ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាលក្រុង South Bend លោក Pete Buttigieg នៅតែទទួលការគាំទ្រតិចពីក្រុមអ្នក​បោះឆ្នោត​ស្បែកខ្មៅ​នៅ​ក្នុងទីក្រុងកំណើត​របស់​លោក


រូបឯកសារ៖ បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Pete Buttigieg ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Rochester រដ្ឋ New Hampshire កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Pete Buttigieg ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Rochester រដ្ឋ New Hampshire កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

បេក្ខជន​ប្រធានាធិបតីខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Pete Buttigieg គឺជា​បេក្ខជនស្ថិត​នៅ​លំដាប់​លេខរៀង​ទីមួយ​នៅក្នុង​រដ្ឋ Iowa ជា​រដ្ឋ​សំខាន់​មួយ​ដែលនឹង​ធ្វើ​ការ​បោះឆ្នោត​បឋម​មុន​គេ​នៅ​ខែកុម្ភៈ ឆ្នាំ២០២០ខាង​មុខ​នេះ។ លោក​ក៏​ស្ថិត​នៅ​លំដាប់​កំពូល​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​ផងដែរ។ ប៉ុន្តែ​ការរិះគន់​ដែល​ធ្វើ​ឲ្យ​អភិបាលក្រុង South Bend រដ្ឋ Indiana មួយ​នេះ បាន​ទទួល​ការគាំទ្រ​តិច​ពី​ពួកអ្នកបោះឆ្នោត​ស្បែកខ្មៅ​ និង​កង្វះ​បទពិសោធន៍​នយោបាយ​ នៅ​តែ​ធ្វើ​ឲ្យ​អាប់អ៊ួ​ដល់​ការបកស្រាយ​នយោបាយ​របស់​លោក។

ការគាំទ្រ​បេក្ខភាព​របស់​អភិបាលក្រុង​លោក Pete Buttigieg ប្រែប្រួល​អាស្រ័យ​តាម​តំបន់​ដែល​អ្នក​បាន​ទៅ​នៅក្នុង​ក្រុង South Bend រដ្ឋ Indiana។

សាកលវិទ្យាល័យ Notre Dame ជា​សាកលវិទ្យាល័យ​ដែល​ឳពុក​របស់​លោក Buttigieg ធ្លាប់​បង្រៀន។ និស្សិត​ជាច្រើន​ពេញចិត្ត​គាំទ្រ​បេក្ខជន​មក​ពី​ទីក្រុង​ដែល​ពួកគេ​ឥឡូវ​នេះ​ហៅ​ថា​ជា​ផ្ទះសម្បែង​ ជាពិសេស​គឺ​បេក្ខជន​ដែល​ទើប​មាន​អាយុ៣៧ឆ្នាំ​តែ​ម្នាក់​រូប​នេះ។

នាង Sheila Gregory អ្នកស័្មគ្រចិត្ត​នៅក្នុង​យុទ្ធនាការ​របស់​លោក Pete Buttigieg បាន​និយាយ​ថា៖ «អ្វី​ដែល​អ្នក​បាន​ឃើញ​នៅក្នុង​សារព័ត៌មាន​ អ្នកប្រាកដ​ជា​រក​ឃើញ​អ្នក​ដែល​និយាយ​ថា ហេតុផល​នេះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​គាំទ្រ​លោក Pete។ ប៉ុន្តែ​នៅ​ពេល​អ្នក​បាន​និយាយ​ជាមួយ​មនុស្សម្នា​វិញ ពួកគេ​មាន​ចិត្ត​រំភើប​ណាស់​ពេល​បាន​ឃើញ​លោក Pete។ ខ្ញុំ​បាន​ទៅ​ចូលរួម​ការបើក​ការិយាល័យ​សម្រាប់​យុទ្ធនាការ​របស់​លោក​នៅក្នុង​ទីក្រុង South Bend និង​បាន​ឃើញ​ការគំាទ្រ​លោក​យ៉ាង​កកកុញ»។

ប៉ុន្តែ​ក្នុង​ចំណោម​ក្រុមនិស្សិត​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សាកលវិទ្យាល័យ Notre Dame នេះ ​ក៏​មាន​និស្សិត​ជាច្រើន​នៅ​មាន​មន្ទិល​សង្ស័យ​ដែរ។ លោក Ryan Murdock និស្សិត​ម្នាក់​នៅ​សាកលវិទ្យាល័យ Notre Dame បាន​និយាយ​ថា៖ «មាន​បញ្ហា​ច្រើន​ណាស់​នៅក្នុង​របៀប​ធ្វើការ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ ដូច្នេះ​ខ្ញុំ​គិត​ថា​ប្រសិន​បើ​លោក​មាន​លក្ខណៈ​ពិសេស​អ្វី​មួយ​ នោះ​លោក​អាច​ទៅ​រួច។ ប៉ុន្តែ​ឥឡូវនេះ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​មិន​គាំទ្រ​លោក​ទេ»។

នៅ​ខាង​ក្រៅ​សាកលវិទ្យាល័យ Notre Dame ទីក្រុង South Bend មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក២៥ភាគរយ​ ហើយ​បើ​យោង​តាម​កំណត់ត្រា​នៅក្នុង ការដោះស្រាយ​របស់​លោក Buttigieg ចំពោះ​បញ្ហា​ជនជាតិ​ស្បែកខ្មៅ​នៅ​តែ​មាន​ចម្ងល់​នៅ​ឡើយ។

