ព្រះមហាក្សត្រ Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបើកកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ G20 កាលពីថ្ងៃសៅរ៍ ដោយអំពាវនាវឲ្យបណ្ដាប្រទេសជាសមាជិកធានាចំពោះសហគមន៍អន្តរជាតិថានឹងទទួលបានវ៉ាក់សាំងជំងឺកូវីដ១៩ ដោយស្មើភាព និងមានតម្លៃសមរម្យ។
បណ្ដាមេដឹកនាំនៃក្រុមប្រទេស G20 បានបញ្ជាក់នៅក្នុងសេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍ផ្លូវការរបស់កិច្ចប្រជុំ G20 ដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន ថា៖ «យើងនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដែលអាចទៅរួចដើម្បីធានាថា មនុស្សគ្រប់រូបទទួលបានវ៉ាក់សាំងកូវីដ១៩ ដោយស្មើភាព និងមានតម្លៃសមរម្យ ស្របតាមការប្ដេជ្ញារបស់សមាជិកនៃក្រុមប្រទេស G20 នៅក្នុងការលើកទឹកចិត្តឲ្យមានការច្នៃប្រឌិតថ្មី។ យើងទទួលស្គាល់ថា ការចាក់វ៉ាក់សាំងដ៏ទូលំទូលាយគឺជាឆន្ទៈល្អសម្រាប់សាធារណជនទូទៅនៅលើពិភពលោក»។
វិបត្តិជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចបានគ្របដណ្ដប់ប្រធានបទថ្ងៃដំបូងនៃកិច្ចប្រជុំតាមអនឡាញរយៈពេល ២ ថ្ងៃ របស់ក្រុមប្រទេស G20 ដែលមានប្រទេសចំនួន ១៩ និងសហភាពអឺរ៉ុបជាសមាជិក។ កិច្ចប្រជុំនេះនឹងបញ្ចប់នៅថ្ងៃអាទិត្យនេះក្រោមអធិបតីភាពរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
ព្រះមហាក្សត្រ Salman បានមានព្រះរាជបន្ទូលនៅពេលបើកកិច្ចប្រជុំនេះថា៖ «យើងមានករណីយកិច្ចទាំងអស់គ្នានៅក្នុងកិច្ចប្រជុំនេះដើម្បីទប់ទល់នឹងការប្រឈម និងផ្ញើសារដ៏ខ្លាំងក្លានៃក្ដីសង្ឃឹម និងការជឿទុកចិត្ត»។
ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ Salman ត្រូវបានធ្វើឡើង ស្របពេលដែលករណីឆ្លងជំងឺកូវីដ១៩ នៅលើពិភពលោក បានកើនដល់ជាង ៥៨ លាននាក់ និងករណីស្លាប់ដោយសារជំងឺនេះកើនជិត ១ លាន ៤ សែននាក់។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins នៅព្រឹកថ្ងៃអាទិត្យនេះ។
បណ្ដាមេដឹកនាំនៃក្រុមប្រទេស G20 ព្រួយបារម្ភថា ជំងឺកូវីដ១៩ នឹងធ្វើឲ្យគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែធំជាងមុន។ ដើម្បីទប់ទល់នឹងបញ្ហានេះ សហភាពអឺរ៉ុបបានជំរុញឲ្យមានការរួមចំណែកជាថវិកាសរុបចំនួន ៤ ពាន់ ៥ រយលានដុល្លារ ចំពោះគម្រោង Access to COVID-19 Tools Accelerator ដែលជាគម្រោងសាកលមួយសម្រាប់បង្កើនល្បឿនផលិតនិងចែកចាយវ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាល [ជំងឺកូវីដ១៩]។ នេះបើយោងតាមអង្គការសុខភាពពិភពលោក៕