បាន​លក់ ​នៅ​ពេល​កាសែតនេះ​បាន​ប្រឈម​នឹង​ការ​តម្រូវ​ឲ្យបង់​ពន្ធ​ ​ដោយ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​ ក្នុង​ចំនួន​លុយ​ប្រមាណ​៣,៩លាន​ដុល្លារអាមេរិក។​ ​នេះ​បើ​តាមការ​អះអាង​របស់​ក្រុម​សង្គម​ស៊ីវិល​ជា​ច្រើន​ដែលបានបំពេញការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​តែបើតាម​សារព័ត៌មាន​បរទេស​ កាសែត​នេះ​ ​ត្រូវ​បង់​ពន្ធប្រមាណ​៥លានដុល្លារ​អាមេរិក។ ​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ សហគមន៍​ និង​សមាគម​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា​ ​ជិត​៨០​ ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​វិជ្ជា​ជីវៈ​សារព័ត៌មាន​ បន្ទាប់ពី​ចាងហ្វាង​ថ្មី​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បាន​បណ្ដេញ​និពន្ធ​នាយក ​របស់​កាសែត​ដែល​មាន​អាយុ​២៦​ឆ្នាំ​នេះ​ ​កាល​ពី​ថ្ងៃ​ចន្ទ​ ​ហើយ​បុគ្គលិក​ជាង​១០​នាក់​ទៀត​បាន​សុំ​លា​ឈប់​ពី​ការ​ងារ។​ ​នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​រួម​មួយ​ចេញ​ផ្សាយ​ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។​

លោក កៃ គឹមសុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និយាយ​ជាមួយ​បុគ្គលិក​កាសែត​នេះ នៅក្នុង​ទីក្រុង​ភ្នំពេញ ក្រោយពី​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​នៅ​ថ្ងៃច័ន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។ (រូបថត៖ Alessandro Marazzi Sassoon)
លោក កៃ គឹមសុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និយាយ​ជាមួយ​បុគ្គលិក​កាសែត​នេះ នៅក្នុង​ទីក្រុង​ភ្នំពេញ ក្រោយពី​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​នៅ​ថ្ងៃច័ន្ទ ទី០៧ ខែឧសភា ឆ្នាំ២០១៨។ (រូបថត៖ Alessandro Marazzi Sassoon)

ការ​បណ្ដេញ​និពន្ធ​នាយក​ចេញពី​ការងារ និង​ការ​លា​ឈប់​របស់​អ្នក​កាសែត​ជាង​១០​នាក់​នៃ​កាសែត​ផ្សាយ​ជា​ពីរ​ភាសា​ដែល​គេ​ជឿ​ថា​ ជា​កាសែត​ឯករាជ្យ​ចុងក្រោយ​គេ​នេះ​ កើតមានឡើងក្រោយ​កាសែត​នេះ​បាន​ចេញ​អត្ថបទ​ទំព័រ​មុខមួយអំពី​ការ​លក់​កាសែត​ ដោយ​រៀបរាប់ពី​ប្រវត្តិ​នៃ​ទំនាក់​ទំនង​របស់​ម្ចាស់​ថ្មី​នៃ​កាសែត​នេះ​ ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា។​

សេចក្ដី​ថ្លែង​ការណ៍​រួម​របស់ក្រុម​សង្គម​ស៊ីវិល​ទាំង​នេះ ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​បញ្ជាក់​ពី​ការ​សោកស្ដាយយ៉ាង​ខ្លាំង​ចំពោះ​ការ​វិវត្តន៍​ចុងក្រោយ​នេះ​ ទៅលើសេរីភាព​សារព័ត៌មាន​ ពាក់​ព័ន្ធ​នឹង​ភាព​មិន​ច្បាស់​លាស់​ នៃ​ការ​លក់​ស្ថាប័ន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ និង​ការបញ្ជា​ភ្លាមៗ​របស់​ម្ចាស់​ថ្មី​នៃ​កាសែត​នេះ​ ​ឲ្យ​លុប​ចោល​អត្ថបទ​ព័ត៌មាន​ ​ដែល​បាន​ចេញផ្សាយរួច។​ ទង្វើ​នេះ​ បាន​នាំ​ឲ្យ​អ្នក​រាយការណ៍​ព័ត៌មាន និង​បុគ្គលិក​ជាន់​ខ្ពស់​ចំនួន​១៣នាក់​ ​សម្រេច​ចិត្ត​លាឈប់​ពី​ការងារ។​

