ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ប្រើ​ប្រាស់​​​កិច្ចព្រម​ព្រៀង​​ពាណិជ្ជកម្ម​ជា​មួយ​សហភាព​អឺរ៉ុប​​ ខណៈ​ក្រុម​អ្នក​វិនិយោគ​ចាក​ចេញ​ពី​ចិន


រូបឯកសារ៖ កម្មការិនី​វៀតណាម​កំពុង​ធ្វើ​ការ​នៅ​រោងចក្រ​កាត់ដេរ​មួយ​នៅ​ទីក្រុងហូជីមិញ ប្រទេស​វៀតណាម កា​ល​ពី​ឆ្នាំ ២០១៩។

ក្រុមហ៊ុន​អឺរ៉ុប​មួយ​ចំនួន​បាន​បង្កើន​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​ និន្នាការ​នេះ​​កើន​ឡើង​​ថែម​ទៀត​​នៅ​ក្រោយការ​ចូល​ជា​ធរមាន​នូវ​​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​សហភាព​អឺរ៉ុប​​​ដោយ​សារ​ក្រុម​ហ៊ុន​ទាំង​នេះ​ចង់​កាត់បន្ថយ​ការ​ពឹង​ពាក់​លើ​ចិន។

ក្រុម​ហ៊ុន Volvo មក​ពី​ប្រទេសស៊ុយ​អែត ក្រុម​ហ៊ុន Adidas មក​ពីប្រទេស​អាល្លឺម៉ង់ និង​ក្រុម​ហ៊ុន Zara មក​ពី​ប្រទេស​អេស្ប៉ាញ សុទ្ធ​តែ​ជា​ក្រុមហ៊ុន​អឺរ៉ុប​ដែល​បានបង្កើន​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ​ពួក​អ្នក​វិភាគ​រំពឹង​ថា​ និន្នាការ​នេះ​នឹង​មានខ្លាំង​ថែម​ទៀតនៅ​ក្រោយ​កិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​ជា​មួយ​សហភាព​អឺរ៉ុប​ដែល​រដ្ឋសភា​នៃ​ប្រទេស​វៀតណាមបាន​ផ្តល់​ការ​យល់​ព្រម​កាលពី​ដើម​ខែ​មិថុនា​ដែល​នឹង​ចូល​ជា​ធរមាននៅ​រដូវក្តៅ​នេះ​ ជាពិសេសដោយសារ​ក្រុម​ហ៊ុន​ទាំង​នេះ​ចង់​កាត់​បន្ថយ​ការ​ពឹង​ពាក់​លើ​ប្រទេស​ចិន​នៅ​ជិត​ខាង​វៀតណាម។​

វៀតណាមជា​ប្រទេស​មួយ​ក្នុងបណ្តាប្រទេស​ជាតិ​មួយ​ចំនួន​តូចដែល​ត្រូវ​គេទស្សន៍​ទាយ​ថា​នឹង​មាន​ការ​លូតលាស់​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ នៅ​ពេល​មានការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។ ​ភាគ​ច្រើន​នៃ​ការ​លូតលាស់​នេះ​ជា​លទ្ធផល​នៃ​វិនិយោគ​បរទេស​ដោយ​មាន​រួម​បញ្ចូលការ​បណ្តាក់​ទុន​ត្រូវ​សម្រួល​ដោយកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរី​រវាង​សហភាព​អឺរុប​និង​ប្រទេស​វៀតណាម​ហៅ​កាត់​ថា​ EVFTA។ រដ្ឋាភិបាលនៃភាគីទាំង​សង​ខាង​នេះបានហៅ​កិច្ចព្រម​ព្រៀង​នេះ​ថាជា​កិច្ច​ព្រម​ព្រៀង​«ជំនាន់ក្រោយ»​ ពីព្រោះ​វាមិន​គ្រាន់​តែ​បន្ថយ​តារាង​ពន្ធគយ​ប៉ុណ្ណោះទេ​ក៏​ប៉ុន្តែ​ក៏​មាន​ពាក្យពេចន៍​ឱ្យ​ក្រុម​ហ៊ុន​បរទេស​ទៅ​រក​ស៊ីនៅ​ប្រទេស​វៀតណាម​ធ្វើ​តាមស្តង់ដារ​ខាងពលកម្ម​ ខាង​បរិដ្ឋាន​និងខាង​សង្គម​ផង​ដែរ។​

