មេដឹកនាំសហភាពអឺរ៉ុបបានជួបប្រជុំកំពូលផ្ទាល់មុខគ្នាជាលើកដំបូងនៅថ្ងៃសុក្រនេះក្រោយពីអាក់ខានអស់រយៈពេល៥ខែ ប៉ុន្តែការជួបប្រជុំគ្នានេះទំនងជាមិនអាចផ្សះផ្សារការខ្វែងគំនិតគ្នាលើផែនការសង្គ្រោះសេដ្ឋកិច្ចឡើយ។
អធិការបតីនៃប្រទេសអាល្លឺម៉ង់ អ្នកស្រី Angela Merkel បាននិយាយថា អ្នកស្រីនិងសហការី២៦នាក់ត្រឡប់មកទីក្រុងប្រ៊ុចសែលនៅថ្ងៃនេះគឺមិនមែនដើម្បីប្រារព្ធបុណ្យខួបកំណើត៦៦ឆ្នាំរបស់អ្នកស្រីទេ ប៉ុន្តែគឺដើម្បីសាកល្បងមើលថាការចរចាដោយផ្ទាល់មុខអាចដោះស្រាយសំណួរដែលមានតម្លៃ៧៥០ពាន់លានដុល្លារដែរឬយ៉ាងណា។
សហភាពអឺរ៉ុបបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាប្រវត្តិសាស្រ្តដោយសារតែវីរុសកូរ៉ូណា ហើយមេដឹកនាំសហភាពអឺរ៉ុបបានរៀបចំផែនការនានាដោយត្រូវចំណាយថវិកាដ៏ធំដើម្បីនាំប្រទេសរបស់ពួកគេចេញពីការជាប់គាំង។
ប៉ុន្តែក្រុមមេដឹកនាំនៅតំបន់ភាគខាងជើងដែលដឹកនាំដោយលោក Mark Rutte នាយករដ្ឋមន្ត្រីនៃប្រទេសហូឡង់ ជំទាស់នឹងការផ្តល់កញ្ចប់ថវិកាទៅដល់ប្រទេសដែលនៅតំបន់ភាគខាងត្បូងបើមិនបានដាក់លក្ខខណ្ឌតឹងរ៉ឹងទេ។
ការចរចានៅថ្ងៃសុក្រនេះទំនងជានឹងអូសបន្លាយរហូតដល់ថ្ងៃសៅរ៍ហើយក៏ប្រហែលជានឹងដល់ថ្ងៃអាទិត្យផងដែរ។ ប៉ុន្តែមានមនុស្សតិចតួចណាស់មានជំនឿថានឹងទំលុះភាពទាល់ច្រកបានបើទោះបីពេលវេលាកាន់តែខើចហើយក៏ដោយ។ ដូច្នេះកិច្ចប្រជុំកំពូលមួយទៀតប្រហែលជានឹងត្រូវរៀបចំឡើងជាថ្មីនៅចុងខែនេះ៕