សេចក្ដី​ថ្លែង​ការណ៍​ ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«នេះ​គឺ​ជា​ករណី​ចុងក្រោយ​មួយ​ក្នុង​ចំណោម​ការ​ធ្វើ​ទុក្ខបុកម្នេញជា​ច្រើន​បន្តបន្ទាប់​ទៀត​ ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លំហ​សារព័ត៌មាន​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​មក។​ ​ភ្នំពេញ​ប៉ុស្តិ៍​ គឺ​ជា​ការសែត​ចុះ​ផ្សាយ​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​ដែល​ត្រូវ​បានចាត់​ទុក​ថា​ ជា​កាសែត​ឯករាជ្យ​ចុងក្រោយ​មួយ​នៅ​កម្ពុជា​ ​ហើយ​កា​រ​ផ្លាស់​ប្ដូរ​ថ្មី​នៃ​កាសែត​នេះ​ ​បាន​នាំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ជាច្រើន​ចំពោះ​ឯករាជ្យ​ភាព​របស់​កាសែត​ នៅ​ពេល​ខាង​មុខ»។​

លោក​ Sivakumar S. Ganapathy​ ​គឺ​ជា​វិនិយោគិន​សញ្ជាតិ​ម៉ាឡេស៊ី​ ​និង​ជា​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន​ Asia PR​ ​ដែល​មាន​ទី​ស្នាក់​ការ​នៅ​ទីក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​ បាន​ទិញ​យក​កាសែត​នេះ​ភ្នំពេញ​ប៉ុស្តិ៍​ពី​លោក​ Bill Clough វិនិយោគិន​សញ្ជាតិ​អូស្ត្រាលី។​ ​វិនិយោគិន​ទាំងពីរ​នេះ​ មិន​បាន​បញ្ជាក់​ចំនួន​លុយ​នៃ​ការ​ទិញដូរ​កាសែតដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​១៩៩២​មក​នោះ​ទេ។​ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​លោក Bill Clough អតីតប្រធាន​និង​ចាងហ្វាង​ក្រុមហ៊ុន​ Post Media​ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា។​

​សេចក្ដីថ្លែងការណ៍​រួម​របស់ក្រុម​សង្គម​ស៊ីវិល​ចំនួន​៧៩​ ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ ​បន្ទាប់​ពី​ចូលកាន់​តំណែង​កាល​ពី​ថ្ងៃ​ទី៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ពោល​គឺ​ត្រឹម​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​ អ្នក​តំណាង​ម្ចាស់​ថ្មី​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​បញ្ជា​ឲ្យ​លុប​ចោល​នូវ​អត្ថបទ​ព័ត៌មាន​មួយ​ ដែល​ពណ៌នា​អំពី​ជីវប្រវត្តិ​ និង​មុខ​ជំនួញ​របស់​លោក​Sivakumar S. Ganapathy​ ​ជាមួយ​អាជ្ញាធរកម្ពុជា​កាលពី​អតីត​កាល។ បុគ្គលិក​កាសែត​នេះ អះអាង​ថា​ ការ​បញ្ជា​ឱ្យ​ដក​អត្ថបទ​នោះ​ចេញ​ពី​គេហទំព័រ​របស់​កាសែត​នេះ មិន​បាន​បញ្ជាក់​ពី​ភាព​ខុសឆ្គង​ ឬ​ហេតុផល ​នៅ​ពី​ក្រោយ​ការ​បញ្ជា​នោះ​ទេ​ ខណៈ​ដែល​បុគ្គលិក​ជាន់​ខ្ពស់​៤នាក់​ បាន​បដិសេធ​ក្នុង​ការ​លុបចោល​អត្ថបទ​នោះ និង​បាន​សម្រេច​ចិត្ត​លាឈប់​ភ្លាមៗ។ ​

