ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាគី​ជំទាស់​​បង្កើន​សំឡេង​ខ្លាំង​បំផុត មុន​ការ​ធ្វើ​ប្រជាមតិ​របស់​អង់គ្លេស​ទាក់ទង​នឹង​សហភាព​អឺរ៉ុប


រូបឯកសារ៖ ស្រ្តីម្នាក់​អាន​កាសែត​ជាមួយ​នឹង​ទំព័រ​មុខ​និយាយ​អំពី​ការ​បោះឆ្នោត​ប្រជាមតិ​​របស់​អង់គ្លេស​ទាក់ទង​នឹង​សហភាព​អឺរ៉ុប។
រូបឯកសារ៖ ស្រ្តីម្នាក់​អាន​កាសែត​ជាមួយ​នឹង​ទំព័រ​មុខ​និយាយ​អំពី​ការ​បោះឆ្នោត​ប្រជាមតិ​​របស់​អង់គ្លេស​ទាក់ទង​នឹង​សហភាព​អឺរ៉ុប។

​ភាគី​ជំទាស់​ក្នុង​ការ​សួរ​ដេញដោល​មតិ​គ្នា​នៅ​ប្រទេស​អង់គ្លេស​ ថា​តើ​ប្រទេស​នេះ ត្រូវ​នៅ​ឬ​ត្រូវ​ចេញ​ពី​សមាជិក​ភាព​នៃ​សហភាព​អឺរ៉ុប​នោះ កំពុង​បង្កើន​សំឡេង​ដ៏​ខ្លាំង​បំផុត​លើក​ចុងក្រោយ​របស់​ខ្លួន មុន​ពេល​ធ្វើ​ប្រជាមតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។

មេដឹកនាំ​ពី​ភាគី​ជំទាស់​និង​ពី​ភាគី​គាំទ្រ បាន​ចូលរួម​នៅ​ក្នុង​ការ​សួរ​ឆ្លើយ​ដេញចោល​មតិ​គ្នា​ដែល​បានចាក់​ផ្សាយ​តាម​កញ្ចក់ទូរទស្សន៍​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ ដែល​នៅ​ពេល​នោះ ភាគី​ម្ខាងៗ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ថា​ភាគី​ម្ខាង​ទៀត បាន​ប្រើ​ការ​កុហក​និង​ការ​បន្លាច​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​រៀងៗ​ខ្លួន។

ប្រជាជន​ជាង​៤៥​លាន​នាក់ បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រជាមតិ​នេះ ហើយ​លទ្ធផល​ គ្រោង​នឹង​ត្រូវ​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​សុក្រ។

ទោះបី​ជា​លទ្ធផល​ចេញ​មក​យ៉ាង​ម៉េច​ក៏​ដោយ ក៏​សេចក្តី​សម្រេច​ថា​ត្រូវ​នៅ​ឬ​ត្រូវ​ចេញ​ពី​ប្លុក​សហគមន៍​អឺរ៉ុប ដែល​ប្រទេស​អង់គ្លេស​ បាន​ចូល​ជា​សមាជិក​កាល​ពី​ឆ្នាំ​១៩៧៣​នោះ នឹង​មាន​ផល​ប៉ះពាល់​ធំធេង​ទៅលើ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​នយោបាយ​នៃ​ប្រទេស​នេះ ជាមួយ​នឹង​ប្រទេស​ជា​សមាជិក​ដទៃទៀត​របស់​សហភាព​អឺរ៉ុប។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកDavid Cameron គាំទ្រ​ការ​បន្ត​នៅ​ក្នុង​សហភាព​អឺរ៉ុប ហើយ​បាន​មានប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ទោះបីជា​សហភាព​អឺរ៉ុប មិន​ល្អ​ឥត​ខ្ចោះ​ក៏ដោយ ក៏«ពលរដ្ឋ​អង់គ្លេស មិន​ត្រូវ​ចាកចេញ​ដែរ»។

លោក​ថ្លែង​ថា ប្រសិន​បើ​អង់គ្លេស​ចេញ​ពី​ប្លុក​នេះ នោះ​ប្រទេស​ជិតខាង​របស់​ខ្លួន នឹង​ធ្វើ​ការ​សម្រេចចិត្ត​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​អង់គ្លេស ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ធាតុ​ចូល (ឬinput​) ណាមួយ​របស់​ពី​អង់គ្លេស​នោះ​ទេ។

ចំណែក​ អ្នក​ដែល​គាំទ្រ​ឲ្យ​អង់គ្លេស​ចេញ​ពី​ប្លុក​នេះ​និយាយ​ថា ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អង់គ្លេស អាច​គ្រប់គ្រង​កិច្ចការ​ក្នុង​ប្រទេស​របស់​ខ្លួន​ផ្ទាល់​ បាន​ច្រើន​ជាង​នេះ ជាពិសេស​ទាក់ទង​នឹង​គោលនយោបាយ​អន្តោប្រវេសន៍៕

XS
SM
MD
LG