អ្នកស្រី Elizabeth Bennion សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ South Bend ក្នុង​រដ្ឋ Indiana បាន​និយាយ​ថា៖ «លោកអភិបាលក្រុង Buttigieg ​មាន​ការគាំទ្រ​ច្រើន​ក្នុង​ចំណោម​ពួកមេដឹកនាំ​ស្បែកខ្មៅសំខាន់ៗ​មួយ​ចំនួន។ លោក​ក៏​មាន​ទំនាក់ទំនង​ធ្វើការ​ល្អ​ជាមួយ​អង្គការ​ NAACP ដែល​ជា​អង្គការ​សិទ្ធិជន​ស៊ីវិល​ផងដែរ ហើយ​មនុស្ស​វ័យចំណាស់​មួយ​ចំនួន​គឺ​ជា​អ្នក​ចូលរួម​បង្កើត​អង្គការ​នេះ​ឡើង។ ម៉្យាងវិញទៀត​ក្រុមយុវជន​ជំនាន់​ក្រោយកំពុង​សួរ​រក​លទ្ធផល​ និង​មើល​ឃើញ​ថា ​ទីក្រុង South Bendមាន​អត្រា​ភាពក្រីក្រ​ខ្ពស់​នៅក្នុង​សហគមន៍​ជនជាតិភាគតិច។ អត្រាភាពក្រីក្រ​ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើតអាហ្វ្រិក​គឺ​ខ្ពស់ជាង​ពីរដង​នៃ​អត្រាភាពក្រីក្រ​ជា​មធ្យម​របស់​ប្រទេសជាតិ​ទាំងមូល»។

យុទ្ធនាការ​របស់​លោក Buttigieg បាន​កត់សម្គាល់​អំពី​អត្រា​គ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​ពួកស្បែកខ្មៅ​នៅក្នុងទីក្រុង​បាន​ធ្លាក់​ចុះ​លឿន​ជាង​អត្រាគ្មាន​ការងារ​ធ្វើ​ជា​មធ្យម​នៅ​ទូទាំង​ប្រទេស​ ចាប់តាំង​ពី​លោក Buttigieg ឡើង​កាន់​តំណែង​ជា​អភិបាលក្រុង​កាល​ពីឆ្នាំ២០១២មក។

លោក Buttigieg បាន​ធ្វើ​យុទ្ធនាការ​នៅក្នុង​ចំណោម​អ្នកបោះឆ្នោត​ជនជាតិស្បែកខ្មៅ និង​បាន​និយាយ​ថា​ ការគាំទ្រ​របស់​លោក​នៅ​មាន​កម្រិត​ទាប​ ដោយសារ​តែ​គ្មាន​ការ​ទទួល​ស្គាល់​លើ​រូប​លោក។ ប៉ុន្តែ​អ្នករស់នៅ​ក្នុង​ក្រុង South Bend មួយ​ចំនួន​នៅតែ​និយាយ​ថា ​លោក Buttigieg មិន​បាន​ចូល​ទៅ​ដល់​សហគមន៍​របស់​ពួកគេ​ទេ។

លោក Phillip Staggers អ្នករស់នៅ​ក្នុង​ក្រុង South Bend បាន​និយាយ​ថា៖ «អ្នកត្រូវ​តែ​មាន​មុខ​នៅ​គ្រប់​កន្លែង​ ក្នុង​សៀវភៅ​ និង​នៅ​តាម​សាលារៀន​ ហើយ​ត្រូវ​ដឹង​ច្បាស់​ថា​មាន​រឿង​អ្វី​កើតឡើង​នៅ​ជុំវិញ​នេះ។ ខ្ញុំ​មិន​ឃើញ​វត្តមាន​របស់​លោក​ទេ​ ហើយ​ខ្ញុំ​ពិតជា​មិន​ដែល​ស្គាល់​លោក​ទេ»។

នាង Evelyn Garnerអ្នករស់នៅ​ក្នុង​ក្រុង South Bendម្នាក់​ទៀត​បាន​និយាយ​ថា៖
«ខ្ញុំ​បាន​ឮ​ថា​លោក​បាន​ធ្វើ​រឿង​ល្អ​ខ្លះ​នៅក្នុង​ទីក្រុង​នេះ​ ហើយ​ខ្ញុំ​បាន​ឮ​ទៀត​ថា​លោក​ខ្វះ​ការ​គាំទ្រ​នៅក្នុង​តំបន់​មួយ​ចំនួន‍»។

យើងត្រូវ​ចាំ​មើល​សិន​ តើថា​លោក Buttigieg អាច​ទទួល​បាន​ការគាំទ្រ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ស្បែកខ្មៅ​នៅក្នុង​ទីក្រុង​កំណើត​ និង​នៅ​កន្លែង​ផ្សេង​ទៀត​ឬ​យ៉ាងណា​ ព្រោះ​ថា​នេះ​ជា​មណ្ឌល​សំខាន់​ដើម្បី​ឲ្យ​លោក​ទទួល​ការតែងតាំង​ជា​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ​នេះ៕

XS
SM
MD
LG