ទីភ្នាក់ងារព័ត៌មានAPបានរាយការណ៍ពីទីក្រុងប៊ែឡាំងមកថា កូនភ្លោះបួននាក់ ដែលបានកើតមុនកាលកំណត់មួយខែមុនពីស្តី្រមានវ័យ៦៥ឆ្នាំ ក្នុងប្រទេសអាល្លឺម៉ង់នោះ មានសុខភាពល្អ ហើយបានឡើងទម្ងន់។ ក៏ប៉ុន្តែពួកវាកំពុងស្ថិតក្នុងការជួយសង្គ្រោះតាមរយៈការប្រើប្រាស់ប្រដាប់ដកដង្ហើមនៅឡើយ។
មន្ទីរពេទ្យ Charite ក្រុងប៊ែឡាំងបានបញ្ជាក់នៅថ្ងៃពុធនេះថា កូនភ្លោះបួននាក់ នោះ មានស្រីម្នាក់ឈ្មោះ នីតា(Neeta) និងប្រុស៣នាក់ឈ្មោះ ដ្រាយ (Dries), ប៊េនស៍(Bence) និង ចូន (Fjonn)។ ពួកគេបានកើនទម្ងន់៣០ទៅ៥០ភាគរយ តាំងពីថ្ងៃកំណើត បន្ទាប់ពីពួកគេបានកើតនៅក្នុងបន្ទប់សម្រាលកូនកាលពី ថ្ងៃទី១៩ឧសភា។
មន្ទីរពេទ្យបាននិយាយថា មានទារកម្នាក់ដែលបានដោះប្រដាប់ជំនួយដង្ហើម ចេញ តែទារកដ៏ទៃនៅប្រើនៅឡើយដើម្បីជួយដល់ការដកដង្ហើម។
នាង អាណឺហ្គ្រេត រោនីក (Annegret Raunigk) ត្រូវគេជឿថា ជាស្ត្រីចំណាស់ជាងគេដែលសម្រាលបានកូនភ្លោះបួននាក់៕