ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស សាយព្រឺស បង្ក​វិបត្តិ​អឺរ៉ូ​ថ្មី​ ខណៈ​ដែល​​សហភាព​អឺរ៉ុប​​ចោទសួរ​ពីការ​វិនិយោគ​របស់ រុស្ស៊ី


នៅ​ក្នុង​ប្រទេស សាយព្រឺស ធនាគារ​ទាំងឡាយ​ប្រហែល​ជា​បន្ត​បិទទ្វារ​នៅឡើយ ប៉ុន្តែ​​ការ​តម្រង់​ជួរ​នៅ​​តាម​ម៉ាស៊ីន​បើកប្រាក់​​នៅ​តែ​បន្ត​កើនឡើង​ដដែល។
ដោយ Henry Ridgwell
មេដឹកនាំ​នយោបាយនៅក្នុង​ប្រទេស សាយព្រឺស (Cyprus) ហាក់​ដូច​ជាបាន​បោះ​បង់​ផែនការ​ដកហូតពន្ធ​តែមួយលើក​ទៅ​លើ​ប្រាក់បញ្ញើរ​របស់​ធនាគារ​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​សង្គ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប។ ប្រទេស​នៃ​ដែន​កោះ​មេឌីទែ​រ៉ាណេ​នេះធ្លាប់ជា​ទីកន្លែង​ដ៏ទាក់ទាញជាយូរ​មកហើយ សម្រាប់​វិនិយោគិន​បរទេស ជាពិសេស​ជន​ជាតិ​រុស្ស៊ី​។ ដូច​ដែល Henry Ridgwell រាយការណ៍ ​ប្រការនោះបណ្តាល​ឲ្យ​មានការ​ពិភាក្សា​គ្នា​យ៉ាង​ក្តៅ​គគុក​នៅ​អឺរ៉ុប។
នៅ​ក្នុង​ប្រទេស សាយព្រឺស ធនាគារ​ទាំងឡាយ​ប្រហែល​ជា​បន្ត​បិទទ្វារ​នៅឡើយ ប៉ុន្តែការ​តម្រង់​ជួរ​នៅតាម​ម៉ាស៊ីន​បើកប្រាក់នៅ​តែ​បន្ត​កើនឡើង​ដដែល។ ​ជា​មួយនឹង​ប្រជាពលរដ្ឋ សាយព្រឺស ដែល​បាន​កំពុង​ដកយក​ប្រាក់សន្សំ​របស់​ពួកគេ​វិញ​នោះ​ ក៏មាន​ជនជាតិ​បរទេស​ជាច្រើ​ន​នាក់​ផងដែរ។​
ជាមួយនឹង​អត្រាពន្ធ​ក្រុម​ហ៊ុន​ចំនួន​១០ភាគរយ ប្រទេស សាយព្រឺស ​ធ្លាប់​បាន​ទាក់ទាញ​វិនិយោគិន​បរទេស​ជាច្រើន។ ប៉ុន្តែ លោក ខេត ភីឡាកទីស (Kate Phylaktis) ដែលជា​សាស្ត្រាចារ្យហិរញ្ញវត្ថុ​អន្តរជាតិ នៃ​សាលា​ពាណិជ្ជកម្ម ​ខាស (Cass Business School) នៅក្នុង​ទីក្រុង​ឡុងដ៍ (London) និង​ជាអតីតអ្នក​ពិគ្រោះ​យោបល់​ដល់​រដ្ឋាភិបាល​ សាយព្រឺស ថ្លែង​ថា ប្រទេសកោះ​មេឌីទែរ៉ាណេ​មួយ​នេះក៏​មាន​ចំណុច​ទាក់ទាញ​ផ្សេង​ទៀត​ដែរ។​
«​វាមិនមែនគ្រាន់​តែ​ដោយ​សារពន្ធ​ប៉ុណ្ណោះនោះទេ។ យើងនិយាយ​ភាសា​អង់គ្លេស។ ខ្ញុំ​ចង់​និយាយថា​ ភាសា​អង់គ្លេស​ត្រូវ​បាន​និយាយ​យ៉ាង​ស្ទាត់​ជំនាញ​នៅ សាយព្រឺស។ ​ប្រព័ន្ធ​ច្បាប់​របស់​យើងគឺ​ផ្អែក​ទៅលើ​ប្រព័ន្ធ​ច្បាប់​របស់​អង់គ្លេស​ ដូច្នេះ​ស្ថាប័ន​របស់​យើងមាន​ភាព​ល្អ​ប្រសើរ​ខ្លាំង ហើយ​ត្រូវ​បាន​យល់​ច្បាស់​ដោយ​មនុស្ស​គ្រប់​រូប ដូច្នេះ​នោះ​ជា​ចំណុច​ទាក់​ទាញ​យ៉ាង​ខ្លាំងចំពោះ​វិនិយោគិន​បរទេស​»។​
ទីភ្នាក់ងារផ្តល់​ចំណាត់​ថ្នាក់ មូឌី បាន​ប៉ាន់​ស្មាន​ថា មាន​ទឹកប្រាក់​ចំនួន​៣១​ពាន់​លានដុល្លារជា​របស់​ជនជាតិ​រុស្ស៊ី​ នៅ​ក្នុង​គណនី​ធនាគារ​សាយព្រឺស។ លោក ភីឡាទីស (Phylaktis) ថ្លែង​ថា ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធិ​រវាង​ប្រទេសទាំង​ពីរ ចាប់​ផ្តើម​តាំង​ពី​ការ​បែកបាក់​សហភាព​សូវៀតមក​ម៉្លេះ។ ​
