ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​យក​ពន្ធ​គយ​លើ​ផលិតផល​ស.រ.អា.​ដើម្បី​សងសឹក​នឹង​ការ​យក​ពន្ធគយ​របស់​​ស.រ.អា.​លើ​ដែកថែប​ និង​អាលុយមីញ៉ូម​បរទេស


លោកស្រី Cecilia Malmstrom អគ្គ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull នៅ​វិមាន​សភា​ក្នុង​ក្រុង Canberra ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
លោកស្រី Cecilia Malmstrom អគ្គ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull នៅ​វិមាន​សភា​ក្នុង​ក្រុង Canberra ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។

សហភាព​អឺរ៉ុប​នឹង​យក​ពន្ធគយ​លើ​ទំនិញ​សហរដ្ឋ​អាមេរិក​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ក្នុង​ការ​សងសឹក​ដែល​អាមេរិក​យក​ពន្ធគយ​លើការនាំ​ចូលដែក​ថែបនិង​អាលុយ​មីញ៉ូម​នៅ​ដើម​ខែ​នេះ។​នេះតាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​អឺរ៉ុប​កាល​ពី​ថ្ងៃ​ពុធ។

សហភាព​អឺរ៉ុប​បាន​ធ្វើ​បញ្ជី​ឈ្មោះ​ផលិត​ផល​សហរដ្ឋ​អាមេរិក​ដែល​ខ្លួននឹង​ចាប់​ផ្តើម​យក​ពន្ធគយ​ចំនួន​២៥ភាគរយ។ ​ជាចំណាត់​ការ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​សង្គ្រាម​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង ជា​ពិសេស ​ប្រសិនបើ ​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិកធ្វើ​ទៅ​តាម​ការគំរាម​កំហែង​របស់​លោក​ដោយ​យក​ពន្ធ​គយ​លើ​រថ​យន្ត​ដែល​ផលិត​នៅ​អឺរ៉ុប​នោះ។

លោកស្រី Cecilia Malmstrom អគ្គ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​បាន​និ​យាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ «យើង​មិន​ចង់​ស្ថិត​នៅ​ក្នុង​គោល​ជំហរ​នេះ​ទេ។ ​ទោះ​ជាយ៉ាង​ណាក៏ដោយ ការ​សម្រេច​ជា​ឯកតោភាគី​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​យកពន្ធគយ​លើ​ដែល​ថែប​និង​អាលុយមីញ៉ូម​លើ​សហភាព​អឺរ៉ុប​មានន័យ​ថា ​យើង​មិន​មាន​ជម្រើស​ទេ»។

គណៈកម្មការដែល​រៀប​ចំ​ចាត់​ចែង​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ជារៀង​រាល់​ថ្ងៃ ​បាន​អនុម័ត​ច្បាប់​ដែល​យក​ពន្ធ​គយ​ចំនួន​៣ពាន់​២រយ​លាន​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក ​រួមមាន​ផលិតផល​អាលុយមីញ៉ូម​និង​ដែក​ថែប ​ផលិតផល​កសិកម្ម ស្រា​វីស្គី​ និង​ម៉ូតូ។​

​លោកស្រី​ Malmstrom ​បាន​និយាយ​ថា ​ការ​ឆ្លើយ​តប​របស់​សហភាព​អឺរ៉ុប​ស្រប​ទៅ​តាម​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ហើយ​លោកស្រីនិយាយ​ទៀត​ថា ពន្ធគយ​នឹង​ត្រូវ​បាន​លុប​ចោល ​ប្រសិន​បើ ​សហរដ្ឋ​អាមេរិក​ទុក​ជា​មោឃៈ​ភាព​នូវ​ការ​យក​ពន្ធ​គយលោហៈធាតុ​របស់​ខ្លួន​ដែល​មាន​តម្លៃ៧,៤១​ពាន់លាន​ដុល្លារ៕

XS
SM
MD
LG