នៅថ្ងៃអាទិត្យនេះ សហភាពអឺរ៉ុបបានលុបចោលសន្និសីទកំពូលពេញលេញមួយនៃក្រុមប្រទេសជាតិទាំង២៨អំពីសេចក្តីសង្ឃឹមរបស់ប្រទេសក្រិកក្នុងការសុំជំនួយសង្គ្រោះខាងហិរញ្ញវត្ថុ ហើយដាក់កម្រិតកិច្ចចរចាត្រឹមតែរវាងបណ្តាប្រទេសជាតិដែលប្រើប្រាក់អឺរ៉ូតែប៉ុណ្ណោះ។
ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេស១៩ ដែលប្រើប្រាក់អឺរ៉ូ កំពុងបន្តប្រជុំគ្នានៅក្នុងក្រុងព្រុចសែលតទៅទៀត បន្ទាប់ពីកិច្ចចរចាគ្នាអស់រយៈពេល៨ម៉ោងកាលពីថ្ងៃសៅរ៍មិនបានទម្លាយភាពទាល់ច្រក។ លោក Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថា ការប្រជុំរបស់ក្រុមរដ្ឋមន្ត្រីទាំងនេះ «មានធ្វើរហូតដល់យើងបញ្ចប់កិច្ចចរចាអំពីប្រទេសក្រិក»។
ក្រុមមន្ត្រីនៃតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូកំពុងរកវិធីដោះស្រាយបញ្ហាបរាជ័យរបស់ប្រទេសក្រិកក្នុងការសងប្រាក់បំណុលឲ្យទាន់ពេលកំណត់ចុងក្រោយបង្អស់កាលពីពេលមុននេះក្នុងខែនេះ។
ពួកគេក៏កំពុងស្វះស្វែងឲ្យមានការធានារ៉ាប់រងដោយបន្ថែមថា រដ្ឋាភិបាលក្រុងអាថែននឹងគោរពតាមល័ក្ខខណ្ឌនៃកិច្ចព្រមព្រៀងថ្មីណាមួយ។លោក Jeroen Dijsselbloen ដែលជាមន្ត្រីជាន់ខ្ពស់នៃតំបន់ប្រើប្រាក់អឺរ៉ូបាននិយាយថា «បញ្ហានៃការជឿទុកចិត្តបានត្រូវបានលើកយកមកពិភាក្សា» កាលពីថ្ងៃសៅរ៍។
ប្រភពនានាបាននិយាយថា ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុទាំងនេះបានប្រើប្រាស់ការប្រជុំកាលពីថ្ងៃសៅរ៍ដើម្បីចាត់ចែងការទាមទារឲ្យមានកំណែទម្រង់ខាងថវិកានិងខាងនយោបាយថែមទៀត នៅមុនពេលពួកគេបើកការចរចាអំពីប្រាក់កម្ចីថ្មី៕