ភាពចម្រូងចម្រាសធំៗរវាងភាគីជាតិនិងអន្តរជាតិនៃសាលាក្តីខ្មែរក្រហម គឺទាក់ទងនឹងសំណុំរឿង០០៣ និង០០៤។
សហភាពអឺរ៉ុបគឺជាម្ចាស់ជំនួយធំមួយក្នុងចំណោមម្ចាស់ជំនួយធំៗរបស់សាលាក្តីខ្មែរក្រហម ហើយការផ្តល់ជំនួយចុងក្រោយនេះធ្វើឲ្យជំនួយហិរញ្ញវត្ថុដែលសហភាពអឺរ៉ុបបានផ្តល់ដល់សាលាក្តីនេះមានចំនួនសរុប២២លាន៧សែនអឺរ៉ូគឺជាង២៦លានដុល្លារចាប់តាំងពីសាលាក្តីខ្មែរក្រហមចាប់បដិសន្ធិនៅឆ្នាំ២០០៦។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ មន្ត្រីជាន់ខ្ពស់របស់សាលាក្តីខ្មែរក្រហមបានថ្លែងអំណរគុណសហភាពអឺរ៉ុបចំពោះការបន្តផ្តល់ជំនួយនេះ។ សេចក្តីប្រកាសព័ត៌មាននេះសង្កត់ធ្ងន់ថា ការគាំទ្រផ្នែកហិរញ្ញវត្ថុនេះនឹងរួមចំណែកបន្តនិរន្តរភាពកិច្ចការរបស់សាលាក្តីដើម្បីរកយុត្តិធម៌ចំពោះអំពើឃោរឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
គិតត្រឹមចុងឆ្នាំ២០១៧កន្លងទៅ សាលាក្តីខ្មែរក្រហមបានចំណាយថវិកាអស់ជាង៣រយលានដុល្លារអាមេរិកសំរាប់ដំណើរការកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម។ រហូតមកដល់ពេលនេះមានតែមេគុកទួលស្លែងគឺកាំង ហ្គេកអ៊ាវ ហៅឌុចម្នាក់ប៉ុណ្ណោះដែលសាលាក្តីនេះបានកាត់ទោសចប់ចុងចប់ដើមឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់ប្រទេសកម្ពុជាចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ជាពិសេសសហភាពអឺរ៉ុបជាទីផ្សារដ៏ធំសម្រាប់ផលិតផលរោងចក្រកាត់ដេរនៅកម្ពុជា ដោយមានការអនុគ្រោះពន្ធ។ ប៉ុន្តែវិបត្តិនយោបាយនិងវិបត្តិសិទ្ធិមនុស្សបានធ្វើឲ្យសហភាពអឺរ៉ុបសម្រេចរឹតបន្តឹងទីផ្សាររបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា។
សហភាពអឺរ៉ុបមានតំណាងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចំនួន១៣៩ ដោយលើកកម្ពស់គុណតម្លៃ និងផលប្រយោជន៍សហភាពអឺរ៉ុប ក្នុងនោះរួមមាន ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