លោក Najib Razak អតីតនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោកបានត្រូវចោទប្រកាន់ពីបទបន្លំប្រាក់សាធារណៈ ១ពាន់ ៦រយលានដុល្លារ។
លោក Najib និងលោក Mohamad Irwan Serigar អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសនេះបានត្រូវចោទប្រកាន់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះក្នុងសាលតុលាការមួយក្នុងក្រុងកូឡាឡាំពួពីបទចោទប្រកាន់៦ខ ស្តីពីការបំពានលើការទុកចិត្ត។ បុរសទាំងពីរនាក់នេះបានត្រូវចោទប្រកាន់ពីបទបន្លំប្រាក់កាសត្រូវចាត់សម្រាប់ការកសាងអាកាសយានដ្ឋានក្រុងកូឡាឡាំពួ និងកម្មវិធីផ្តល់ប្រាក់ជំនួយបន្ថែមមួយនៅចន្លោះខែធ្នូ ឆ្នាំ២០១៦ និងខែធ្នូឆ្នាំ ២០១៧។ ការចោទប្រកាន់នីមួយៗអាចមានទោសជាប់គុក ២០ឆ្នាំ។បុរសទាំងពីរនាក់នេះបាននិយាយថា ពួកគេស្លូតត្រង់គ្មានទោសពៃរ៍អ្វីទេ។
លោក Najib ប្រឈមនឹងការចោទប្រកាន់ ៣២ទាក់ទិនជាមួយរឿងអាស្រូវបន្លំប្រាក់មូលនិធិវិនិយោគរបស់រដ្ឋឈ្មោះ 1MDB ដោយមានរួមបញ្ចូលការបំពានលើការទុកចិត្ត ការប្រព្រឹត្តអំពើពុករលួយ និងការលាងលុយកខ្វក់ផងដែរ។លោកNajibបានត្រូវចោទប្រកាន់ថា បានបង្វែរប្រាក់ប្រមាណ ១០លានដុល្លារទៅដាក់ក្នុងគណនេយ្យធនាគារលោកដែលជាផ្នែកមួយនៃទឹកប្រាក់ចំនួន ៤ពាន់ ៥រយលានដុល្លារ ដែលក្រសួងយុត្តិធ៌មស.រ.អាបានចោទប្រកាន់លោក និងសហការីលោកថា បានលួចពីមូលនិធិ 1MDB៕