ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​នឹង​ស្នើ​ឲ្យ​មាន​លិខិត​ឆ្លងដែន​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ១៩ រួច​ហើយ


រូបឯកសារ៖ អ្នកធ្វើដំណើរម្នាក់ដែលមានពាក់ម៉ាស់កំពុងពិនិត្យមើលលិខិតស្នាមដើម្បីត្រៀមធ្វើដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិ Adolfo Suarez-Barajas នៅជាយក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកធ្វើដំណើរម្នាក់ដែលមានពាក់ម៉ាស់កំពុងពិនិត្យមើលលិខិតស្នាមដើម្បីត្រៀមធ្វើដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិ Adolfo Suarez-Barajas នៅជាយក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​នឹង​ដាក់​ចេញ​នូវ​សំណើ​មួយ​ក្នុង​ខែ​មីនា​នេះ ដើម្បី​បង្កើត​លិខិត​ឆ្លងដែន​ឌីជីថល​ដែល​បង្ហាញ​ថា អ្នក​កាន់​លិខិត​ឆ្លងដែន​នោះ​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ រួច​ហើយ ដើម្បី​ប្រើប្រាស់​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លិខិតឆ្លងដែននេះនឹងអនុញ្ញាតឲ្យពលរដ្ឋអឺរ៉ុបអាចធ្វើដំណើរដោយសេរីជាងមុនបាន ក្នុងអំឡុងពេលនៃការឈប់សម្រាករដូវក្តៅដ៏ពេញនិយមនៅពេលខាងមុខនេះ។

ប្រធាន​គណៈកម្មការ​អឺរ៉ុប​អ្នកស្រី Ursula von der Leyen បាន​ប្រកាស​អំពី​សំណើ​ច្បាប់​នេះ នៅ​ក្នុង​សុន្ទរកថា​របស់​អ្នកស្រី​ទៅកាន់​សមាជិក​សភា​អភិរក្ស​និយម​របស់​ប្រទេស​អាល្លឺម៉ង់​ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

លិខិត​ឆ្លងដែន​ដែល​ហៅ​ថា «ប័ណ្ណ​ឆ្លងដែន​ឌីជីថល​បៃតង» នេះ នឹង​ផ្តល់​នូវ​ភស្តុតាង​ថា អ្នក​កាន់​ប័ណ្ណ​នេះ​ បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ រួច​ហើយ។ ប័ណ្ណ​នេះ​ក៏​នឹង​បង្ហាញ​ផង​ដែរ​នូវ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​របស់​អ្នក​ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង និង​ព័ត៌មាន​អំពី​ការ​ជា​សះស្បើយ​សម្រាប់​អ្នក ​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩ នេះ​ផងដែរ។

អ្នកស្រី Ursula von der Leyen បាន​បញ្ជាក់​នៅ​លើ Twitter ថា៖ «គោល​បំណង​គឺ​ដើម្បី​អនុញ្ញាត​ជា​បណ្ដើរៗ​ឲ្យ​អ្នក​ទាំង​នោះ​ អាច​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​នៅ​ក្នុង​សហភាព​អឺរ៉ុប ឬ​ទៅ​បរទេស​សម្រាប់​ការងារ ឬ​ក៏​ទេសចរណ៍​បាន»។

មេដឹកនាំ​នានា​នៅ​សហភាព​អឺរ៉ុប​បាន​ឯកភាព​គ្នា​កាលពី​សប្តាហ៍​មុន​ នៅ​ក្នុង​ការ​ចេញ​ប័ណ្ណ​បញ្ជាក់​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រទេស​មួយ​ចំនួន​ក្នុង​សហភាព​អឺរ៉ុប​បាន​លើកឡើង​ថា ខ្លួន​ត្រូវការ​ការ​បញ្ជាក់​ឲ្យ​ដឹង​ជា​មុន​សិន​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ រួច​ហើយ ពិតជា​មិន​អាច​ចម្លង​ជំងឺ​នេះ​ទៅ​ឲ្យ​អ្នក​ដទៃ​បាន៕

XS
SM
MD
LG