ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​​អេស្ប៉ាញ​ជួយ​សង្គ្រោះ​ជន​ចំណាក​ស្រុក​ជាង​៩០០​នាក់​នៅ​ក្នុង​សមុទ្រ​មីឌី​ទែរ៉ាណេ


ក្រុម​ជន​ចំណាក​ស្រុក​កំពុង​ច្រៀង​នៅ​លើ​ទូក​ជួយសង្គ្រោះ​ MV Aquarius ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី​១៦ មិថុនា ២០១៨។
ក្រុម​ជន​ចំណាក​ស្រុក​កំពុង​ច្រៀង​នៅ​លើ​ទូក​ជួយសង្គ្រោះ​ MV Aquarius ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី​១៦ មិថុនា ២០១៨។

ឆ្មាំ​ការ​ពារ​ដែន​សមុទ្រ​ប្រទេស​អេស្ប៉ាញ​បាន​និយាយ​ថា ​ខ្លួន​បាន​ជួយ​សង្គ្រោះ​ជន​ចំណាក​ស្រុក​ជាង​៩៣០​នាក់ ​ហើយ​បាន​រក​ឃើញ​សាក​សព​មនុស្ស​ស្លាប់​៤​នាក់​ទៀត​កាល​ពី​ថ្ងៃ​សុក្រ​និង​សៅរ៍​នៅ​ក្នុង​សមុទ្រ​មីឌីទែរ៉ាណេ។

អេស្ប៉ាញ​ជាប្រទេស​ដែល​ត្រៀម​ខ្លួន​សម្រាប់​ការមក​ដល់​របស់​កប៉ាល់​ជួយ​សង្គ្រោះ Aquarius ​ហើយ​ការ​ជួយ​សង្គ្រោះ​ជន​ចំណាក់ស្រុក​នេះបាន​ក្លាយ​ជា​ជម្លោះ​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​សហភាព​អឺរ៉ុប ​ថាតើ​ត្រូវ​ដោះ​ស្រាយ​វិបត្តិ​ជន​ចំ​ណាក​ស្រុក​នេះ​យ៉ាង​ដូច​ម្តេច។

ឆ្មាំការ​ពារ​ដែន​សមុទ្រ​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​ខ្លួន​បាន​ជួយ​សង្គ្រោះ​មនុស្ស​៥០៧​នាក់​មក​ពី​ទូក​ខ្យល់​តូចៗ​ចំនួន​៥៩នៅ​ច្រក​សមុទ្រ ​Gibraltar ​ដែល​នៅ​ទី​នោះ​ឆ្មាំ​ការ​ពារ​ដែន​សមុទ្រ​ក៏​បាន​រក​ឃើញ​សាកសព​មនុស្ស៤​នាក់​ដែរ។

​ក្នុង​ខណៈ​នោះ​ដែរ ​ប្រទេស​បារាំង​បាន​សុខ​ចិត្ត​ទទួល​យក​ការ​ស្នើ​សុំ​មក​ពី​ប្រ​ទេស​អេស្ប៉ាញ​ដើម្បី​យក​ជន​ចំណាក​ស្រុក​ខ្លះ​ដែល​មាន​ចំនួន​រាប់​រយ​នាក់​នៅ​លើ​កប៉ាល់​ជួយ​សង្គ្រោះ​ Aquarius ​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រជា​និយមថ្មី​របស់​អ៊ីតាលី​និង​ប្រ​ទេស​ម៉ាល់ត៍​ បាន​ប្រកែក​ពុំ​អនុញ្ញាត​ឲ្យ​កប៉ាល់​នោះ​ចត​នៅ​កំពង់​ផែ​របស់​ខ្លួន​ទៀត​ទេ។

បន្ទាប់​ពី​ប្រទេស​ម៉ាល់ត៍​បាន​ប្រកែក ​អេស្ប៉ាញ​បាន​ស្នើ​ឲ្យ​មានការ​ទទួល​យក​ជន​ចំណាក​ស្រុក​នេះ។

រដ្ឋាភិបាល​អេស្ប៉ាញ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​បារាំង​បាន​សុខ​ចិត្ត​ទទួល​យក​សំណើ​មក​ពីរដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីដ​ដើម្បី​ទទួល​យក​ជន​ចំណាក​ស្រុក​ដែល​ប៉ង​ប្រាថ្នា​ទៅ​ប្រទេស​បារាំង​ ហើយ​និង​ជន​ណា​ដែល​មាន​លក្ខណៈ​សម្បត្តិ​ទៅ​តាម​ការ​តម្រូវ​សុំ​សិទ្ធិ​ជ្រក​កោន​របស់​បារាំង​។

​នាយក​រដ្ឋ​មន្រ្តី​អេស្ប៉ាញ​លោក​ Pedro Sanchez ​បាន​និយាយ​ថា ​លោក​សូម​ថ្លែង​អំ ណរ​គុណការ​ជួយ​របស់ប្រធានា​ធិបតីបារាំង​លោក​ Emmanuel Macron​ ដែល​លោក​ជឿ​ជាក់​ថា ​នឹង​ក្លាយ​ជា​គំរូ​មួយ​នៃ​គម្រោង​ការងារ​នៃ​កិច្ច​សហប្រតិ​បត្តិការ​ដែល​ប្រទេស​នានា​នៅ​អឺរ៉ុប​ត្រូវ​តែ​ឱប​ក្រសោប​យក​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជន​ចំណាក​ស្រុក​នេះ៕

XS
SM
MD
LG