និពន្ធ​នាយក​កាសែត​នេះ ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ​ ដោយហេតុថា​ លោក​បាន​អនុញ្ញាត​ឲ្យ​ចេញផ្សាយ​អត្ថបទ​មួយ​នេះ។​

ក្រុម​សង្គម​ស៊ីវិល​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ពួកគេ​បន្ត​ថា​ ខណៈ​ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បាន​រង​ការ​ចោទ​ប្រកាន់​ថា​ មាន​ជាប់​ជំពាក់​ប្រាក់​ពន្ធ​ដ៏​ចម្រូងចម្រាស​ជាង​៣,៩ លាន​ដុល្លារ​ ភាព​មិន​ច្បាស់​លាស់​នៃ​ការ​លក់​ស្ថាប័ន​នេះ​ ​បាន​នាំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ជាច្រើន​ថា​ហេតុអ្វី​បាន​ជា​បញ្ហា​ជាប់ជំពាក់​ពន្ធ​ ត្រូវ​បានដោះស្រាយ​ក្នុង​ពេល​ជាមួយ​គ្នា​នៃ​ការ​លក់​ស្ថាប័ន​កាសែត​ដែល​មាន​អាយុកាល​២៦​ឆ្នាំ​មួយ​នេះ។

រូបឯកសារ៖ ស្ត្រីម្នាក់ទិញ​កាសែត​ The Cambodia Daily ដែល​បោះពុម្ព​ផ្សាយ​លេខ​ចុងក្រោយ​ នៅ​តូប​លក់​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ថ្ងៃទី៤​ ខែ​កញ្ញា​ ឆ្នាំ២០១៧។​ (Reuters / Samrang Pring)
រូបឯកសារ៖ ស្ត្រីម្នាក់ទិញ​កាសែត​ The Cambodia Daily ដែល​បោះពុម្ព​ផ្សាយ​លេខ​ចុងក្រោយ​ នៅ​តូប​លក់​កាសែត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ថ្ងៃទី៤​ ខែ​កញ្ញា​ ឆ្នាំ២០១៧។​ (Reuters / Samrang Pring)

ដូចគ្នា​នឹង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែរ កាសែត​ ខេមបូឌា ដេលី​ ដែល​តែង​ចុះផ្សាយ​ អត្ថបទ​រិះគន់​ ឥត​លម្អៀង​ និង​របាយការណ៍​បែប​ស៊ើបអង្កេត​ ត្រូវ​បាន​បង្ខំ​ចិត្ត​បញ្ឈប់​ដំណើរការ​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៧ បន្ទាប់ពី​រង​ការ​ចោទ​ប្រកាន់​ថា​ មាន​ជាប់​ជំពាក់​ប្រាក់​ពន្ធ​ប្រមាណ​ជាង​ ៦,៣​លាន​ដុល្លារ។​

លោក​ ​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេតរបស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ​ ​ថ្លែង​ថា ផ្អែក​លើ​ភាព​ស្រពិចស្រពិល​នៃ​ការ​ដោះស្រាយ​ប្រាក់​ជាប់​ពន្ធ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ការ​បណ្ដេញ​ចេញ​និពន្ធ​នាយក​ និង​ការ​ចាកចេញ​ជា​បន្តបន្ទាប់​របស់​បុគ្គលិក​នៃ​កាសែត​នេះ ធ្វើ​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​មានការ​ពិបាក​នឹង​ព្យាករណ៍​ទៅ​លើ​សេរីភាព​របស់​កាសែត​នេះ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដោយ​ឥត​លម្អៀង​ដល់​សាធារណៈ​ជន​ខ្មែរ។

