បណ្តាប្រទេសក្នុងទ្វីបអ៊ឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកកំពុងធ្វើការសនិដ្ឋានផ្សេងៗគ្នាអំពីការបង្ហាញរបស់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីថ្ងៃចន្ទ អំពីភស្តុតាងដែលបង្ហាញថាអ៊ីរ៉ង់បានកុហកអំពីកម្មវិធីនុយក្លេអ៊ែរររបស់ពួកគេ។
ពួកអ្នកការទូតអ៊ឺរ៉ុបមានការសង្ស័យអំពីបទបង្ហាញរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ។ ពួកគេសង្ស័យថាការជំរុញឲ្យលោកប្រធានាធិបតី Donald Trump បោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ រវាងទីក្រុងតេហេរ៉ង់ និងប្រទេសមហាអំណាចទាំង៦នោះ គឺជាការចូលរួមសហការជាមួយសេតវិមាន។ លោក Netanyahu មិនបានចោទប្រកាន់ដោយផ្ទាល់ទៅលើអ៊ីរ៉ង់ពីការរំលោភបំពានកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែលោកមានបំណងប្រឆាំងនឹងការបញ្ជុះបញ្ជូលលោកTrumpដោយសហគមន៍អ៊ឺរ៉ុប ដែលពួកគេបាននិយាយថាកិច្ចព្រមព្រៀងនេះមិនគួរបោះបង់ចោលនោះទេ។
លោក Netanyahu បាននិយាយថាឯកសារសម្ងាត់ជាច្រើនរបស់អ៊ីរ៉ង់ដែលក្រុមស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែលទទួលបាន បានបង្ហាញថាអ៊ីរ៉ង់បានកុហកយ៉ាងច្បាស់ក្រលែត ដោយពួកគេបាននិយាយថាខ្លួនមិនដែលមានកម្មវិធីនុយក្លេអ៊ែរទេ តែតាមការពិតពួកគេនៅបន្តផលិតអាវុធនុយក្លេអ៊ែរ ដែលជាការរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដែលមានបំណងទប់ស្កាត់មហិច្ឆិតាផលិតនុយក្លេអ៊ែររបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់៕