ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​អំពាវនាវ​ឲ្យ​អាមេរិក​ «សម្រេច​ចិត្ត​ដោយ​ឆ្លាតវៃ» មុន​ឱសានវាទ​នៃ​ការ​យក​ពន្ធ​លើ​ទំនិញ


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ Mike Pompeo ជជែក​ជាមួយ​មន្រ្តីការបរទេស​ចិន Wang Yi មុន​នឹង​កិច្ច​ប្រជុំ​របស់​ពួកគាត់​នៅ​សាល​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិនកាលពី​ថ្ងៃទី​១៤ មិថុនា ឆ្នាំ ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​ជំរុញ​សហរដ្ឋអាមេរិក​ឲ្យ​ធ្វើការ «​សម្រេច​ចិត្ត​ឲ្យ​ឆ្លាតវៃ»​ ទៅ​លើ​ពាណិជ្ជកម្ម ខណៈ​ដែល​ឱសានវាទ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ក្នុង​ការ​បញ្ចេញ​បញ្ជី​ឈ្មោះ​ទំនិញ​សម្រាប់​យក​ពន្ធ​ចំនួន​៥០​ពាន់​លាន​ដុល្លារ​ទៅ​លើ​ទំនិញ​របស់​ចិន។

ដោយ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អម​ដោយ​លោក Mike Pompeo រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ចិន​រូប​នេះ​បាន​និយាយ​ថា ចិន​និង​សហរដ្ឋអាមេរិក​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​មួយ ដែល​ជា​ចំណុច​មួយ​ដែល​ឱកាស​និង​ឧបសគ្គ​កំពុង​កើន​ឡើង។ ​

ឧបសគ្គ​ធំ​បំផុត​មួយ​ដែល​លោក Wang បាន​លើកឡើង​គឺ​ពាណិជ្ជកម្ម។ ចំពោះ​បញ្ហា​នេះ លោក​បាន​ជំរុញសហរដ្ឋអាមេរិក​កុំ​ឲ្យ​បោះជំហាន​ឯកតោ​ភាគី​ណា​មួយ​ដែល​នឹង​អាច​បង្កើត​ជា​ឧបសគ្គ​ដល់​ការ​ចរចា​នា​ពេល​អនាគត។

លោក Wang បាន​ថ្លែង​ថា សម្រាប់​ពាណិជ្ជកម្ម មាន​ជម្រើស​ពីរ។

«ជម្រើស​ទី​មួយ​គឺ​ត្រូវ​សហប្រតិបត្តិការ​និង​ផ្តល់​អត្ថប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ជម្រើស​មួយ​ទៀត​គឺ​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​និង​បាត់​បង់​អត្ថប្រយោជន៍​ទាំង​សងខាង។ ចិន​ជ្រើសរើស​ជម្រើស​ទី​មួយ។ យើង​សង្ឃឹម​ថា ភាគី​អាមេរិក​ក៏​អាច​ជ្រើសរើស​ជម្រើស​ដ៏​ឆ្លាត​វៃ​នេះ​ដូចគ្នា​ដែរ។ ពិត​ណាស់ យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ជម្រើស​ទីពីរ។»

គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថា​រដ្ឋបាល​របស់​លោក​ ត្រាំ នឹង​បញ្ចេញ​បញ្ជី​ឈ្មោះ​មុខ​ទំនិញ​ទៅ​តាម​ការ​គ្រោង​ទុក​ឬ​យ៉ាង​ណា។ ថ្ងៃ​សុក្រ​នេះ​គឺ​ជា​ឱសានវាទ​ដែល​សេតវិមាន​បាន​ប្រកាស​នៅ​ក្នុង​សេចក្តីប្រកាស​មួយ​កាល​ពី​ចុង​ខែ​មុន ដែល​ដាក់​សម្ពាធ​ចិន​ដោយ​ប្រើប្រាស់​ចំណាត់ការ​ទៅ​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​អយុត្តិធម៌​របស់​ចិន៕

XS
SM
MD
LG