លោក​ Sheng Lu ​ជា​សាស្ត្រាចារ្យ​នៅ​ឯដេប៉ាតឺ​ម៉់ង់ខាង​ការសិក្សា​អំពី​ម៉ូតនិង​សម្លៀក​បំពាក់​នៃ​សាកល​វិទ្យាល័យរដ្ឋ Delaware។ ​លោកបាននិយាយ​ថាកិច្ចព្រម​ព្រៀង​នេះនឹង​ផ្តល់អត្ថប្រយោជន៍​ឱ្យ​ដល់​ក្រុម​ហ៊ុនផលិត​វាយនភណ្ឌ​និងសម្លៀក​បំពាក់​នៅ​ក្នុង​ប្រទេស​ជាតិ​នេះ​នៃ​អាស៊ី​អាគ្នេយ៍ពី​ព្រោះមានការ​បន្ទាប​តារាងពន្ធគយ។

លោក​ Lu ​បាន​សរសេរ​នៅក្នុងបទវិភាគមួយ​អំពីកិច្ច​ព្រម​ព្រៀង​នេះ​ថា ​«កិច្ច​ព្រម​ព្រៀង EVFTA នឹង​ផ្តល់​ឱ្យ​ប្រទេស​វៀតណាម​នូវ​ស្ថានភាព​មួយដែលគ្រប់​គ្នា​មាន​ឱកាសស្មើ​គ្នា​ដោយ​យុត្តិធ៌ម​ក្នុង​ការ​ធ្វើឱ្យមាន​ជោគជ័យ​ដែល​គេ​រំពឹង​ថា​នឹង​មាន​ការបង្កើនការដឹកជញ្ជូនសម្លៀក​នៅបំពាក់​ពីប្រទេស​វៀតណាម​ទៅ​លក់​ក្នុង​សហភាព​អឺរ៉ុប​ហើយ​វៀតណាម​នឹង​ចំណេញដោយ​មានការចំណែក​បន្ថែម​ក្នុងផ្សារ​អឺរ៉ុប​ក្នុង​ឆ្នាំ​ខាង​មុខទៀត​ផងដែរ។​ នៅ​ពេល​ជា​មួយ​គ្នា​នេះ ដោយគ្មាន​សិទ្ធិសម្រាប់​អត្ថប្រយោជន៍​នៃការអធ្យាស្រ័យ​ខាង​ពន្ធគយ​របស់​សហភាព​អឺរុប ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​សម្លៀក​បំពាក់​ពី​ប្រទេស​ចិន​ទំនងជា​នឹង​ប្រឈម​នឹងការ​ប្រជែង​ខ្លាំង​ជាង​មុន​នៅ​ក្នុង​ផ្សារសហភាព​អឺរ៉ុបនៅ​ក្រោយ​ការ​អនុវត្តន៍​កិច្ច​ព្រមព្រៀង​ EVFTA‍»។

វិនិយោគ​បានជ្រាប​ចេញពី​ប្រទេស​ចិន​ដោយសារ​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ និង​សង្គ្រាម​ពាណិជ្ចកម្មរវាង​ស.រ.អា.​និង​ចិន ​ដោយក្រុម​ហ៊ុន​បរទេស​ឃើញ​ហានិភ័យនៃ​ការពឹង​ពាក់លើ​ប្រទេសជាតិ​តែ​មួយ​សម្រាប់បណ្តាញផ្គត់ផ្គង់របស់​ពួក​គេ។ នៅ​ពេល​ដែល​ពួកមន្ត្រីនិង​ពួកអ្នក​ពិគ្រោះយោបល់​នៅ​ក្នុង​ប្រទេស​វៀតណាម​យក​សហភាព​អឺរ៉ុប​ជាកន្លែង​សម្រាប់​ទទួល​វិនិយោគ​នោះ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​សហភាព​អឺរ៉ុបជាអត្ថ​ប្រយោជន៍​ក្នុង​បណ្តា​អត្ថ​ប្រយោជន៍​ដែល​ពួក​គេចង់​បាន។​