«យើង​មាន​ទំនាក់ទំនង​ជាយូរ​យា​ណាស់​មកហើយ និង​មិត្តភាព​យ៉ាង​យូរ​អង្វែងជាមួយ​ជន​ជាតិ​រុស្ស៊ី។ មានក្រុម​គ្រួសារជាតិ​រុស្ស៊ី​ចំនួន​២ម៉ឺន​គ្រួសារ ដែល​កំពុង​រស់​នៅក្នុង​ប្រទេស​ សាយព្រឺស។ ដូច្នេះ ជា​ការ​ពិត​ណាស់ ជន​ជាតិ​រុស្ស៊ី​ទាំង​នេះ​មាន​ទ្រព្យ​សម្បត្តិ​ មាន​ប្រាក់តម្កល់​ក្នុង​ធនាគារ​ មាន​មុខ​ជំនួញ ដែលអាច​នាំ​ប្រាក់​ជា​ច្រើនចូលមក​ក្នុង​ប្រទេស សាយព្រឺស។ មិនមានអ្វី​ដែល​គួរឱ្យ​សង្ស័យ​នោះទេ»។
កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ ប្រព័ន្ធ​ឃោសនា​របស់ អាល្លឺម៉ង់ បាន​បោះពុម្ពផ្សាយ​របាយការណ៍​ស៊ើប​ការ​សម្ងាត់​ដែល​លេច​ធ្លាយ ​ដែលបានចោទ​ប្រកាន់ថា ប្រទេស សាយព្រឺស ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយជន​ជាតិ​រុស្ស៊ី​ពុករលួយ ដើម្បី​លាង​លុយ​កខ្វក់។​
លោក ​ខេត ភីឡាទីស (Kate Phylaktis) ​និយាយថា ភាព​មន្ទិល​សង្ស័យកំពុងជំរុញ​ឲ្យ​សហភាព​អឺរ៉ុប ទទូច​សុំ​ឲ្យ​មានវិធានការ​ដ៏​តឹង​រ៉ឹង ដើម្បី​ជា​ថ្នូរ​នឹងការ​ជួយ​សង្គ្រោះ។​
«​ជាមួយនឹង​ការ​បោះឆ្នោតនៅ​អាល្លឺម៉ង់ ដែលនឹង​មកដល់នា​ពេល​ឆាប់ៗ​នេះ ខ្ញុំចង់​និយាយ​ថា ពួកគេមិន​មាន​សេរីភាពច្រើន​ទេ ពួកគេ​ត្រូវ​តែ​បញ្ចុះ​បញ្ចូល​ក្រុម​អ្នក​បង់​ពន្ធ​នៅ​អាល្លឺ​ម៉ង់ថា ពួកគេនឹង​មិនផ្តល់​មូលនិធិ​ដល់​ជន​ជាតិ​រុស្ស៊ី ដែល​ពុករលួយ​ខុសច្បាប់​ទាំងនោះទេ»។​
ប៉ុន្តែ​ ​លោក ជេមស៍ គឺលីនសាយ (James Ker-Lindsay) ដែលជា​អតីតអ្នក​តាំង​ទីលំនៅ​ជាតិ សាយព្រឺស និង​ជា​អ្នក​ជំនាញស្តីអំពី​អឺរ៉ុប​ភាគ​អាគ្នេយ៍​ នៅ​សាលា​សេដ្ឋកិច្ច​ទីក្រុង​ឡុងដ៍ និយាយថា ការចោទ​ប្រកាន់ ដែល​សំដៅ​ទៅលើប្រទេស​ សាយព្រឺស គឺជា​ការពន្លើស។
«​វា​មិនមាន​អ្វី​ដែល​ត្រូវសង្ស័យ​នោះ​ទេ ដែលថាមាន​លុយកខ្វក់​របស់​រុស្ស៊ី ដែលបាន​ឆ្លងកាត់​ប្រទេស​ សាយ​ព្រឺស។ ប៉ុន្តែ​យើង​ដឹង​ថា លុយកខ្វក់របស់​រុស្ស៊ី បាន​ឆ្លងកាត់កន្លែង​ជាច្រើន»។
ប្រទេស​អង់គ្លេស ដែលមាន​មូលដ្ឋាន​យោធានៅ​ក្នុង​ប្រទេស​សាយព្រឺស បាន​បញ្ជូនយន្តហោះដែលមាន​ដឹក​ប្រាក់​រាប់​លាន​អឺរ៉ូទៅ​កាន់កោះ​នេះ​ ​ក្នុង​ករណីបុគ្គលិកផ្តល់​សេវាកម្ម​ទាំង​ប្រុស​ទាំង​ស្រី ​មានបញ្ហាណាមួយ​ជាមួយ​ធនាគារ​របស់​ពួកគេ។ ក្រុម​អ្នក​វិភាគ​និយាយថា​ វា​ជា​វិធានការ​មួយ ស្តីអំពី​ថាតើ​ដៃគូអឺរ៉ុប​របស់​ប្រទេស សាយព្រឺស ចាត់ទុក​វិបត្តិ​នេះ​ប្រកបដោយ​ភាពហ្មត់ចត់​ដោយ​របៀប​ណា៕
ប្រែសម្រួល​ដោយ លី សុខ​ឃាង​
XS
SM
MD
LG