«យើង​មក​ទល់​ពេល​នេះ​ យើង​នៅ​តែ​មាន​មន្ទិល​ ដូច​សេចក្ដី​ថ្លែងការណ៍​លើក​ឡើង​មាន​មន្ទិល​ សង្ស័យ​ជា​ច្រើន​ ហើយ​មិន​ដឹង​ច្បាស់​អំពី​វាសនា​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដែល​ផ្លាស់​ប្ដូរ​ថៅកែ​ថ្មី​នេះ​ ទៅ​ថ្ងៃ​ខាង​មុខ​ហ្នឹង​ ធានា​បាន​ឯករាជ្យ​ភាព​ដូច​មុន​ ឬ​មួយ​យ៉ាង​ម៉េច​បាទ»។

​លោក​បាន​ថ្លែង​បន្ថែម​ថា៖​

«ហើយ​បើ​សិន​ជា​ថ្ងៃ​ក្រោយ​ទៅ​ បើ​សិន​ជា​ភ្នំពេញ​ប៉ុស្តិ៍​នេះ​ មានការ​ផ្លាស់​ប្ដូរ​ មិន​រក្សា​ជំហរ​ដូច​បច្ចុប្បន្ន​ទេ​ យើង​នឹង​សោក​ស្ដាយ​ ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែមាន​ជំនឿ​ទុកចិត្ត​ហ្នឹង​ គាត់​អាច​នឹង​អស់​សង្ឃឹម​ទៅលើ​កាសែត​ ស្វែង​រក​កាសែត​ ជាពិសេស​គឺ​កា​សែត​បរទេស​ ដែល​ធ្វើការ​ចេញ​ផ្សាយ​ដោយ​ឯករាជ្យ​នោះ​បាទ»។

​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ ​បាន​សម្ដែង​ការ​បារម្ភ​ផង​ដែរ​ថា​ ​ប្រសិនបើ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សេរីភាព​សារព័ត៌មាន​នេះ​ មិន​ត្រូវ​បាន​បញ្ឈប់​នោះ​ទេ​ នោះ​ពលរដ្ឋ​កម្ពុជា​នឹង​បាត់​បង់​ប្រភព​ព័ត៌មាន​ឯក​រាជ្យ។​

លោក​និយាយ​ថា​ មកដល់ពេលនេះ​ សាធារណជន​ខ្មែរ បាន​បង់​ប្រភព​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ដូចជា​កាសែត​ The Cambodia Dailyដែល​បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​១៩៩៣​មក។​

VOA​ ​ព្យាយាម​ទាក់​ទង​ទៅ​លោក​ ​Sivakumar​ ​ម្ចាស់​ថ្មី​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ​នេះ​ ​តែ​មិនទាន់​អាច​ទាក់​បាន​នៅ​ឡើយ​ទេ។​

យ៉ាង​ណា​ក៏​ដោយ​ ការ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ឲ្យ​ដឹង​ថា​ លោក Sivakumar បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​បាន​បញ្ជាក់​ភាព​ជា​ម្ចាស់​ថ្មី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ នឹង​តម្កល់​ទុក​កេរដំណែល​រយៈពេល២៦​ឆ្នាំ​របស់​កាសែត​នេះ​ និង​គោរព​គោលការណ៍​និពន្ធ​ ក៏​ដូចជា​ឯករាជ្យ​ភាព​ដោយ​គ្មាន​ការ​បំពាន​ច្បាប់​និង​បទបញ្ញត្តិ​ទាំងឡាយ​របស់​កម្ពុជា។

ប៉ុន្តែ អតីត​បុគ្គលិក​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ មិន​ជឿ​ការ​អះអាង​របស់​ ​Sivakumar​នោះ​ទេ។

កញ្ញា​ ​Erin Handly​ ​អតីត​អ្នកសារព័ត៌មាន​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ប្រាប់​ ​VOA​ ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ថា​ និពន្ធ​នាយក​ថ្មី​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ជំនួស​លោក​ កៃ​ គឹមសុង​ បាន​លើក​ឡើង​ថា លោក​ជា​អ្នក​ដែល​មិន​គាំទ្រ​ និង​ក៏​មិន​ប្រឆាំង​រដ្ឋាភិបាល​ដែរ​ ហើយ​ចង់​បាន​ការ​ធ្វើ​សេចក្ដីរាយការណ៍​មិន​លម្អៀង​ ​ដោយ​មានតុល្យភាព​នៃ​ប្រភព​ និង​មិន​ចង់​បាន​ការ​បញ្ចេញ​បញ្ចូល​មតិ​នោះ​ឡើយ។

