ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​ថា សហរដ្ឋ​អាមេរិក​បាន​យល់ព្រម​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ រដ្ឋ​មន្ត្រី​ការបរទេស​តាលីបង់​លោក Amir Khan Muttaqi ថ្លែង​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​កាប៊ុល​ ប្រទេស​អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ (Reuters)

ក្រុម​តាលីបង់ (Taliban) ដែល​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ការ​ពិភាក្សា​រយៈពេល២ថ្ងៃ​ជាមួយ​សហរដ្ឋ​អាមេរិក​បាន «ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ» នៅ​ក្នុង​ប្រទេស​កាតា។

ការ​ពិភាក្សា​នេះ​គឺជា​ជំនួប​កម្រិត​ខ្ពស់​ដោយ​ផ្ទាល់​លើក​ទី​មួយ ចាប់តាំង​ពី​ពេល​ដែល​ក្រុម​តាលីបង់​បាន​ត្រួតត្រា​ប្រទេស​អាហ្វហ្គានីស្ថាន​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ដក​កងទ័ព​ចេញ​កាលពី​ចុង​ខែ​សីហា​មក។

អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​លោក Suhail Shaheen បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ក្រោយ​ជំនួប​នេះ​ថា៖ «ការ​ពិភាក្សា​ដ៏​លម្អិត​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ជំនួប​នេះ​អំពី​បញ្ហា​ពាក់ព័ន្ធ​ទាំង​អស់ ហើយ​កិច្ច​ប្រឹងប្រែង​នឹង​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត​មាន​ភាព​ប្រសើ​ឡើង»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា ការ​ចរចា​ជាមួយ​ក្រុម​តាលីបង់ «មាន​ភាព​ស្មោះត្រង់​និង​ប្រកប​ដោយ​វិជ្ជាជីវៈ»។

លោក​បាន​បន្ថែម​ថា «ក្រុម​តាលីបង់​នឹង​ត្រូវ​វិនិច្ឆ័យ​តាម​រយៈ​សកម្មភាព​របស់​ខ្លួន មិន​មែន​តាមរយៈ​ពាក្យ​សម្តី​នោះ​ទេ»។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​នេះ​បាន​លើកឡើង​ថា បញ្ហា​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ពិភាក្សា​រួម​មាន «ក្ដី​កង្វល់​អំពី​សន្តិសុខ​និង​ភេរវកម្ម ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ដោយ​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​អាមេរិកាំង ពលរដ្ឋ​បរទេស​ផ្សេង​ទៀត​និង​ដៃគូ​អាហ្វហ្គានីស្ថាន​របស់​សហរដ្ឋ​អាមេរិក និង​បញ្ហា​សិទ្ធិ​មនុស្ស ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ចូលរួម​ដ៏​មាន​ន័យ​របស់​ស្ត្រី​និង​កុមារី​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម​អាហ្វហ្គានីស្ថាន​ផងដែរ»។

ជំនួប​នេះ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​នៅ​រាជធានី​ដូហា​នៃ​ប្រទេស​កាតា។

សេចក្តី​ថ្លែងការណ៍​របស់​លោក Price បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់ «បាន​ពិភាក្សា​អំពី​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​របស់​សហរដ្ឋ​អាមេរិក​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន»៕

(អ្នកស្រី Cindy Saine អ្នក​ឆ្លើយឆ្លង​ព័ត៌មាន VOA ប្រចាំ​ក្រសួង​ការបរទេស រួម​ចំណែក​នៅ​ក្នុង​សេចក្ថី​រាយការណ៍​នេះ)

XS
SM
MD
LG