ប្រទេសអង់គ្លេសបានប្រកាសនៅថ្ងៃអង្គារថា អ្នកដំណើរមកពីបរទេសអាចធ្វើចត្តាឡីស័កតិចជាង១៤ថ្ងៃ ប្រសិនបើការធ្វើតេស្តឃើញអវិជ្ជមានកូវីដ១៩ បន្ទាប់ពីពួកគេបានមកដល់ប៉ុន្មានថ្ងៃ។ ច្បាប់នាពេលបច្ចុប្បន្នតម្រូវឱ្យមានការនៅដាច់ពីគេរយៈពេល១៤ថ្ងៃ។ ចាប់ពីថ្ងៃទី១៥ ខែធ្នូ អ្នកធ្វើដំណើរនឹងមានជម្រើសបង់ថ្លៃការធ្វើតេស្តបន្ទាប់ពីរយៈពេល៥ថ្ងៃ ហើយប្រសិនបើការធ្វើតេស្តអវិជ្ជមានពួកគេនឹងមានជម្រើសក្នុងការបញ្ចប់ភាពនៅដាច់ពីគេ។
ចំណែកនៅប្រទេសអាល្លឺម៉ង់វិញ មន្រ្តីនៅក្នុងរដ្ឋចំនួន១៦កំពុងគិតគូរអំពីបុណ្យណូអែលនិងរកវិធីដើម្បីធ្វើឱ្យមានសុវត្ថិភាពសម្រាប់ក្រុមគ្រួសារជួបជុំគ្នា។
រដ្ឋនានាបានឯកភាពគ្នាលើសំណើររឹតបន្តឹងសកម្មភាពសង្គមនៅប៉ុន្មានសប្តាហ៍មុនថ្ងៃឈប់សម្រាកដើម្បីបន្ថយការរីករាលដាលវីរុសនេះ ហើយបន្ទាប់មកបន្ធូរបន្ថយច្បាប់ដើម្បីអនុញ្ញាតឱ្យមានការជួបជុំក្រុមតូចៗ។ មន្ត្រីគ្រោងនឹងពិភាក្សាអំពីផែនការនេះជាមួយអធិការបតីអាល្លឺម៉ង់អ្នកស្រី Angela Merkel នៅថ្ងៃពុធ។
នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte បានសម្តែងការព្រួយបារម្ភអំពីបុណ្យណូអែលដោយនិយាយនៅថ្ងៃអង្គារថា ពលរដ្ឋមិនគួរមានគម្រោងធ្វើដំណើរទៅជិះស្គីទេ។
ប្រទេសអ៊ីតាលីគឺជាប្រទេសមួយដែលរងគ្រោះខ្លាំងជាងគេបំផុតនៅដំណាក់កាលដំបូងនៃជំងឺរាតត្បាតនេះ ហើយកាលពីថ្ងៃច័ន្ទបានក្លាយជាប្រទេសទី៦លើពិភពលោកដែលមានចំនួនអ្នកស្លាប់លើស៥០.០០០នាក់។ អេស្ប៉ាញដែលជាកន្លែងផ្ទុះរាតត្បាតដំបូងមួយទៀត ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំងនៃវិស័យទេសចរណ៍នៅតំបន់ជាច្រើន៕