កញ្ញា ​Erin និយាយ​ទៀត​ថា​ ម្ចាស់​កាសែត​ថ្មី​ ​ក៏​អះអាង​ដែរ​ថា​ ​លោក​មិន​ប៉ះពាល់​លើ​ឯករាជ្យ​នៃ​ក្រុម​និពន្ធ​ព័ត៌មាន​នោះ​ទេ​ តែ​ការ​ចាត់​វិធាន​របស់​លោក​វា​ខ្លាំង​ជាង​អ្វី​ដែល​លោក​និយាយ។ ​

​ចំពោះ​អនាគត​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ កញ្ញា​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖​

«ខ្ញុំ​នៅ​មន្ទិល​ថា តើ​កាសែត​ភ្នំ​ពេញប៉ុស្តិ៍​ នឹង​អាចបន្ត​ធ្វើ​ជា​សារព័ត៌មាន​ដែល​អាច​ឯករាជ្យ​ និង​មិន​ចេះ​ភ័យ​ខ្លាច​ ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​កន្លង​មក​២៦ឆ្នាំ​នោះ​ទេ​ ​ហើយ​ដំណើរ​នេះ​ពិត​ជា​ស្រពេចស្រពិល​ណាស់​ ហើយ​ខ្ញុំ​មិន​អាចនិយាយ​បាន​ទេ​ ថា​តើ​វា​នឹង​ក្លាយ​ទៅ​អាយ៉ង​រដ្ឋាភិបាល​ ឬ​ក៏​អត់​នោះ​ទេ​ ពិសេស​នៅ​ខណៈ​ដែល​អ្នកកាសែត​ ដែល​មាន​ការ​ប្ដេជ្ញា​ខ្ពស់​ ហើយ​ធ្វើ​ការ​ងារ​ល្អៗ​នោះ​ គេ​នៅ​ធ្វើការ​នៅ​ទី​នោះ​ដដែល។ ខ្ញុំយល់​ថា​ពេលវេលា​នឹង​ប្រាប់​យើង​អំពី​រឿង​នេះ»។

ទាក់​ទិន​បញ្ហា​ប្រាក់​ពន្ធ​ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជំពាក់​រដ្ឋ​នោះ​ ​VOA ​ព្យាយាម​ស្នើ​សុំ​ការ​អធិប្បាយ​ពី​អគ្គ​នាយកដ្ឋាន​ពន្ធ​ដារតាម​សារ​អេឡិចត្រូនិក​ ឬ ​Email ​តែ​គ្មាន​ការ​ឆ្លើយតប​ គិត​មក​ត្រឹម​ថ្ងៃ​ពុធ​នេះ។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក Bill Clough ម្ចាស់​មុន​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ថ្លែង​បញ្ជាក់​ក្នុង​សេចក្ដីប្រកាស​របស់​លោក​ថា​ ក្រុម​ហ៊ុន​របស់​លោក​បាន​ដោះ​ស្រាយបញ្ហា​ពន្ធ​ដារ​ប្រកប​ដោយ​ការ​រាក់​ទាក់​ ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​រួច​ទៅ​ហើយ។​

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​យ៉ាង​ណា​ក៏​ដោយ​ចុះ​ សម្រាប់​ក្រុមសង្គម​ស៊ីវិល​នៅ​កម្ពុជា​ ពួកគេ​បាន​សំណូមពរ​ ដោយ​ទទូច​ឲ្យ​មាន​ការ​គោរព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សូម​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ​ ទៅលើ​សកម្មជន ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អ្នកសារព័ត៌មាន​នៅ​កម្ពុជា៕

XS
SM
MD
LG