អ្នក​ស្រី​ Le Van Hanh ជា​អ្នក​ផ្តល់​ការ​ណែ​នាំដល់​ក្រុម​ហ៊ុនដែល​យកចិត្តទុក​ដាក់​នឹង​ផ្សារ​ក្នុង​ប្រទេស​វៀតណាម​តាម​រយៈ​ការងាររបស់​អ្នក​ស្រី​ជា​មួយការិយាល័យនៅ​ក្នុង​ប្រទេសវៀតណាមនៃសភា​ពាណិជ្ជកម្មអាល្លឺម៉ង់​នៅ​ក្រៅ​ប្រទេស​ហៅ AHK។​ អ្នក​ស្រី​បាន​និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នេះ​នឹង​លុបចោល​តារាង​ពន្ធគយ​៧០%​រវាង​ភាគី​ទាំង​ពីរ​ជា​បន្ទាន់​ហើយនឹង​បន្ថយតារាង​ពន្ធគយ​៩៩%​ក្នុង​ពេល​១០​ឆ្នាំ​ទៀត។​

អ្នក​ស្រី​ Le Van Hanh ​បាន​និយាយក្នុង​កម្មវិធី​ podcast ​របស់​ AHK ថា«ការណ៍​នេះ​អស្ចារ្យ​ណាស់ មែនទេ? ហើយ​ថែម​ពី​លើ​នេះ​ទៀត​ក៏​នឹង​មានការ​ប្តេជ្ញា​ដែរអំពី​សេវា ការផ្គត់​ផ្គង់សាធារណៈ របាំង​មិន​មែន​តារាង​ពន្ធគយ ពន្ធ​លើ​ទំនិញ​ដឹកចេញ​ទៅ​លក់​ឯ​ប្រទេស​ក្រៅ​និង​កញ្ចប់​នៃ​និយតកម្មល្អ​ផង​ដែរ‍»។

អ្នកស្រី​បាន​ពណ៌នា​អំពី​ក្រុម​ហ៊ុន​អាល្លឺម៉ង់​ពីរ​ដែល​អ្នក​ស្រី​បាន​ជួយ​លើក​ពី​ប្រទេស​ចិនទៅ​កាន់​ប្រទេស​វៀតណាម​ដោយ​មាន​រួម​បញ្ចូល​ក្រុម​ហ៊ុនផលិត​វាយនភណ្ឌ​មួយដែល​រង​ផល​ប៉ះពាល់ដោយសារ​តារាង​ពន្ធគយថ្មី​របស់​ស.រ.អា.​ចំនួន​២៥%។ អ្នក​ស្រី​ Le Van Hanh បាននិយាយ​ថា​ការ​លើក​ក្រុមហ៊ុនទៅ​វៀតណាមមាន​ប្រយោជន៍មិន​មែន​ដោយសារ​តែ​តារាង​ពន្ធ​គយ​ប៉ុណ្ណោះ​ទេ​ក៏​ប៉ុន្តែ​ពីព្រោះ​អ្នកផ្គត់​ផ្គង់​សម្ភារៈ​សម្រាប់​ការ​ផលិត​ទំនិញ​ក៏លើក​ក្រុមហ៊ុនពួក​គេទៅ​វៀតណាម​ដែរ។

លោក Bjorn Koslowski ដែលជាសហសេវិក​របស់អ្នក​ស្រី​ Le Van Hanh បាននិយាយថា​ជាការ​ងាយ​ស្រួលសម្រាប់​ក្រុមហ៊ុនអឺរ៉ុប​លើក​ពីប្រទេស​ចិន​ទៅ​ប្រទេស​វៀតណាម​ពី​ព្រោះប្រទេស​ជាតិ​ទាំង​ពីរ​នេះមានលក្ខណៈ​មួយ​ចំនួនដូច​គ្នា​ ដូច​ជា​ទស្សនៈ​វិជ្ជាខុងជឺ ​មាន​ជំនឿ​លើ​ការ​ឧស្សាហ៍​ធ្វើ​ការងារ ការ​ប្រឹង​ប្រែងក្នុង​ការ​រក​ស៊ី និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀនសូត្រ។

