មេដឹកនាំកំពូលរបស់អឺរ៉ុប ៤ នាក់នឹងបើកកិច្ចប្រជុំនៅថ្ងៃចន្ទនេះ ស្តីពីអនាគតរបស់សហភាពអឺរ៉ុប ស្របពេលដែលសហភាពនេះប្រឈមនឹងវិបត្តិមួយចំនួនដែលកំពុងតែបង្កជាមន្ទិលសង្ស័យទៅលើភាពស្ថិតស្ថេររបស់ខ្លួន។
កិច្ចប្រជុំដែលមានអាហារពេលល្ងាច និងត្រូវបានរៀបចំឡើងដោយលោកប្រធានាធិបតីបារាំង Francois Hollande នៅវាំង Versailles នៅជាយទីក្រុងប៉ារីស នឹងមានវត្តមានមេដឹកនាំមកពីប្រទេសអាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ ខណៈពេលដែលមានការពិភាក្សាខ្លាំងក្លាអំពី ថាតើនឹងត្រូវបោះជំហានទៅមុខយ៉ាងណា ចំពោះសហភាពអឺរ៉ុបដែលនឹងជួបបញ្ហាធំ នៅពេលដែលអង់គ្លេសចាកចេញពីសហភាពនេះ។ ការណ៍នេះក៏បាននាំឲ្យមានជាតិនិយមហើយរដ្ឋបាលលោក ត្រាំ មានមន្ទិលសង្ស័យទៅលើសហភាពអឺរ៉ុប។
បញ្ហាទាំងនោះនឹងត្រូវលើកយកមកពិភាក្សាក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅថ្ងៃទី២៥ ខែមីនា ខាងមុខនេះ ដែលស្របពេលជាមួយនឹងខួបលើកទី ៦០ នៃសិទ្ធិសញ្ញាក្រុងរ៉ូម។
លោក Philippe Moreau Defarges អ្នកវិភាគនៃវិទ្យាស្ថានបារាំងសម្រាប់ទំនាក់ទំនងអន្តរជាតិក្នុងទីក្រុងប៉ារីស បាននិយាយដោយបញ្ចេញការព្រួយបារម្ភស្រដៀងនឹងអ្នកជំនាញ និងអ្នកនយោបាយជាច្រើនទៀតថា៖ «សហភាពអឺរ៉ុបកំពុងតែស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយ។ វាអាចនឹងដួលរលំបាន»៕