លោក Bjorn Koslowski ​បាន​និយាយ​ថា៖ «ក្រុម​ហ៊ុន​ជា​ច្រើន​ដែល​បណ្តាក់​ទុន​នៅ​ទី​នេះ​ឬ​រក​ស៊ី​ក្នុង​ប្រទេស​វៀតណាម មានការទុក​ចិត្តលើ​គុណភាពនៃ​ធនធាន​មនុស្ស​របស់ប្រទេស​នេះ។ ​វៀតណាមស្រដៀង​គ្នា​ច្រើន​ជា​មួយ​ប្រទេសចិនខាង​វប្បធម៌​ហើយក្រុម​ហ៊ុន​ជា​ច្រើនបាន​ធ្លាប់​ធ្វើការជា​មួយ​ប្រទេស​ចិនរួច​ស្រេច​ហើយ។

បើ​តាមទិន្នន័យប្រមូល​ដោយក្រុមហ៊ុន​ស្រាវ​ជ្រាវ Rhodium Group បញ្ជាក់​ថា វិនិយោគ​ដោយ​ផ្ទាល់​របស់​អឺរ៉ុប​ក្នុង​ប្រទេស​ចិនបាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​កាល​ពី​ឆ្នាំ២០១២​ ហើយ​បាន​ចុះ​ថយ​ចាប់​តាំង​ពី​ពេលនោះ​មក។​ ចំណែក​ឯ​ការបណ្តាក់​ទុនក្នុង​ប្រទេស​វៀតណាម​វិញបាន​កើន​ឡើង​តទៅ​ទៀត។ ជា​ឧទាហរណ៍ ការបណ្តាក់​ទុនដោយផ្ទាល់​ពីអឺរ៉ុប​បាន​កើន​ឡើង​២៧%​ពី​ឆ្នាំ២០១៨​ដល់​ឆ្នាំ​២០១៩​ នេះ​បើ​តាមការប្រាប់​ឱ្យ​ដឹង​ដោយក្រសួង​ផែនការ​និង​វិនិយោគ​នៃ​ប្រទេស​វៀតណាម។​

មនុស្ស​ខ្លះ​ក្នុង​ប្រទេស​ចិន​បាន​បដិសេធ​ការ​ទស្សន៍​ទាយ​ថា ចិន​នឹង​មានការ​ខាត​បង់​ដោយសារ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មរបស់ប្រទេសវៀតណាម​ជា​មួយសហភាពអឺរ៉ុប។ លោក Xu Liping ជា​នាយក​មជ្ឈមណ្ឌលខាង​ការ​សិក្សា​អំពី​អាស៊ី​អគ្នេយ៍​នៃ​បណ្ឌិត​សភាវិទ្យាសាស្ត្រ​សង្គម​នៃ​ប្រទេស​ចិន។ លោក​បាន​និយាយថាប្រទេស​វៀតណាម​មិន​មាន​ទំហំ​ធំ​គ្រប់​គ្រាន់​ដើម្បី​យក​ឈ្នះ​ប្រទេស​ចិន​ទេ​ ហើយ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​នេះ​មិនគ្រប់​គ្រាន់​ល្ម​មសម្រាប់ឱ្យ​ក្រុម​ហ៊ុននៃសហភាព​អឺរ៉ុប​«កាត់​ផ្តាច់​ការ​ទាក់ទង»​ពី​ប្រទេស​ចិន​បាន​ទេ។

លោក Xu បានសរសេរក្នុង​កាសែត​ Global times ​ដែល​ជា​សារព័ត៌មាន​នៃគណបក្ស​កុម្មុយនិស្ត​ចិន​ថា «ទាំងទ្រឹស្តី​អំពី​ ការតាមទាន់​ ទាំង​ទ្រឹស្តី​អំពី​ ការកាត់ផ្តាច់​ការ​ទាក់ទង ​បាន​កើន​ឡើង​ច្រើនកាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​ប្រទេស​ចិន​មាន​ទាក់​ទិនដោយ​មិនសកម្ម»។ ក៏​ប៉ុន្តែ​លោក​បាន​ហៅទ្រឹស្តី​ទាំង​ពីរ​នេះ​ថា​ជា ​«​ការ​ប៉ង​ប្រាថ្នាដោយ​ស្រមើ​ស្រមៃ‍»៕

ប្រែ​សម្រួល​ដោយ​ លោក ឈឹម សុមេធ

XS
SM
MD
LG